ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញ​ចូលរួម កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៥ នៅ​ទីក្រុង​ហាណូយ

140
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន អាស៊ាន​លើក​ទី​២៥ និង​កិច្ចប្រជុំ​ដៃគូ​ពាក់​ព័​ន្ធ៏​( The 25th ASEAN Transport Ministers’ Meeting) នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​ពិធី​បើក​ត្រូវបាន​ប្រារព្វ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក Trinh Dinh Dung ឧបនាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដោយមាន​ការចូលរួម​ពី រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន និង​ដៃគូ​សន្ទនា​ពាក់ព័ន្ធ​។​
​កិច្ចប្រជុំ​នេះ បាន​ប្រារព្ធ​ធ្វើ​ពីថ្ងៃ​ទី​១៤​និង​១៥​ខែវិច្ឆិកា ឆ្នាំ​២០១៩​ដោយមាន​ការចូលរួម​ពី​គណៈប្រតិភូ​ប្រមាណ​ជាង​២៥០​រូប​ដើម្បី​ស្ថាបនា​ប្រព័ន្ធ​គមនាគមន៍​ប្រកបដោយ​ចីរភាព សុវត្ថិភាព ប្រសិទ្ធភាព និង​ការតភ្ជាប់​បណ្តាញ​។​

​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលបី​រសៀល​ថ្ងៃទី​១៤​ខែវិច្ឆិកា បានឱ្យដឹងថា​បន្ទាប់ពី​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​២៥ និង​កិច្ចប្រជុំ​ដៃគូ​ពាក់ព័ន្ធ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំពេញអង្គ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន លើក​ទី​២៥ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​លោក Nguyen Van The រដ្ឋមន្ត្រី​ដឹកជញ្ជូន​វៀតណាម ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​និង​លោក Dato Abdul Mutalib Yusof រដ្ឋមន្ត្រី​ដឹកជញ្ជូន​និង​ទូរគមនាគមន៍​ប្រ៊ុយណេ ជា​អនុប្រធាន​ដឹកនាំ​កិច្ចប្រជុំ​។​
​កិច្ចប្រជុំ​ផ្តោត​សំខាន់​ការពិភាក្សា​លើ​៖ ១.​ការពង្រឹង​ទីផ្សារ​អាកាសចរណ៍​អាស៊ាន​តែមួយ​,២. ការពង្រឹង​ការដឹក​ជ​ញ្ចូ​ន​ពហុ​រូបភាព​អាស៊ាន សម្រាប់​អ្នកដំណើរ និង​ទំនិញ​ឆ្លងកាត់​ព្រំដែន , ៣. ការពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​អាស៊ាន​, ៤. ជំរុញ​ការតភ្ជាប់​និង​សមាហរណកម្ម​ការដឹក​ជ​ញ្ចូ​ន​តាមផ្លូវ​សមុទ្រ​, និង​៥. ការពង្រឹង​ភាពជា​ដៃគូ​ដឹកជញ្ជូន​ជាមួយ​ដៃគូ​សន្ទនា​, និង​បញ្ហា​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​

​លោក​រដ្ឋមន្ត្រី​បាន​ពិភាក្សា និង​អនុម័ត​លើ​ឯកសារ​សំខាន់ៗ​ដូចខាងក្រោម​៖​គម្រោង​អាទិភាព​សម្រាប់​ឆ្នាំ​២០២០,​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​១១ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម (​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​រដ្ឋ​ជា​សមាជិក​អាស៊ាន​),​ពិធីសារ​អនុវត្ត​ទី​១​ស្តីពី​ឧបករណ៍​បណ្តុះបណ្តាល​សាកល្បង​ការហោះហើរ​ក្រោម​កិច្ចព្រមព្រៀង​ក្រប ខណ្ឌ​អាស៊ាន ស្តីពី​ការទទួលស្គាល់​ទៅវិញទៅមក​វិ​ញ្ញាប​ន​ប័ត្រ​ពហុ​និ​កា​,​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​ការដឹកជញ្ជូន​ពហុ​រូបភាព និង​ផែនការ​សកម្មភាព​តំបន់ នៃ​កិច្ចព្រមព្រៀង​, និង​,​សេចក្តីថ្លែងការណ៍ ស្តីពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​ការដឹកជញ្ជូន​ពហុ​រូបភាព​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​និង​យោបល់​លើ​វិធី​ឆ្ពោះទៅមុខ ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ដឹក​ជញ្ជូន​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​ជាមួយ​ដៃគូ​សន្ទនា​៕