ទោះជា​អ៊ីរ៉ង់​បដិសេធ ត្រាំ​នៅតែ​និយាយ​ថា​អ៊ីរ៉ង់​វាយប្រហារ​នាវា​ដឹក​ប្រេង​នៅ​ឈូង​សមុទ្រ​អូ​ម៉ង់​

536
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក​លោក លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ​ទី​១៤​មិថុនា​បាន​ច្រាន​ចោល​ការអះអាង​របស់​អ៊ីរ៉ង់​ដែលថា​ខ្លួន​មិន​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​​ប្រហារ​ទៅលើ​នាវា​ដឹក​ប្រេង​២​គ្រឿង នៅ​ឈូង​សមុទ្រ​អូ​ម៉ង់​កាល​ពី​មួយ​ថ្ងៃ​មុននោះ​ទេ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​លើកឡើង​នូវ​រូបភាព​ក្នុង​វីដេអូ​មួយ ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយ​ថា​បង្ហាញ​កងកម្លាំង​អ៊ីរ៉ង់​នៅលើ​ទូក​តូច​មួយ​ដែល​ដក​យក​ចេញ​គ្រាប់​​មីន​មិនទាន់​ផ្ទុះ​ចេញ​ពី​ផ្នែក​ខាងក្រោម​នៃ​នាវា​មួយ​ក្នុងចំណោម​នាវា​ទាំងនោះ​។​

​ទោះជា​យ៉ាងណា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​Antonio Guterres បាន​និយាយថា ” ការពិត​គឺ​ចំ​បាំច់​ត្រូវតែ​រក​ឱ្យ​ឃើញ​តាមរយៈ​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​​មួយ​»​។​

​រុស្ស៊ី​បាន​ព្រមាន​ប្រឆាំងនឹង​”​ការសន្និដ្ឋាន​យ៉ាង​ឆាប់រហ័ស​ពេក​” ។​

​ការផ្ទុះ​ទាំងនេះ​បាន​កើតឡើង​មួយខែ​បន្ទាប់​ពី​នាវា​ដឹក​ប្រេង​៤​គ្រឿង​ត្រូវ​បាន​រង​ការខូចខាត​នៅក្នុង​ការវាយប្រហារ​មួយ​នៅ​ឯនាយសមុទ្រ​នៃ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។​ សហរដ្ឋអាមេរិក បាន​បន្ទោស​អ៊ីរ៉ង់​ចំពោះ​ការវាយប្រហារ​នោះ ប៉ុន្តែ​មិន​បាន​បង្ហាញ​ភស្តុតាង​នោះ​ទេ​។ អ៊ីរ៉ង់​ក៏​បាន​បដិសេធ​ការចោទប្រកាន់​ទាំងនោះ​ដែរ​។​

​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ចាប់តាំងពី ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ឡើងកាន់​តំណែង​កាលពី​ឆ្នាំ​២០១៧​។ ​លោក​បាន​បោះបង់ចោល​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មួយ​ជាមួយ​អ៊ីរ៉ង់​ដែល​ត្រូវបាន​សម្របសម្រួល​ដោយ​រដ្ឋបាល​របស់​លោក បា​រ៉ាក់ អូ​បា​ម៉ា ហើយ បាន​រឹតបន្តឹង​ការដាក់​​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​៕​ប្រែ​សម្រួល​៖​សុខា​

ត្រាំ​និង​រដ្ឋមន្ត្រី​ការបរទេស​របស់លោក បន្ទោស​អ៊ីរ៉ង់​ចំពោះ​ការ​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង