ទៅ​ត្រាំ​ពឹ​ស​នៅ​កែប​មុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​មកដល់​

658

លោក ងិន សុ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង នឹង​បញ្ជូន​អត្ត​ព​លិ​ក​ជម្រើសជាតិ​របស់ខ្លួន ទៅ​ហ្វឹកហាត់​នៅ​ខេត្ត​កែប មុន​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩ ឈាន​មកដល់​។​

​ទ្រី​យ៉ា​ត្លុង ជា​កីឡា​មួយ​ប្រភេទ​ដែល​លំបាក​នឹង​ដណ្ដើមបាន​មេដាយ​ណាស់ ព្រោះ​ជា​ប្រភេទ​កីឡា ដែលមាន​វិញ្ញាសា​ចំនួន​៣​បញ្ចូល គឺ​ហែល​ទឹក​ចម្ងាយ​១,៥០​គីឡូម៉ែត្រ ប្រណាំង​កង់​៤០​គីឡូម៉ែត្រ និង​រត់​១០​គីឡូម៉ែត្រ​ភ្លាមៗ បន្ទាប់ពី​មកដល់​ទី​ភ្លាមៗ​នោះ​។​

​នេះ​ជាការ​ធ្វើតេស្ត​ចុងក្រោយ ដើម្បី​ពិនិត្យមើល​លើ​គុណ​ផល (Perfomance) របស់គេ ដើម្បី​ឲ្យ​គ្រូបង្វឹក​ធ្វើការ​កែលម្អ ឬ​បន្ថែម​បច្ចេកទេស ឬ បន្ថែម​កម្លាំង​ដល់​ពួកគេ​។ លោក​បន្តថា ការដែល​លោក​ជ្រើស​រើសយក​ខេត្ត​កែប ជា​កន្លែង​សម្រាប់​ហ្វឹកហាត់ និង​ធ្វើតេស្ត​ចុងក្រោយ​នេះ ដោយសារតែ​ទីនោះ​ផ្លូវ​រត់ និង​ផ្លូវ​សម្រាប់​ប្រណាំង​កង់ និង​រត់​នៅជាប់​សមុទ្រ ហើយ​ស្ថានភាព​ចរាចរ​នៅក្នុង​ខេត្ត​នេះ ក៏​មិន​មមាញឹក​ទៀតផង​។ ម្យ៉ាងទៀត​នេះ ក៏​ជាការ​ផ្លាស់ប្ដូរ​បរិយាកាស​ហ្វឹកហាត់​ទៀតផង​។​

​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​២៩​នេះ កម្ពុជា​នឹង​បញ្ជូន​កីឡាករ​ទ្រី​យ៉ា​ត្លុង ២​រូប​ទៅ​ចូលរួម​ប្រកួត​។ កម្ពុជា​មិន​បញ្ជូន​កីឡាការិនី ទៅ​ចូលរួម​ប្រកួត​ឡើយ ព្រោះ​កីឡាការិនី​កម្ពុជា​នៅមានកម្រិត​ទាប​នៅឡើយ មិនអាច​ប្រៀបធៀប​ជាមួយ នឹង​ប្រទេសជិតខាង​បានឡើយ​។ សម្រាប់​កីឡាករ​គេ​អាច​លេង​បាន​ប្រដម​ប្រស​ង​គ្នា​។​

​នេះ​ជា​លើ​ទី​២ ហើយ​ដែល​កម្ពុជា​បញ្ជូន​កីឡាករ​ទ្រី​យ៉ា​ត្លុង ទៅ​ចូលរួម​ក្នុង​ព្រ​ត្តិ​ការណ៍​ស៊ី​ហ្គេម​។ កាល​ឆ្នាំ​២០១៥ កម្ពុជា​បាន​បញ្ជូនទៅ​ចូលរួម​ម្ដង ហើយដោយ​បាន​ចំណាត់ថ្នាក់​លេខ​៥​។​

​ប្រទេស​ដែល​ខ្លាំងជាងគេ​លើ​ប្រភេទ​កីឡា​នេះ គឺ​ហ្វីលីពីន​។ ស៊ី​ហ្គេម​ទី​២៨ នៅ​សឹង្ហ​បូរី​ហ្វីលីពីន​ដណ្ដើមបាន​មេដាយមាស​ទាំង​បុរស​-​នារី តែម្ដង​។ ហ្វីលីពីន​កីឡាករ​-​កីឡាការិនី​របស់គេ​សុទ្ធ តែ​ហ្វឹកហាត់​នៅ​ប្រទេស​អូស្ត្រាលី អីចឹង​ហើយ​ទើប​ពួកគេ​ខ្លាំង​បែបនេះ​។ ប្រទេស​សឹង្ហ​បូរី ម៉ាឡេស៊ី ថៃ​ក៏​ខ្លាំង​ដែរ​។ ចំពោះ​ប្រទេស​វៀតណាម ឡាវ ប្រ៊ុយណេ និង​ទី​ម័​រ​ខាងកើត មិនមាន​ប្រភេទ​កីឡា​នេះឡើយ​។​

​លោក ងិន សុ​បញ្ញា ធ្វើការ​កត់សំគាល់ថា កាល​ស៊ី​ហ្គេម​ទី​២៨ អ្នក​ដែល​ដណ្ដើមបាន​មេដាយមាស គេ​ធ្វើ​ក្នុង​ថិរវេលា​១​ម៉ោង​១១​នាទី ចំពោះ​កម្ពុជា​ធ្វើ​ក្នុង​ថិរវេលា​១​ម៉ោង​២៣​នាទី​ឯណោះ​។ តែ​ឆ្នាំនេះ កម្ពុជា​ធ្វើបាន​ល្អ​ជាង​លើក​មុន ឯ​ប្រទេស​គេ​យើង​មិនទាន់​ដឹង​នៅឡើយ​ទេ​៕ ដោយ ៖​រ៉ូ​ហ្សា

ទិដ្ឋភាព​ហ្វឹកហាត់ (​រូប​៖ រ៉ូ​ហ្សា​)​