ទៅ​កំសាន្ត​នៅ​ខេត្តបន្ទាយ មានជ័យ​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងមក ភ្ញៀវ​ជាតិ​កើន​តិច ភ្ញៀវ​អន្តរ​ជាតិ​កើន​

127
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ ការ​ទៅ​កំសាន្ត​នៅ​ខេត្តបន្ទាយមានជ័យ​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​កន្លងមក ភ្ញៀវ​ជាតិ​កើន​តិច ភ្ញៀវ​អន្តរជាតិ​កើន ។​

លោក​ឈឿន សេរី​វុ​ធ ប្រធាន​ម​ន្ទិ​រ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​អោយដឹង​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៩​ថា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧​ដល់​២៩ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងមកនេះ ខេត្តបន្ទាយមានជ័យ​បានទទួល​ភ្ញៀវទេសចរ​ចំនួន​៧៨.២៨៥​នាក់​នាក់ ភ្ញៀវ​អន្តរជាតិ​១០៤​នាក់ ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨ មាន​ចំនួន​៧៧.៧៧៣​នាក់ ភ្ញៀវ​អន្តរជាតិ​៣១​នាក់ ពោលគឺ​ភ្ញៀវ​ជាតិ​កើន​០,៦៩​ភាគរយ និង​ភ្ញៀវ​អន្តរជាតិ​កើន​២៣៥,៤​ភាគរយ រួមមាន​ជនជាតិ​ថៃ ជនជាតិ​ចិន កូរ៉េ វៀតណាម និង​ជនជាតិ​បារាំង​ផងដែរ ។

លោក​បាន​បន្តថា គោលដៅ​ដែល​ភ្ញៀវ​ទៅ​កំសាន្ត​រួមមាន ៖

១- ប្រាសាទបន្ទាយឆ្មារ ស្ពាន​ភ្ជាប់​និស្ស័យ​បារាយណ៍​មេបុណ្យ​និង​រមណីយដ្ឋាន​ខ្លះទៀត​នៅ​ស្រុក​ថ្មពួក ដែលមាន​ភ្ញៀវ​នៅ​លេង​ច្រើនជាងគេ​ដល់​ទៅ​ជាង​២៣.០០០​នាក់ ភ្ញៀវ​អន្តរជាតិ​៧​នាក់ ។

២-ទំនប់​បង្ហៀរ​ដុង​អារញ្ញ ក្រុង​ប៉ោយប៉ែត មាន​ភ្ញៀវ​ទៅលេង​លំដាប់​ទី​២ ប្រមាណ​១២.០០០​នាក់។

​៣- ទំនប់​អាង​អូរ​ខៃ​ដន ក្រុង​ប៉ោយប៉ែត​មាន​ភ្ញៀ​វោ​លេង​លំដាប់​ទី​៣ មាន​ភ្ញៀវ​ជាង​៩.០០០​នាក់។​

៤- វត្ត​បឹង​ត្រាវ ស្រុក​មង្គល​បូរី។

៥- ភ្នំ​តូច ស្រុក​មង្គល​បូរី​។​

៦- អាង​ត្រពាំងថ្ម ស្រុក​ភ្នំស្រុក (​ឆ្នាំ​២០១៨ មាន​ភ្ញៀវ​ទៅ​កំសាន្ត​ជាង​២០.០០០​នាក់​) មាន​ភ្ញៀវ​ជាង​៦.០០០​នាក់ ។

​៧- ភ្នំ​បាក់ ក្រុង​សិរីសោភ័ណ ។

៨- ភ្នំ​ជញ្ជាំង​ក្រុង​សិរីសោភ័ណ។​

៩- សួន​ស្នេហ៍​ជនបទ ក្រុង​សិរីសោភ័ណ។

​១០- និង​តំបន់​ទេសចរណ៍ ទី​កំសាន្ត​ផ្សេងៗ​ទៀត (​មាន​ភ្ញៀវ​ទៅ​កំសាន្ត​ជាង​១៧.០០០​នាក់​) ។​

ចំណែក​មន្ត្រី​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២ ​ខែតុលា ឆ្នាំ​២០១៩ ថា ជាការ​កត់សម្គាល់ ក្នុងឱកាស​បុណ្យ​ភ្ញុំ​បិ​ណ្យ​ឆ្នាំនេះ នៅ​ទី​កំសាន្ត ក៏​ដូច​តាម​ដងផ្លូវ​មានការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​កាន់តែខ្លាំង ហើយ​ពុំមាន​បាតុភាព គ្រោះថ្នាក់​អី​ដុំកំភួន​ឡើយ៕B/