ទោះជា​អាមេរិក​បង្ក្រាប ក៏​Huawei​នាំចេញ​ជាង​២០០​លាន​គ្រឿង​នៅ​ឆ្នាំ​២០១៨

589
ចែករម្លែក

​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​ទូរគមនាគមន៍​ធំ​បំផុត​របស់​ពិភពលោក បាន​នាំចេញ​ស្មា​ត​ហ្វូ​ន​(​ទូរស័ព្ទ​ឆ្លាត​)​ច្រើនជាង​ពេលណាៗ​ទាំងអស់ ដោយ​ក្រុមហ៊ុន​បានប្រកាស​កាលពី​​ថ្ងៃអាទិត្យ​ទី​២៣​ធ្នូ​ថា ខ្លួន​បាន​នាំចេញ​ស្មា​ត​ហ្វូ​ន​ជាង​២០០​លាន​គ្រឿង​នៅ​ឆ្នាំនេះ ទោះជា​រដ្ឋការ​របស់លោក​ត្រាំ​បង្ក្រាប​និង​រដ្ឋាភិបាល​ជាតិ​ដទៃទៀត​កាន់តែ​ធ្វើការ​ត្រួត​​ពិនិត្យ​តឹងតែង​ខ្លាំង​ឡើង​លើក​ផលិតផល​របស់ខ្លួន​ក្តី​។​

​ហួរ​វេ​(Huawei) ដែលជា​ក្រុមហ៊ុន​ឯកជន​ធំ​បំផុត​របស់​ចិន និង​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ធំ​បំផុត​ទី​២​ក្នុង​លោក​បាន​និយាយថា​ការនាំចេញ​ទូរស័ព្ទ​របស់ខ្លួន​បាន​កើន​ជាង​៣០​ភាគរយ​ពី​តួលេខ​កាលពី​ឆ្នាំមុន​។​ក្រុមហ៊ុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​«​នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក Huawei​បានធ្វើ​ដំណើរ​ចេញពី​អ្វីដែល​​គេ​មិន​ចាប់អារម្មណ៍​មកកាន់​អ្នកដើរតួ​សំខាន់​លំដាប់​កំពូល​៣​លើ​គេ​នៅក្នុង​ពិភពលោក​»​។​

​មុននេះ​ក្នុង​ឆ្នាំ​២០១៨ Huawei​បាន​វ៉ា​ហួស​ក្រុមហ៊ុន​Apple​ខាង​នាំចេញ​ស្មា​ត​ហ្វូ​ន​បាន​ច្រើនជាង និង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​បន្ទាប់ពី​Samsung​។​

​សូមបញ្ជាក់ថា សម្ពន្ធមិត្ត​អាមេរិក​ជាច្រើន​បាន​ធ្វើតាម​រដ្ឋការ​រប​ស់​ត្រាំ ដោយ​ហាម​ប្រើ​គ្រឿង​ឧបករណ៍​របស់​Huawei ដោយ​សំអាងថា បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ចិន​នេះ​​អាច​ប្រើ​ដើម្បី​ផ្តល់ព័ត៌មាន​ដល់​ផ្នែក​ស៊ើបការណ៍​ចិន​ក្នុង​បំណង​យកការណ៍ ឬ​រំខាន​រដ្ឋាភិបាល​បរទេស ទីភ្នាក់ងារ​យោធា​និង​ក្រុមហ៊ុន​សារ​ជីវ​កម្ម​។​

​ទោះជា​យ៉ាងណា​Huawei បាន​បដិសេធ​ការលើកឡើង​ខាងលើ​និង​បាន​និយាយថា​ខ្លួន​នឹង​ផ្តោតលើ​សន្តិសុខ​អ៊ិន​ធឺ​ណិ​ត​ដោយ​បន្ថែម​មនុស្ស​និង​ធ្វើ​បច្ចុប្បន្នភាព​កន្លែង​​ពិសោធន៍​ក្នុងពេល​ខ្លួន​ព្យាយាម​ដោះស្រាយ​ការព្រួយបារម្ភ​អំពី​ឧបករណ៍​បណ្តាញ​របស់​ខ្លួន​។​Huawei​បាន​ចំណាយ​២,៧​ពាន​លាន​ដុល្លារ​លើ​ការងារ​សន្តិសុខ​អ៊ិន​ធឺ​ណិ​ត​​នេះ​៕ដោយ៖វាសនា

Huawei​បាន​និយាយថា​ការនាំចេញ​ច្រើន​បំផុត​មិន​ធ្លាប់មាន​ពីមុន​នេះ ភាគច្រើន​ជំរុញ​ដោយ​តំរូវការ​ទូរស័ព្ទ​ស៊េរី​P20, Honor 10 និង Mate 20