ទោះជា​មិន​ឥតខ្ចោះ​តែ​ជោគជ័យ មហា​ធៀ​វិល​មកកាន់​អំណាច​វិញ​

3675
ចែករម្លែក
  • 87
    Shares

ក្នុង​វ័យ​៩២​ឆ្នាំ អតីតជន​ខ្លាំង​ម៉ាឡេស៊ី​លោក​បណ្ឌិត​មហា​ធៀ ម៉ូ​ហា​ម៉ា​ត ជិត​ក្លាយជា​នាយករដ្ឋមន្ត្រី​វ័យ​ចំណាស់​បំផុត​ក្នុង​លោក បន្ទាប់ពី​ដណ្តើមបាន​ជោគជ័យ​ទាំង​ស្រឡាំងកាំង​លើ​គូប្រជែង​ដែល​រុំ​ព័ទ្ធ​ដោយ​រឿងអាស្រូវ​ពុករលួយ ណា​ជីប រ៉ា​ហ្សា​ក់​។​

​ក្នុង​ជ័យជម្នះ​មួយ​ដែល​បានធ្វើអោយ​ក្រឡាប់ចាក់​ឧត្តមភាព​អំណាច​របស់​ក្រុមចំរុះ​គ្រប់គ្រង​អំណាច​ជាង​កន្លះ​សតវត្សរ៍ មហា​ធៀ ធានាបាន​ការគាំទ្រ​ពី​សាធារណជន​ជាថ្មី​នៅក្នុង​អាជីព​នយោបាយ​អំពិលអំពែក​របស់លោក​។​

​អតីត​វេជ្ជបណ្ឌិត​រូបនេះ​បាន​ចូលក្នុង​នយោបាយ​នៅ​ឆ្នាំ​១៩៦៤ និង​បាន​គ្រប់គ្រង​ដឹកនាំ​ម៉ាឡេស៊ី​អស់​២២​ឆ្នាំ ជាមួយនឹង​ការចោទប្រកាន់ថា​រំលោភសិទ្ធិ​មនុស្ស​ក្នុងអំឡុងពេល​លោក​កាន់អំណាច ដែល​បានប្រែក្លាយ​ម៉ាឡេស៊ី​ពី​ប្រទេស​អន់ថយ​នៅ​អាស៊ីអាគ្នេយ៍​មកជា​ប្រទេស​សំបូរ​ទ្រព្យធន​មួយ​។​

​ការវិល​មកកាន់​ជួរមុខ​នយោបាយ​របស់​លោក បានចាប់ផ្តើម​នៅពេល​លោក​មាន​ជម្លោះ​ជាមួយ​ជន​ធ្លាប់​នៅក្រោម​ការ​ទំនុកបំរុង​របស់លោក គឺ​នាយករដ្ឋមន្ត្រី​ណា​ជីប​ដោយសារតែ​ការចោទប្រកាន់ថា ប្រាក់​សន្ធឹកសន្ធាប់​ត្រូវបាន​លួច​ចេញពី​មូលនិធិ​វិនិយោគ​រដ្ឋ​1MDB​។​

​នៅក្នុង​ការផ្លាស់ប្តូរ​មួយ​ដែល​គ្មាន​នរណា​គិតដល់​កាលពី​ប៉ុន្មាន​ឆ្នាំមុន លោក​មហា​ធៀ បាន​ចាប់ដៃ​ជាមួយ​បណ្តា​ភាគី​ដែល​លោក​គាបសង្កត់​កាលពី​លោក​នៅ​កាន់អំណាច​ដើម្បី​ធ្វើយ៉ាងណា​យកឈ្នះ​លើ​គណបក្ស​មួយ​ដែល​លោក​ធ្លាប់​ដឹកនាំ​។​

​វា​ជាការ​លេងល្បែង​មួយ​សំរាប់​ក្រុមចម្រុះ​ប្រឆាំង​ដែល​ហៅ​ខ្លួនឯង​ថា​”​ការព្រមព្រៀង​នៃ​ក្តីសង្ឃឹម​-Pact of Hope”​ដើម្បី​ចូលរួម​កម្លាំង​ជាមួយ​មហា​ធៀ ដែល​ត្រូវបាន​គេ​ចាត់ទុកជា​មេដឹកនាំ​បង្ក​ការបែកបាក់​ម្នាក់​នៅក្នុង​ប្រទេស​។​

​លោក​ត្រូវបាន​អ្នកខ្លះ​ចាំ​ទុក​ថា​ជា​ជើងឯក​ម្នាក់​របស់​ក្រុម​ភាគច្រើន​អ៊ីស្លាម​ម៉ា​ឡេ និង​ជា​បិតា​នៃ​ម៉ាឡេស៊ី​សម័យ​ទំនើប ដោយសារតែ​គោលនយោបាយ​ដែល​ជួយ​អោយ​ប្រទេស​រីកចំរើន​។​តែ​លោក​ក៏ត្រូវ​បាន​រិះគន់​ចំពោះ​ការមិន​គោរព​សិទ្ធិមនុស្ស ធ្វើអោយ​ខូច​ប្រព័ន្ធយុត្តិធម៌ ដាក់គុក​ជន​ប្រឆាំង​នយោបាយ​និង​ជំរុញ​គោលនយោបាយ​
​ដែល​បង្ក​ការបែកបាក់​ជាតិ​សាសន៍​នៅក្នុង​ប្រទេស​ដែលមាន​ពហុ​ជាតិ​សាសន៍​។​

​លោក​ក៏​ល្បី​ខាង​និយាយ​វាយប្រហារ​គូសត្រូវ​និង​អ្វីដែល​លោក​យល់ឃើញថា​ជា អាណានិគមនិយម​បែប​ថ្មី​របស់លោក​ខាងលិច​ហើយ​ក្នុង​សម្តី​វាយប្រហារ​មួយ លោក​ពណ៌នា​ពួក​អឺរ៉ុប​ថា លោភលន់ និយម​សង្គ្រាម និង​ចូលចិត្ត​សិច​។​

​អំពើ​របស់លោក​នាំអោយ​មូលដ្ឋាន​គាំទ្រ​របស់​ជន​ម៉ា​ឡេ​ដ៏​សំខាន់​របស់​ក្រុមចំរុះ​កាន់អំណាច Barisan Nasional​ធ្លាក់ចុះ ហើយ​ជួយ​ទ្រោល​ការគាំទ្រ​របស់​សម្ពន្ធភាព​ក្រុមប្រឆាំង​នៅតាម​តំបន់​ទីក្រុង​និង​ក្នុងចំណោម​ក្រុម​ជនជាតិភាគតិច ជាពិសេស​ជនជាតិ​ចិន​ដែល​ផ្សំ​បាន​១​ភាគ​៤​នៃ​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​។​

​ក្នុងអំឡុង​ពេលធ្វើ​យុទ្ធនាការ លោក​បាន​ចុះទៅ​ពាសពេញ​ប្រទេស​យ៉ាង​ស្វាហាប់ វាយប្រហារ​លោក​ណា​ជីប អំពី​ការគ្រប់គ្រង​សេដ្ឋកិច្ច​ខុស និង​រឿងអាស្រូវ​ហិរញ្ញវត្ថុ​1MDB ។​សូមបញ្ជាក់ថា មហា​ធៀ ត្រូវបាន​បង្ខំ​អោយ​ចាក​ចេញពី​ជីវិត​ចូលនិវត្តន៍​នយោបាយ​ដោយសារតែ​ការចោទប្រកាន់​រឿង​បាត់​លុយ​សន្ធឹកសន្ធាប់​ក្នុង​មូលនិធិ​1MDB ដែល​លោក​ណា​ជីប​បង្កើត​និង​គ្រប់គ្រង​។​

​លោក​បាន​និយាយថា​” កំហុស​ធំ​បំផុត​ដែល​ខ្ញុំ​បានធ្វើ​នៅក្នុង​ជីវិត​របស់ខ្ញុំ​គឺ​ជ្រើសរើស​លោក​ណា​ជីប​។​ខ្ញុំ​ចង់​កែ​កំហុស​នេះ​”​។​

​ទិដ្ឋភាព​គួរអោយ​ចាប់អារម្មណ៍​មួយទៀត​នៃ​ការវិល​ចូល​នយោបាយ​វិញ​របស់​មហា​ធៀ គឺ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ អតីត​ប​ច្ចា​មិត្រ​របស់លោក​គឺ អតីត​អនុប្រធាន​របស់លោក គឺ​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម​។​

​តាមពិត​អាន់​វ៉ា ជា​បុគ្គល​ប្រុង​ឡើង​ស្នង​ពី​មហា​ធៀ រហូតដល់​ពេល​លោក​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​នៅ​ឆ្នាំ​១៩៩៨ ដោយសារតែ​ការខ្វែងគំនិត​គ្នា​ខាង​នយោបាយ និង​លោក​អាន់​វ៉ា​ក្រោយមក​ត្រូវបាន​កាត់ទោស​ដាក់គុក​ចំពោះ​ការចោទប្រកាន់​ស្រឡាញ់​ប្រុស​ដូចគ្នា​និង​រំលោភ​អំណាច​។​ការដាក់ទោស​លោក​ត្រូវបាន​បណ្តា​អង្គការសិទ្ធិមនុស្ស​និង​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ជាទូទៅ ដោយ​ចាត់ទុក​វា​ថា​ជាការ​កាត់ទោស​មាន​ហេតុផល​នយោបាយ​។​

​ក្រោយ​ត្រូវបាន​ដោះលែង​ចេញពី​គុក អាន់​វ៉ា​បាន​ដឹកនាំ​ក្រុមប្រឆាំង​និង​ដណ្តើមបាន​សម្លេងគាំទ្រ​យ៉ាងខ្លាំង​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៣ តែ​ត្រូវបាន​ដាក់គុក​ជាថ្មី​នៅ​ឆ្នាំ​២០១៥​ក្រោម​រដ្ឋាភិបាល​របស់​លោក​ណា​ជីប​។​

​មហា​ធៀ បាន​ប្តេជ្ញា ប្រគល់​អំណាច​ជូន អាន់​វ៉ា នៅពេល​លោក​ត្រូវបាន​គេ​ដោះលែង​ចេញពី​គុក ប្រហែលជា​នៅ​ខែក្រោយ​៕​ប្រែ​សម្រួល​ដោយ​៖​វាសនា​

មហាធៀ ម៉ូហាម៉ាត(ស្តាំ)និងនាយករដ្ឋមន្រ្តីជិតចេញពីតំណែង ណាជីប រ៉ាហ្សាក់