ទំនងជាងងុយដេក យុវជនម្នាក់​ជិះម៉ូតូបុករបាំងថ្ម​ពុះចែកទ្រូងផ្លូវ​បណ្ដាលឲ្យស្លាប់មួយរំពេច

499
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានគេស្គាល់ជាអ្នកជួសជុល​ឧបករណ៍​​ភ្លេង ទំនងជាងងុយដេក បានជិះម៉ូតូបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យស្លាប់មួយរំពេច។

គ្រោះថ្នាក់នេះបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២:១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយ​ផ្លូវជាតិលេខ៥ ចំណុចមុខរោងចក្រផលិតស្រាបៀរមួយ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

យុវជនដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ មានឈ្មោះ សម្បត្តិ ចាន់បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជួសជុលឧបករណ៍ភ្លេង ស្នាក់នៅភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

សាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះ​ម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GV.6384 ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន។ ខណៈមក​ដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុល ទៅប៉ះនិងបុក​របាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតប្រហែល១០ម៉ែត្របោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។ ចំណែកម៉ូតូខ្ទាតប្រហែល២០ម៉ែត្រនិង បាក់ដៃចង្កូតរងការខូចខាត​យ៉ាង​ដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញខណ្ឌ ចុះធ្វើកំណត់ហេតុ រួចប្រគល់​សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុក រង់ចាំសាច់ញាតិយកឯកសារមក ផ្ទៀងផ្ទាត់ និងប្រគល់ឲ្យទៅវិញ៕B/Ha

#