ទោះ​ដុត ឬ​មិន​ដុត ក៏​ត្រូវតែ​បញ្ជូន​ឲ្យ​ទៅដល់​ប៉ាឆា​

1919
ចែករម្លែក

​កាលពី​សប្តាហ៍​មុន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ បាននាំគ្នា​ដង្ហែ​ត្រសង​ចេញពី​ភ្នំពេញ​ទៅ​ទីក្រុង ហុងកុង ដើម្បី​ជួប​ជាមួយ​លោក សម រង្សី ក្នុងពេលដែល​រដ្ឋសភា​បាន​ពិភាក្សា និង​អនុម័ត​សេចក្តី ស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​ច្បាប់​ស្តី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស នយោបាយ​។​អនុ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ បាន​បង្ហោះ​បង្ហើរ​តាម​ហ្វេ​ស​ប៊ុ​កម​កថា ជំនួប​របស់​ក្រុម​គាត់​ជាមួយ​លោក សម រង្សី គឺ​ដើម្បី​សម្តែង​ការគោរព​ចំពោះ​អតីត​ប្រធាន​គណបក្ស នយោបាយ​រូបនេះ​ជា​ចុងក្រោយ ។ មន្ត្រី​ខ្លះទៀត​និយាយថា​នៅ​ទីនោះ​ពួកគេ​បាន​ជួបជុំ ជប់លៀង ស៊ីផឹក អបអរ​ខួប​លើក​ទី​៥ ថ្ងៃ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ថ្ងៃ​ច្របាច់​បញ្ចូល​គ្នា​រវាង​គូបដិបក្ខ​ទាំងពីរ មកពី​គណបក្ស​សិទ្ធមនុស្ស និង​គណបក្ស សម រង្សី ។
​ ​
​ប៉ុន្តែ​តាម​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​ទីក្រុង​ហុងកុង​បាន​ឲ្យ​ដឹងថា នោះ​គឺជា​ការ​ទៅ​ជួបគ្នា​ដើម្បី​ជម្រះ បញ្ជី​គ្នា​ឲ្យ​ដាច់ស្រេច​ចង​គ្នា​ទៅវិញទៅមក​ឲ្យ​ជាប់ កុំ​ឲ្យ​មាន​ជន​កំហិល​ណាមួយ​ក្នុង​ក្រុម​នោះ លេងល្បិច​ពាល​ស៊ី ពាល​តែប៉ុណ្ណោះ ។ ជំនួប​នេះ​មិនមែន​ដើម្បី​រំ​ឮ​ក​ខួប​ថ្ងៃ​បង្កើត​គណបក្ស សង្គ្រោះ​ជាតិ​ទេ ប៉ុន្តែ​គឺជា​ថ្ងៃ​ទៅ​បញ្ចប់ ជីវិតសម្ព័ន្ធ​ភាព​គណ​បក្ស​សង្គ្រោះ​ជាតិ​តែប៉ុណ្ណោះ ។​មានន័យថា ទោះ​ដុត ឬ​មិន​ដុត ក៏​ត្រូវតែ​បញ្ជូន​ឲ្យ​ទៅដល់ ប៉ាឆា ស្របតាម​បំណង​របស់​អ្នក​ព្លុក​ដែរ ។ អ្នកវិភាគ​នយោបាយ​ម្នាក់​បាន​លើក​ហេតុផល​ដូចខាងក្រោម​៖

១- នៅពេល​ត្រលប់​មកដល់​ភ្នំពេញ​វិញ គណៈអចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជា​ឲ្យ​មន្ត្រី​ថ្នាក់ ក្រោម​ដោះចេញ​នូវ​ស្លាក​សញ្ញា ដែលមាន​រូបលោក សម រង្សី ជា​ទណ្ឌិត និង​លោក កឹម សុខា ជា​ប្រធាន​គណ បក្ស​ពេញ​សិទ្ធ​ចេញ ហើយ​ជំនួស​វិញ​តែ​រូប​សញ្ញា​ព្រះអាទិត្យ​តែប៉ុណ្ណោះ ។ ក្រុម​លោក សម រង្សី ពិតជា​យល់ព្រម ឲ្យ​ដក​រូបលោក សម រង្សី ចេញ ពីព្រោះ​វា​ខុសច្បាប់ ប៉ុន្តែ​អ្នក​ទាំងនេះ មិន​សុខចិត្ត​ទុក​រូបលោក កឹម សុខា នៅ លើ​ស្លាក​សញ្ញា​ទៀត​ទេ ព្រោះ​ទង្វើ​បែបនេះ​វា​មានន័យ ច្បាស់ក្រលែត​ថា ពួកគេ​បាន​ជ្រក​នៅក្រោម​ម្លប់​លោក កឹម សុខា ហើយ ។ ឯ​ក្រុម​លោក កឹម សុខា ក៏​មិន​សប្បាយចិត្ត​ឲ្យ​គេ​ដក​រូបលោក កឹម សុខា ចេញពី​ស្លាក​សញ្ញា​ដែរ ព្រោះ​គាត់​មិនមែនជា​ទណ្ឌិត​ទេ ។ គាត់​មាន​សិទ្ធ​ធ្វើ​នយោបាយ​ដោយ​ស្របច្បាប់ ។ ប៉ុន្តែ​ជម្រើស​មានតែ​ពីរ​ទេ គឺ បើ​លោក កឹម សុខា មិន​ព្រម ក្រុម​លោក សម រង្សី នឹង​លេងល្បែង​រុញ​ទូក​បណ្តោយ​ទឹក គឺ​មិន​សុខចិត្ត​ដក​រូប លោក សម រង្សី ចេញ​ដែរ ហើយ​ទុក​ឲ្យ​ច្បាប់​រំលាយ​គណបក្ស​ចោល​តែម្តង ។ ដូច្នេះ​ក្រុម​លោក កឹម សុខា មិន ល្ងង់​ដល់​ថ្នាក់​នេះ​ទេ ព្រោះថា ថ្វីបើ​រូប​ខ្លួន​មិនត្រូវ​បានដាក់​ក្នុង​ស្លាក​សញ្ញា ប៉ុន្តែ​លើ​ភាព​ពិត​ជាក់ស្តែង គឺ​គាត់​ជា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯ​លោក សម រង្សី នឹង​ក្លាយទៅជា​មនុស្ស​ដើរ​ទាត់​ខ្យល់ នៅ​ក្រុងប៉ារីស​តែប៉ុណ្ណោះ ។ មួយ​ក្បាច់​នេះ កឹម សុខា គឺជា​អ្នកឈ្នះ ។​

២- ថ្វីបើ​លោក សម រង្សី ក្លាយទៅជា​ជន​តែលតោល ហើយ​ជា​អ្នកចាញ់​ប្រៀប កឹម សុខា យ៉ាងធ្ងន់ធ្ងរ នោះ​មែន ប៉ុន្តែ​លោក សម រង្សី អាច​ទប់ស្កាត់បាន​មិន​ឲ្យ កឹម សុខា ក្លាយទៅជា​អ្នកដឹកនាំ​ជ្រោង ទង់​ប្រឆាំង ដែល​ទង់​នោះ​ទើបតែ​របូត​ចេញផុត​ពី​ដៃ​គាត់​បានទេ ។ តាមរយៈ​ល្បិច​នេះដែរ​លោក សម រង្សី នៅតែ​ធ្វើ​ឲ្យ​សកម្ម ជន និង​អ្នកគាំទ្រ​គណបក្ស​នៅតែ​ស្រពិចស្រពិល​មិន​ច្បាស់លាស់​ក្នុង​ចិត្ត​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​របស់ លោក កឹម សុខា ឬ​ជា​របស់លោក សម រង្សី​? ហេតុនេះ កឹម សុខា មិនមាន​ហេតុផល​គ្រប់គ្រាន់ ដណ្តើមយក​ប្រ ជា​ប្រិយភាព​ដែល​នៅ​សេសសល់​ខ្លះ​របស់ សម រង្សី បាន​នោះទេ ។ ម្យ៉ាងទៀត​ក៏​ដើម្បី​សម្រួល​ឲ្យ​ក្រុម​លោក សម រង្សី ខ្លួនឯង​ដែល​មិនអាច​ជ្រក​ក្រោម​ម្លប់ កឹម សុខា នោះ ក៏បាន​ស្ងប់ចិត្ត ស្ងប់​អារម្មណ៍ ដេកលក់​ស្រួល​ទៅ ដែរ ។​

៣- លោក កឹម សុខា ទើបបាន​បង្ហោះ​វីដេអូ​ឃ្លី​ប ដោយ​អំពាវនាវ​ឲ្យ​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ​ទាំងអស់​បញ្ឈប់​ប្រើ​ភាសា​ប្រមាថ​មាក់ងាយ ញុះញង់ អុចអាល ហើយ​ឲ្យ​ប្រើតែ​កម្មវិធី នយោបាយ គណបក្ស ដើម្បី​ធ្វើការ​ឃោសនា​ទាក់ទាញ​សម្លេងឆ្នោត ។ នេះ​មិនមែនជា​រឿង​ថ្មី​ទេ ប៉ុន្តែ​អ្វីដែល​ថ្មី គឺ​ក្រោយពី ជំនួប​ជម្រះបញ្ជី​គ្នា​នៅ​ទីក្រុង​ហុងកុង​រួច លោក កឹម សុខា បានបង្ហាញ​ពី ជំហរ​នេះ ។ គោលបំណង គឺ​គ្រាន់តែ ដើម្បី​ឲ្យ​សាធារណៈមតិ​បាន​មើលឃើញថា គាត់​ជាម​នុស្ស សន្តិភាព​និយម មិន​ដូច​បុគ្គល សម រង្សី ។ ព្រោះថា គ្រាន់តែ​ទណ្ឌិត សម រង្សី លែងមាន​សិទ្ធ​ធ្វើ នយោបាយ​ហើយ​នោះ គាត់​ក៏មាន​លទ្ធភាព​អាច​បង្ហាញ​ជា​ចំហ​អំពី ជំហរ​របស់គាត់​ភ្លាម គឺ​មិន​ទទួល​ឥទ្ធិពល​នយោបាយ​ណាមួយ​ពី សម រង្សី ទៀត​ទេ ។ ប៉ុន្តែ​តាមពិត​ទាំង សម រង្សី ទាំង កឹម សុខា មាន​ជំហរ​មិន​ខុសគ្នា​ប៉ុន្មាន​ទេ​ចំពោះ​រឿង​បំផ្លិចបំផ្លាញ​ផលប្រយោជន៍​របស់​ជាតិ ។

៤- ចាប់ពីពេលនេះ​ទៅ​ការឃោសនា​អំពី​គោលនយោបាយ​គណបក្ស​គ្រាន់តែ​ជា​រឿង​បន្ទាប់បន្សំ ប៉ុន្តែ​ការ ចុះទៅ​ពន្យល់​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បាន​យល់​អំពី​មូលហេតុ​អ្វី​បាន​ជាដក រូបលោក កឹម សុខា ពី​ក្នុង​ស្លាក​សញ្ញា​គណបក្ស​ជា​រឿង​ដែល​ត្រូវធ្វើ​មុនដំបូង​បំផុត ។ កឹម សុខា មិនមែនជា​ទណ្ឌិត​ទេ ហេតុអ្វី​បានជា​យក​រូបគាត់ ទៅធ្វើ​ការ​គណនា​បែប​គណិតវិទ្យា​បូក​សង គុណ ចែក ឲ្យ​មក​ស្មើនឹង​ឋានៈ​ជា​ទណ្ឌិត ទៅវិញ​? សម រង្សី បាន​ប្រើល្បិច​ថា គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ វិសោធនកម្ម​ច្បាប់​នយោបាយ​នាពេលនេះ ក្នុង គោលបំណង​ដើម្បី​បញ្ចប់ជីវិត​នយោបាយរ​បស់​គាត់ ក៏ប៉ុន្តែ​គាត់​បែរជា​ងាក​ទៅ​វាយលុក​យ៉ាងខ្លាំង​លើ​លោក កឹម សុខា តាមរយៈ​ការ​អួតអាង​ថា ខ្លួន​គាត់​គឺជា សម រង្សី (Sic!) អត់ សម រង្សី ម្នាក់នេះ ក៏​នៅមាន សម រង្សី ច្រើន ណាស់ ។ គណបក្ស​សង្គ្រោះ​ជាតិ គឺ សម រង្សី ។ ស្តាប់​សម្តី​ពោរពេញ​ដោយ​អំនួត​នេះ វា​ហាក់ដូចជា​ពិ​រោះ​ម្យ៉ាង ដែរ ប៉ុន្តែ​យើង​ចោទសួរ​មក វិញ​ថា បើ​ស្អី​ក៏​ជា សម រង្សី ចុះ​លោក កឹម សុខា ត្រូវ​ទៅ​ឈរ​នៅ​កន្លៀត​ណា​វិញ​? មួយ​ក្បាច់​នេះ គាត់​អាច​វាយប្រហារ​បាន​ទាំង​ងងើល និង​ទាំង​ទទឹងទិស​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ផង និង​រុញ​លោក កឹម សុខា ឲ្យ​ទៅ​នៅ​កន្លៀត​ជញ្ជាំង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ផង ។ ជំនួប​នៅ​ហុងកុង គឺ​ប៉ុណ្ណឹង​ឯង ។ ជម្រះបញ្ជី​គ្នា​ឲ្យ​ដាច់ ។ យកគ្នា​ធ្វើជា​ចំណាប់ខ្មាំង​ឲ្យ​ជាប់ ទប់ស្កាត់​ឲ្យ​បាន​ល្បិច​ពាល ស៊ី​ពាល ។ ចាប់ពី​ថ្ងៃនេះ​ទៅ​រឿង​គណបក្ស​សង្គ្រោះ​ជាតិ​គ្មានអ្វី​ថ្មី​ទេ ៕ ដោយៈ លី ទួង​