ទោះបីជា​ការបោះឆ្នោត​អសកល តែ​ក៏​ជា​ប្រជាធិបតេយ្យ ដែល​ត្រូវធ្វើ​ដោយ​សម្ងាត់ សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែរ !

326
ចែករម្លែក

ភ្នំពេញ​៖​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ នីតិកាល​ទី​៣ នឹងធ្វើ​ឡើង នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩​។ ការបោះឆ្នោត​នេះ ជាការ​បោះឆ្នោត អសកល ដែល​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​តំណែង​ប៉ុណ្ណោះ​ជា​អ្នក បោះឆ្នោត​។​

​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ គ​.​ជ​.​ប បានប្រកាសថា សម្រាប់​ការ បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ គណបក្សនយោបាយ​នីមួយៗ មាន​សិទ្ធិ​ធ្វើ សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត រយៈពេល ៨ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧-២៤ ខែឧសភា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ៦ ព្រឹក ដល់​ម៉ោង ១០​យប់​។​
​ ​
​តាម គ​.​ជ​.​ប ការឃោសនា ដោយ​ឧបករណ៍​បំពង​សំឡេង ត្រូវ​ហាមឃាត់ នៅ​ចន្លោះ ពី​ម៉ោង ១២ ថ្ងៃត្រង់ ដល់​ម៉ោង ២ រសៀល ហាមឃាត់​នៅក្បែរ​មន្ទីរពេទ្យ និង​ហាម ឃាត់ នៅក្បែរ​សាលារៀន ឬ​គ្រឹះស្ថានសិក្សា​នានា ក្នុងពេល​ម៉ោង​សិស្ស​កំពុង​សិក្សា​។ គ្រប់​សកម្មភាព​ឃោសនាបោះឆ្នោត ត្រូវ​បញ្ចប់ ២៤​ម៉ោង មុន​ថ្ងៃ​បោះឆ្នោត​។ ចំពោះ ការរៀបចំ​ក្បួន​ព្យុះ​ហយា​ត្រា ឬ​ក្បួន​ដំណើរ​ដោយ​ក្រុម​ថ្មើរជើង ឬ​ដោយ​យាន ជំនិះ គ្រប់​ប្រភេទ នៅក្នុង​មណ្ឌល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នីមួយៗ ត្រូវ​កំណត់ ២ ដង ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត រយៈពេល ៨​ថ្ងៃនេះ​។​

​គ​.​ជ​.​ប បាន​កត់សម្គាល់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា គឺជា​ការបោះឆ្នោត អសកល ដែល​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​មុខតំណែង​ជា​អ្នកបោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ខណ្ឌ​ក្រុម ប្រឹក្សា​ស្រុក​។

​គ​.​ជ​.​ប បានប្រកាសថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ នេះ មាន​គណបក្សនយោបាយ ចំនួន ៧ ចូលរួម​ប្រកួតប្រជែង​គ្នា​។ ចំនួន​សមាជិក ក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សា​ខេត្ត មាន​ចំនួន ៥៥៩​រូប និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ មាន​ចំនួន ៣៥៥៥ រូប​។ រីឯ​អ្នកបោះឆ្នោត​ដែលជា សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​មុខតំណែង មាន​ចំនួន ១១.៥៧២ រូប​។
​ ​
គណបក្សនយោបាយ​ទាំង ៧ គណបក្ស ដែល​បាន​ចុះឈ្មោះ​ដាក់​បេក្ខជន​ចូលរួម ប្រកួតប្រជែង រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា​គណ​កប្ស ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​។​
​ ​
ដោយឡែក លទ្ធផល​បោះឆ្នោត​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ កាលពី​ឆ្នាំ​២០១៧ បង្ហាញថា មាន​គណបក្ស ចំនួន ៧ បាន​ជាប់ឆ្នោត ក្នុងចំណោម​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ សរុប ១១.៥៧២ នាក់ (​ស្រី ១.៩៣៩​នាក់​)​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦.៥០៣ នាក់​។ គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥.០០៧ នាក់​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ២៨​នាក់​។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៤​នាក់​។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ២៤​នាក់​។ គណបក្ស​សំបុក​ឃ្មុំ ១​នាក់ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​៥​នាក់​។​
​ ​
យ៉ាងណាក៏ដោយ នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​សម្រេច រំលាយចោល នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ គឺ​អាសនៈ​ឃុំ​សង្កាត់​ទាំង ៥.០០៧ នាក់ ត្រូវបាន​បែងចែក​ទៅ​គណបក្ស​ផ្សេង ហើយ​ក្នុងនោះ ស្ទើរតែ​ទាំងអស់​បាន​ទៅលើ គណបក្ស​ប្រជាជន​កម្ពុជា​។​

​បើ​មើល​លើ​អង្គ​បោះឆ្នោត ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទាំង ១១.៥៧២ នាក់ គឺ​ភាគច្រើន ជា​សមាជិក​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។ ក៏ប៉ុន្តែ​គណបក្ស ៦ ផ្សេង ទៀត បានដាក់​បេក្ខជន ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នេះ ដើម្បី​បញ្ជាក់​ពី ពហុបក្ស ហើយ​ជាការ​ប្រកួតប្រជែង ដោយ​សេរី​។​

​រីឯ​ការបោះឆ្នោត​ទៀតសោត ក៏ត្រូវ​បាន គ​.​ជ​.​ប កំណត់ថា ការបោះឆ្នោត​នេះ​មាន​ភាព ខុសប្លែក​ពី​ការបោះឆ្នោត កន្លងមក ដោយ​អ្នកបោះឆ្នោត​ម្នាក់ៗ ត្រូវ​បោះឆ្នោត​ពីរ សន្លឹក ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា ពីរ​ប្រភេទ​ផ្សេងគ្នា និង​មាន​ហិប​ឆ្នោត​ចំនួន​ពីរ​៖ សន្លឹកឆ្នោត​ប្រភេទ​ទី​១ ដែលមាន​ពណ៌​លឿង ប្រើ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ សម្រាប់​ដាក់​ក្នុង​ហិប​ឆ្នោត​មួយ និង​សន្លឹកឆ្នោត​ប្រភេទ​ទី​២ ដែលមាន​ពណ៌​ស ប្រើ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត សម្រាប់​ដាក់​ក្នុង​ហិប​ឆ្នោត​មួយ​ផ្សេងទៀត​។​

ចំណែក​នីតិវិធី នៃ​ការបោះឆ្នោត គឺ​មិន​ខុសពី​ការបោះឆ្នោត​លើក​មុនៗ​ឡើយ​។ នោះ​គឺ​ការបោះឆ្នោត​ជាសម្ងាត់ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​អ្នកបោះឆ្នោត យក​សន្លឹក ឆ្នោត​ទាំងពីរ​ប្រភេទ​នេះ ចូលក្នុង​បន្ទប់សម្ងាត់ ហើយ​គូស​ជ្រើសរើស គណបក្ស ដែល​ខ្លួន​ស្រឡាញ់ ដោយ​គ្មាន​ការចង្អុលបង្ហាញ ឬក៏​ការបង្ខិតបង្ខំ​ពី​ជន ណា​ម្នាក់​ឡើយ​។​

​កន្លងមក ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបាន​ធ្វើឡើង ២ លើក រួចមកហើយ ចាប់តាំងពី​ឆ្នាំ​២០០៩ នៅ​ប្រទេស​កម្ពុជា​។ ក្នុងនោះ ជា​លទ្ធផល សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ គឺមាន​ចម្រុះ ដែល​យ៉ាងហោច ណាស់ នៅ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ភាគច្រើន មាន​សមាសភាព មកពី​ច្រើន គណបក្ស បើទោះបីជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មកពី​គណ បក្ស​ប្រជាជន​កម្ពុជា ទាំងអស់​ក៏ដោយ​។​

​ដោយឡែក លទ្ធផល​បោះឆ្នោតក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​នេះ​ទៀតសោត ក៏​ចេញ មក ខុសពី​ការរំពឹងទុក របស់​គណបក្សនយោបាយ ដែល​តែងតែ​ចូលរួម​ការបោះឆ្នោត និង​ដែលមាន​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជា​អង្គ​បោះឆ្នោត​។ នោះ​គឺ​គេ សង្កេតឃើញថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ប្រទេស​ចាប់តាំងពី​ផ្តួលរំលំ របប​ប៉ុលពត កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ គឺ​តែងតែ​កើន​សំឡេងគាំទ្រ​រហូត​។ ករណីនេះ សបញ្ជាក់​ថា លទ្ធផល​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​នេះ​គេ​មិនអាច​កំណត់ ទុកជាមុន ដូច​មជ្ឈដ្ឋាន​ខ្លះ តែងតែ​លើកឡើង​នោះទេ​។​

​ជារួម ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏​ជាការ បោះឆ្នោត តាមបែប​ប្រជាធិបតេយ្យ ជាការ​បោះឆ្នោត​ដោយ​សម្ងាត់ តម្លាភាព ត្រឹមត្រូវ និង​យុត្តិធម៌ ហើយក៏​ចេញពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដូចគ្នា ព្រោះថា ប្រជាពលរដ្ឋ បាន​បោះឆ្នោត​រួចមកហើយ ក្នុងការ​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​។ ដូច្នេះ​ពេលនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន បាន​បោះឆ្នោត​បន្ត ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ថ្នាក់​ខេត្ត រាជធានី ក្រុង ស្រុក និង​ខណ្ឌ​។ ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​នេះ ដើម្បី​ត្រួតពិនិត្យ​រាល់​សកម្មភាព​របស់​គ​ណៈ​អភិបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំង​បំពេញ​តួនាទី ជា​អ្នក​ដាក់ចេញ​នូវ​សេចក្ដី ស​ម្រ​ច​មួយចំនួនប្រៀប ដូចជា​រដ្ឋសភា នៅ​ថ្នាក់ក្រោម​ជាតិ ផងដែរ​៕​ដោយ​៖ ម៉េង​ឆៃ​