ទោះ​ស្ថានីយ៍​អវកាស Tiangong-1 ធ្លាក់​ឆេះ​លើ​ផែនដី ក៏​ចិន​នៅតែ​បន្ត​មហិច្ឆតា​បញ្ជូន​មនុស្ស​ឡើងលើ​ឋាន​ព្រះ​ចន្ទ​ឱ្យ​ទាល់តែ​បាន​ដដែល​

1168
ចែករម្លែក

​ការធ្លាក់​ចុះមក​ផែនដី​របស់​មន្ទីរពិសោធន៍​អវកាស​ចិន នឹង​មិនអាច​ពន្យារ​ផែនការ​ដ៏​មហិច្ឆតា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុងការ​បញ្ជូន​មនុស្ស​ទៅ​ភព​ព្រះ​ចន្ទ​បានឡើយ​។​

​យានអវកាស Tiangong-1 ដែល​ធ្លា​ក់មក​ផែនដី​វិញ​នៅ​ថ្ងៃ​ចន្ទ​ទី​២​មេសា​នេះ ដំបូង​គឺ​ទុក​សម្រាប់​ធ្វើជា​កាំជណ្តើរ​រឹងមាំ​មួយ​ឆ្ពោះទៅរក​ការបង្កើត​ស្ថានីយ៍​មាន​មនុស្ស ប៉ុន្តែ​បញ្ហា​របស់​វា​បានបង្ហាញ​ពី​ការលំបាក​នៃ​ការរុករក​នៅ​លំហ​កាស​ខាងក្រៅ​។​

​ប៉ុន្តែ​ប្រទេស​ចិន​បានធ្វើ​ដំណើរ​យ៉ាង​វែងឆ្ងាយ​ក្នុងការ​ប្រណាំងប្រជែង​ជាមួយ​សហរដ្ឋអាមេរិក​និង​រុស្ស៊ី ដែល​ធ្លាប់​បាត់បង់​យានអវកាស និង​អវកាសយានិក អំឡុង​ច្រើន​ទសវត្សរ៍​មកនេះ​ផងដែរ​។​

​អវកាសយានិក​របស់​ចិន​ធ្វើបាន​ល្អប្រសើរ​ជាង​មុន​ច្រើន ហើយ​ប៉េកាំង​មើលឃើញ​កម្មវិធី​អវកាស​គ្រប់គ្រង​ដោយ​យោធា​របស់ខ្លួន​ជាស​ញ្ញា​នៃ​ការរីកចម្រើន​លំដាប់​សកលលោក និង​ការកើនឡើង​នូវ​អំណាច​បច្ចេកវិជ្ជា​។​

​សូម​មើល​ដំណើរ​វិ​វ​ឌ្ឍ​នៃ​វិស័យ​អវកាស​របស់​ចិន​ដូចខាងក្រោម​៖

​មិនយូរប៉ុន្មាន​បន្ទាប់​ពី​សហភាពសូវៀត​បា​នប​ង្ហោះ​ផ្កាយរណប Sputnik នៅ​ឆ្នាំ ១៩៥៧ លោក​ម៉ៅ សេទុង បាន​និយាយថា “​យើង​ក៏​នឹង​បង្កើត​ផ្កាយរណប​បាន​ផងដែរ​”​។​

​វា​ត្រូវ​ចំណាយពេល​ច្រើនជាង​មួយ​ទសវត្សរ៍ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៧០ ផ្កាយរណប​ដំបូង​របស់​ចិន​បានលើកឡើង​ទៅ​ទី​អវកាស​នៅលើ​ខ្នង​យាន​រ៉ុក្កែត Long March​។​

​ការហោះហើរ​ទៅ​ទី​អវកាស​ដោយមាន​មនុស្ស​គឺ​ចំណាយពេល​ច្រើន​ទសវត្សរ៍​ក្រោយមកទៀត​ទើប​អាចទៅរួច ជាមួយ​បេសកកម្ម​ជោគជ័យ​លើកដំបូង​បាន​កើតឡើង​ក្នុង​ឆ្នាំ ២០០៣​។​

​ខណៈដែល​ការបញ្ជូន​អវកាសយានិក​ចិន ឈ្មោះ យ៉ាង លី​វៃ ទៅកាន់​ដង​តារាវិថី​ជិត​ចាប់ផ្តើម ការព្រួយបារម្ភ​អំពី​ភាពជោគជ័យ​នៃ​បេសកកម្ម​នេះ​បានធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លុបចោល​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​ទូទាំងប្រទេស​នៅ​នាទីចុងក្រោយ​។​

​ថ្វីបើ​មានការ​ផ្អាក​ផ្សាយ​ផ្ទាល់​យ៉ាងណាក្តី ក៏​វា​បាន​ចាកចេញ​ដោយ​រលូន ជាមួយ​លោក​យ៉ាង​ធ្វើ​គោចរ​ជុំវិញ​ផែនដី ១៤ ដង អំឡុងពេល​ហោះហើរ​រយៈពេល ២១ ម៉ោង​នៅលើ​យាន Shenzhou 5 ។​

​ចាប់តាំងពី​ពេលនោះ​មក ចិន​បាន​បញ្ជូន​បុរស​និង​ស្ត្រី​ជាច្រើនរូប​ចូលទៅ​ទី​អវកាស​ជា​ទៀងទាត់​កាន់តែ​ច្រើនឡើង​៕ ដោយ៖ កញ្ញាដាលីស

យាន Tiangong-1 ហោះ​ទៅ​ដង​តារាវិថី​កាលពី​ខែកញ្ញា ឆ្នាំ ២០១១