ទៅដល់​តៃវ៉ាន់​ហើយ​លួច​ស៊ីសាច់​ឆ្កែ​ទៀត​! កម្មករ​វៀតណាម​ជាប់ទោស​នៅ​តៃវ៉ាន់​ដោយសារ​លួច​កាប់​ឆ្កែ​ស៊ី​

1398
ចែករម្លែក
  • 80
    Shares

អាជ្ញាធរតៃវ៉ាន់នឹងកាត់ទោសកម្មករវៀតណាម២នាក់ចំពោះការសម្លាប់ឆ្កែធ្វើម្ហូប ដែលជាការរំលោភច្បាប់ស្តីពីការការពារសត្វ។

សារព័ត៌មានTaipei Timesបានរាយការណ៍ថា ក្នុងការឆ្មក់ចូលឆែកឆេរមួយកាលពីយប់ថ្ងៃព្រហស្បតិ៍ទី២៥តុលា ដោយប៉ូលិសនិងមន្រ្តីការពារសត្វ គេបានរកឃើញកម្មករវៀតណាម១៧នាក់ដែលធ្វើការនៅរោងចក្រប្រព្រឹត្តកម្មទឹកមួយក្នុងក្រុងតៃជុងកំពុងស៊ីសាច់ឆ្កែ។

ក្រៅពីរកឃើញឆ្កែងាប់មួយក្បាលនៅផ្ទះបាយនិងស៊ុបជាច្រើនចានដែលប្រហែលជាធ្វើពីសាច់ឆ្កែ ប៉ូលិសក៏បានសង្រ្គោះឆ្កែរស់៣ក្បាលនៅកន្លែងស្នាក់នៅរបស់ជនអន្តោប្រវេសន៍វៀតណាម។

ហេតុការណ៍នេះបានបង្កកំហឹងក្នុងចំណោមអ្នកស្រឡាញ់សត្វនិងម្ចាស់សត្វឆ្កែចិញ្ចឹមតៃវ៉ាន់ ដែលតែងតែបាត់សត្វចិញ្ចឹមរបស់គេនិងទាមទារអោយដាក់ទោសចំពោះជនលួចសម្លាប់និងស៊ីសាច់ឆ្កែឆ្មា។

ផ្អែកលើភស្តុតាងនិងការសារភាព ស្រ្តីនិងបុរសវៀតណាមម្នាក់នឹងត្រូវចោទប្រកាន់អំពីការសម្លាប់ឆ្កែ។

កោះតៃវ៉ាន់កាលពីឆ្នាំមុនបានចេញច្បាប់ការពារសត្វ ដោយហាមការសម្លាប់ឆ្កែឆ្មាធ្វើជាអាហារ។នៅតៃវ៉ាន់ ការសម្លាប់ឆ្កែឆ្មាធ្វើអាហារអាចជាប់គុក២ឆ្នាំនិងពិន័យប្រាក់២លានដុល្លារតៃវ៉ាន់(៦៤.៥០៤ដុល្លារ) ហើយអ្នកស៊ីសាច់ឆ្កែឆ្មាអាចត្រូវពិន័យ៨.០៦៨ដុល្លារអាមេរិក។

ការស៊ីសាច់ឆ្កែពេញនិយមនៅក្នុងប្រទេសអាស៊ីជាច្រើន រួមមានចិន កូរ៉េខាងត្បូង ហ្វីលីពីន ជាពិសេសវៀតណាម តែកាលពីពេលថ្មីៗគណៈកម្មាធិការប្រជាជនក្រុងហាណូយបានអំពាវនាវដល់ប្រជាជនអោយឈប់ស៊ីសាច់ឆ្កែឆ្មាដោយសារសម្លាប់សត្វចិញ្ចឹមទាំងនេះធ្វើអោយប៉ះពាល់មុខមាត់របស់រដ្ឋធានី។ទោះជាយ៉ាងណា ការអំពាវនាវនេះនាំអោយមានការមិនសប្បាយចិត្តក្នុងចំណោមអ្នកស្រុកវៀតណាមខ្លះដែលយល់ថា អាជ្ញាធរចង់យកតំលៃបរទេសមកអនុវត្តលើប្រជាពលរដ្ឋខ្លួន៕ដោយ:វាសនា