ទំនប់ទឹក​នៅ​មី​យ៉ាន់​ម៉ា មានទឹក​ពេញ​ហូរហៀរ បង្ខំ​ឱ្យ​មនុស្ស​រាប់ពាន់នាក់​ផ្លាស់​ទីជម្រក​

2698
ចែករម្លែក

ក្រុមមន្រ្តីបាននិយាយថាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់ត្រូវបានធ្វើឡើងដើម្បីជួយមនុស្សរាប់ពាន់នាក់ដែល​បានជាប់នៅក្នុងផ្ទះរបស់ពួកគេ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃពុធទី២៩សីហា បានបណ្តាលឱ្យទំនប់ទឹកមានទឹកពេញហូរហៀរខ្លាំង ។

ទឹកជំនន់បានជន់លិចតំបន់ដីទំនាបនៅជនបទនៅតំបន់Bago បន្ទាប់ពីមានការបាក់ធ្លាយទឹកចេញពី ទំន​ប់ទឹកSwar Chaung ក្រោយពីភ្លៀងធ្លាក់ខ្លាំង ។

ទីភ្នាក់ងារសារព័ត៌មានបារាំងបានរាយការណ៍ថា មនុស្សច្រើននាក់បានដើរកាត់ទឹកត្រឹមទ្រូងទៅកាន់តំបន់ទីខ្ពស់ខណៈដែលមនុស្សមួយចំនួនទៀត បានឡើងជិះរថយន្តធំៗទៅកាន់កន្លែងសុវត្ថិភាព។

អ្នកផ្សេងទៀតនៅតែជាប់នៅក្នុងផ្ទះលិចទឹកពាក់កណ្តាលរបស់ពួកគេខណៈដែលក្រុមទាហាន ប៉ូលីស អ្នកពន្លត់អគ្គិភ័យនិងអ្នកស្ម័គ្រចិត្តបានធ្វើការសង្គ្រោះដល់យប់ដើម្បីនាំពួកអ្នកស្រុកដោយទូកទៅកាន់កន្លែងសុវត្ថិភាព។

លោកស្រី Phyu Lae Lae Tun មន្ត្រីសុខាភិបាល បាននិយាយថា មិនមានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍នោះទេ ប៉ុន្តែមនុស្សជាង១២.៦០០នាក់ ត្រូវបាននាំទៅស្នាក់នៅជំរំសង្គ្រោះប្រហែល៣០។

លោកស្រី បាននិយាយថា មនុស្សជាង១៤.០០០គ្រួសារ និង មនុស្សចំនួន៦៣.០០០នាក់បានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់នេះ៕ដោយ៖សុខា/sn

ពួកអ្នកស្រុកដើរតាមផ្លូវដែលទឹកលិច បន្ទាប់ពីទឹកជំនន់បានហូរចេញពីទំនប់ទឹកSwar Chaung

មួយផ្នែកនៃស្ពានមួយបានខូចខាត ដោយទឹកជំនន់បុកខ្លាំង