ទោះ​ថ្ងៃ​សិទ្ធិ​កុមារ ប៉ុន្តែ​ក្មេងៗ​នៅ​សង្កាត់​ព្រែកលាប នៅតែ​ដើរចេញ​ប្រកបមុខរបរ​

1117
ចែករម្លែក

ទោះ​ក្នុង​ថ្ងៃបុណ្យ​ទិវា​សិទ្ធិ នៃ​កុមារ ប៉ុន្តែ​កុមារ​នៅ​សង្កាត់​ព្រែកលាប​នៅតែ​កាន់​នំចំណី​អាហារ​ដើរ​លក់ និង​ដើរ​ខាត់​សា​រ៉ា​ស្បែកជើង​តាម​ភោជនីយដ្ឋាន (​រូប​: ដេប៉ូ​)​

ដោយ​: ដេប៉ូ / ភ្នំពេញ​: កុមារ​អាយុ​មិន​លើសពី​១៥​ឆ្នាំ​មិនតិច​ទេ នៅ​សង្កាត់​ព្រែកលាប​ក្នុង ខណ្ឌ​ជ្រោយចង្វា បាននាំគ្នា​ចេញ​ប្រកប​របរ​ទូល​ចំណីអាហារ និង​ខ្លះ​ដើរ​ខាត់​សា​រ៉ា​ស្បែកជើង បើទោះបី​នៅថ្ងៃនេះ​ជា​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ ដែល​គួរណា​ស់បាន​ឈប់សម្រាក ប៉ុន្តែ​ផ្ទុយ​មកវិញ​ពួកគេ​បែរជា​ដើររក​ប្រាក់​គ្រាន់​ចិញ្ចឹមជីវិត ក៏ដូចជា​ក្រុមគ្រួសារ​របស់​ពួកគេ​។​

​បើតាម​ម្ចាស់​ភោជនីយដ្ឋាន​ជាច្រើន​កន្លែង​នៅតាម​មាត់ច្រាំង​ទន្លេ​ក្នុង សង្កាត់ ព្រែកលាប ខណ្ឌ​ជ្រោយចង្វា ក្នុង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់ឱ្យដឹង​ថា​ក្នុង​មួយថ្ងៃៗ​មាន​កុមារ​មិនតិចជាង​៥០​នាក់​ទេ តែង​ចេញ​ដើរ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ដោយ​ក្នុងនេះ ភាគច្រើន​កុមារី​ទូល​ចំណីអាហារ​ដើរ​លក់​ឱ្យ​ភ្ញៀវ និង​កុមារា​តែង​ដើរ​ខាត់​សា​រ៉ា​ស្បែកជើង​។ ពួកគេ​មាន​អាយុ​ចាប់​តាំងតែ​ពី​៧​ឆ្នាំ​ឡើងទៅ​ដល់​១៥​ឆ្នាំ​។​

​ធារ៉ា​អាយុ​៩​ឆ្នាំ​ដែល​ដើរ​ខាត់​សា​រ៉ា​ស្បែកជើង តាម​ភោជនីយដ្ឋាន​តំបន់​នេះ បាន​ប្រាប់​ឱ្យដឹងថា ប្អូន​តែង​ដើរ​ប្រក​បរបរ​នេះ​ជា​រៀងរាល់ថ្ងៃ​នៅពេល​ទំនេរ​ពី​ការសិក្សា​។ ក្នុងនេះ​ដូចជា ពេល​រៀន​ព្រឹក ប្អូន​នឹង​មក​ដើរ​ខាត់​សា​រ៉ា​ស្បែក​ជើងពេល​ថ្ងៃ និង​បើ​រៀន​ពេល​ថ្ងៃ នឹង​ឆ្លៀត​មក​ខាត់​សា​រ៉ា​ស្បែកជើង​ពេលព្រឹក​វិញ មិនដែល​ខាន​ទេ​។​

​ក្មេងប្រុស​រូបនេះ​ប្រាប់ឱ្យដឹង​បន្ថែមថា ”​ខ្ញុំ​រកលុយ​ពី​ការដើរ​ខាត់​សា​រ៉ា​ស្បែកជើង​នេះ បាន​ចាប់ពី​១​ម៉ឺន​រៀល​រហូតដល់​ជិត​៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ លុយ​ដែល​រកបាន​ទាំងនេះ ខ្ញុំ​នឹង​ទុក​ចាយ​ខ្លួនឯង​ខ្លះ និង​មួយចំណែក​ប្រគល់ឱ្យ​ម៉ែ​ខ្ញុំ​”​។​

​មិន​ខុសគ្នា​នេះ ក្មេងស្រី​មួយរូប​ទៀត​កំពុងកាន់​គ្រឿង​ម្ញូ​រ​ដើរ​លក់ ដែល​មិន​ព្រម​ប្រាប់​ឈ្មោះ​បាន​ឆ្លៀត​ប្រាប់​អ្នកយក​ពត៌មាន​យើង​ថា ប្អូន​ដើរ​លក់​បែបនេះ​តាំងតែ​ពី​អាយុ​៧​ឆ្នាំ ហើយ​ពេលនេះ​អាយុ​១១​ឆ្នាំ​ហើយ​។ ក្នុង​មួយថ្ងៃ​ប្អូន​អាច​រក​ចំណូល​ឱ្យ​ម្តាយ​ប្រមាណ​២​ទៅ​៣​ម៉ឺន​រៀល​ដែរ​។​

​ក្មេងស្រី​រូបនេះ បាន​ប្រាប់​បន្ថែមថា ដោយសារ​មួយថ្ងៃៗ​ដើរ​លក់​ចំណីអាហារ​បែបនេះ ប្អូន​រៀន​មិនសូវ​បាន​ពិន្ទុ​ល្អ​ទេ ហើយ​ចុង​ឆ្នាំនេះ ក៏​ព្រួយបារម្ភ​ពី​ការរៀន​ត្រួតថ្នាក់​ដែរ​។​

​គួរ​បញ្ជាក់ថា ក្នុង​ទិវា​កុមារ​អន្តរជាតិ ខួប​ទី​៦៩ សម្ដេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អំពាវនាវ​ឱ្យមាន​ការយក​ចិ​ត្ដ​ទុក​ដាក់ឱ្យ​កាន់តែ​ច្រើនឡើង លើ​បញ្ហា​មួយ​ដែល​ប៉ះពាល់​ដល់​កុមារ និង​អំពើហិង្សា​លើ​កុមារ​។ ជាមួយគ្នានេះ សម្តេច​បានផ្តល់​អនុសា​សន៍ អំពី​សារៈសំខាន់ៗ នៃ​ការពង្រឹង​វិធានការ និង​យន្តការ​ថ្នាក់មូលដ្ឋាន​ក្នុងការ​ដោះស្រាយ​បញ្ហា​អំពើហិង្សា​លើ​កុមារ​។
​ក្រៅពីនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើក​ដែរ​ថា ដើម្បីឱ្យ​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល​នោះ ការផ្តល់​ការការពារ និង​អភិវឌ្ឍន៍​កុមារ គឺជា​ភារកិច្ច​យ៉ាងសំខាន់​ដែល​តម្រូវឱ្យមាន​ការអនុវត្ត​ន៍​តាមបែប​ពហុ​វិស័យ​បញ្ចូល​គ្នា ហើយ​សកម្មភាព​អាទិភាព​ទាំងឡាយ ដែល​ត្រូវ​អនុវត្តន៍​រួមមាន ការងារ​រៀបចំ​ក្របខណ្ឌ​គតិយុត្ត ការកែលម្អ​យន្តការ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​ការអភិវឌ្ឍន៍​សមត្ថភាព ការពង្រឹង​សេវា​អប់រំ ការការពារ និង​ថែទាំ​សុខភាព​ដល់​កុមារ ការផ្តល់​ការអប់រំ​មូលដ្ឋាន​ឱ្យបាន​ទាន់ពេលវេលា​ដល់​កុមារ ដោយ​ផ្តោត​ជាពិសេស​លើ​កុមារ​រងគ្រោះ កុមារ​ងាយ​រងគ្រោះ និង​កុមារ​ដែលមាន​ជីវភាព​ក្រីក្រ​៕ ល​