ទំនប់​ត្រពាំង​បឹង​ជា​កន្លែង​កម្សាន្ត​ថ្មី​សម្រាប់​អ្នក​ខេត្តកំពត​

438

​ទំនប់​ត្រពាំង​បឹង​ក្នុងស្រុក​ឈូក ខេត្តកំពត កំពុង​ក្លាយជា​កន្លែង​លំហែកាយ​ថ្មី​មួយទៀត​របស់​អ្នកស្រុក​នេះ​បន្ទាប់ពី​ទំនប់​នេះ​បាន​ជួសជុល​ឡើងវិញ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ កន្លងទៅ ដែល​បាន​រង​ការខូចខាត​តាំងពី​ឆ្នាំ​១៩៩២​។​

​ទំនប់​នេះ​មាន​ផ្ទៃក្រឡា​ប្រហែល​ជាមួយ​គីឡូ​ម៉ែត្រការ៉េ មានទឹក​ច្រើន​ហើយ​ថ្លា និង​មាន​ខ្យល់អាកាស​ត្រជាក់​ផង​។ ចំំ​ណុ​ច​ទាំងនេះ​បាន​ទាក់ទាញ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​តំបន់​នោះ​មកលេង​កម្សាន្ត​ជា​ហូរហែ​។​
(​ប្រជាពលរដ្ឋ​កំពុងធ្វើដំណើ​រ​កម្សាន្ត​នៅ​ទំនប់​ត្រពាំង​បឹង​)

​កញ្ញា ឡាង សៀវ​ម៉ី ជា​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​ឈូក បាន​រៀបរាប់ថា តាំងពី​ទំនប់​នេះ​កសាង​រួចមក កញ្ញា បានមក​លេង​នៅ​ទំនប់​នេះ​ជាច្រើនលើក​មកហើយ​។ កញ្ញា​ថា កញ្ញា មកលេង​ទំនប់​នេះ​ជាមួយ​គ្រួសារ និង​ពេល​ខ្លះមក​ជាមួយ​មិត្តភក្តិ​នាពេល​ពេល​ល្ងាចៗ ។ កញ្ញា​បន្តថាៈ «​ទីនេះ​មាន​ភាព​ទាក់ទាញ​ដោយសារ​មានទឹក​ច្រើន មាន​ខ្យល់អាកាស​បរិសុទ្ធ និង​មាន​គេ​លក់​នំចំណី​…​ទីនេះ​គឺ​មក​អង្គុយលេង ជជែក​កម្សាន្ត និង​ថតរូប​លេង​ជាមួយ​មិត្តភក្តិ​»​។​
(​ពលរដ្ឋ​ទៅ​កម្សាន្ត​កំពុង​ថតរូប​នៅ​ទំនប់​ត្រពាំង​បឹង​)

​ងាក​ទៅ​យុវជន​បឿ​ង ភា​រី ដែលមាន​ទីលំនៅ ក្បែរ​ទំនប់​នេះដែរ បាន​លើកឡើងថា លោក​ឧស្សាហ៍​មកលេង​ទំ​បន់​នេះ​ជា​ញឹកញាប់​ជាមួយ​មិត្តភក្តិ ព្រោះថា​ទំនប់​នេះ​មាន​មនុស្ស​ច្រើន​អ៊ូអរ ជាពិសេស​មាន​ខ្យល់​បរិសុទ្ធ​។ លោក​បន្តថាៈ «​កន្លែង​មិនទាន់មាន​អ្វី​លេង​ច្រើន​មែន តែ​មនុស្ស​មកលេង​ច្រើន គេ​ជិះ​ម៉ូតូ​ដើរលេង ហូប​អីៗ និយាយ​គ្នា​លេង …​ខ្យល់អាកាស​ល្អ​”​។​

​រីឯ​អ្នកស្រី ហ៊ឹម ស្រី​តូច ជា​ម្ចាស់​ទា​ទឹក បាន​និយាយថា អ្នកស្រី​ទើបតែ​បានដាក់​ទា​ទឹក​ចំនួន​ពីរ​គ្រឿង​និង​ថា​មាន​ភ្ញៀវ​ច្រើន​មក​ជិះ​លេង​។ នៅ​ថ្ងៃ​ខាងមុខ អ្នកស្រី​ថា​នឹង​បន្ថែម​ទា​ទឹក​បន្ថែមទៀត​ដើម្បី​បំពេញតម្រូវការ​អ្នក​មក​ក​ម្សា​នុ្ត​នៅ​ទំនប់​នេះ​។​

​អ្នកស្រី​បន្ថែមថាៈ « រាល់ថ្ងៃ​មនុស្ស​មកលេង​ច្រើន តែ​អត់​មានអី​លេង​…​ខ្ញុំ​មាន​គម្រោង​ធ្វើ​កញ្ចុះ​អង្គុយលេង មាន​លក់​ម្ហូប​បាយ​អីចឹង​ទៅ កុំ​ឲ្យ​ភ្ញៀវ​មកពី​ឆ្ងាយៗ​អី គាត់​មកលេង​ហើយ​អត់​មានអី​លក់ ណាមួយ​វា​ជួយ​ទាក់ទាញ​ភ្ញៀវ កុំ​ឲ្យ​មាន​មនុស្ស​តែមួយ​ឆាវ​ហើយ​បាត់ទៅ​វិញ​ចឹ​ង​»​។​

​អត្ថបទ​ដោយ​៖ គីម​សាយ​/sn​