(កំពត): ទំនប់ប្រទាក់ក្រឡាមានវិសាលភាព អាចផ្ទុកទឹកកម្រិតអតិបរមា ប្រហែលដប់លានម៉ែត្រត្រីគុណ ជាសក្តានុពលដ៏សំខាន់ផ្នែកវិស័យកសិកម្ម។ ជាមួយនឹងទីតាំងស្ថិតនៅចន្លោះភ្នំ ប្រកបដោយទេសភាពល្អប្រណីត ទីនេះក៏មានអំណោយផលសម្រាប់វិស័យទេសចរណ៍ផងដែរ។
លោក យិន ធី សមាជិកក្រុមប្រឹក្សាឃុំកូនសត្វបានរៀបរាប់ថា ទំនប់ប្រទាក់ក្រឡាស្ថិតក្នុងទឹកដីឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពតមានសារប្រយោជន៍ ចំពោះប្រជាកសិករភូមិបុស្សញ៉ិញ ភូមិកូនសត្វ និងភូមិកំពង់នង់សម្រាប់វិស័យកសិកម្ម។ ទឹកក្នុងទំនប់នេះ មានគ្រប់ខួបប្រាំងវស្សា ដោយកម្រិតអតិបរមាអាចផ្ទុក បានប្រមាណប្រហែលដប់លានម៉ែត្រត្រីគុណ។
សមាជិកក្រុមប្រឹក្សាឃុំដដែលនេះ បានបន្តថា ក្រៅពីបម្រើឱ្យការធ្វើស្រូវប្រាំងវស្សា ទឹកទំនប់នេះបានជួយដល់កសិករក្នុងការដាំដំណាំគ្រប់ប្រភេទចាប់ពីបន្លែ ដំណាំរួមផ្សំរហូតដល់ម្រេច ទុរេន ព្រមទាំងការចិញ្ចឹមសត្វទៀតផង។ លោក យិន ធីបានបញ្ជាក់ថា ព្រោះតែស្ថិតក្នុងទីតាំងដែលហ៊ុមព័ទ្ធដោយជួរភ្នំ ទំនប់ប្រទាក់ក្រឡាជាអំណោយផលដ៏ល្អសម្រាប់ផ្នែកទេសចរណ៍ ពិសេសបន្ទាប់ពីការស្ថាបនាទំនប់បង្ហៀរទឹកមួយកន្លែងដើម្បីបង្ការការបាក់ព្រោះតែបរិមាណទឹកលើសចំណុះនៃការផ្ទុក។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានរៀបរាប់ថា ក្នុងមួយថ្ងៃៗមានភ្ញៀវតិចតួចណាស់ ដែលទៅលេងលម្ហែនៅមណ្ឌលកម្សាន្តទំនប់ប្រទាក់ក្រឡានេះ។ លើកលែងតែរដូវបុណ្យធំៗដូចជា ភ្ជុំបិណ្ឌ ចូលឆ្នាំជាដើមដែលភ្ញៀនាំគ្នាទៅទាំងរថយន្តតូច រថយន្តធំកកកុញលើខ្នងទំនប់។ ទាំងនេះ ស្ថិតក្នុងភាពចន្លោះប្រហោងមួយ គឺការផ្សព្វផ្សាយនៅមានកម្រិត។
លោកប្រធានមន្ទីរបានបន្តថា នាពេលឆាប់ៗខាងមុខ មន្ទីរទេសចរណ៍នឹងធ្វើឱ្យតំបន់នេះជាទីទាក់ទាញ និងចាប់អារម្មណ៍ពីទេសចរជិតឆ្ងាយ តាមរយៈការណែនាំពលរដ្ឋក្នុងតំបន់យល់ដឹងពីការទទួលភ្ញៀវ និងចេះច្នៃប្រឌិត បង្កើតសកម្មភាពកម្សាន្តផ្សេងៗ ដើម្បីទទួលផលចំណេញពីវិស័យទេសចរណ៍ ដោយផ្អែកលើសក្តានុពលដែលមានស្រាប់។
សូមបញ្ជាក់ថា ទំនប់ប្រទាក់ក្រឡាស្ថិតក្នុងទឹកដីភូមិបុស្សញ៉ិញ ឃុំកូនសត្វ ស្រុកទឹកឈូ ភាគខាងកើតទីរួមខេត្តកំពត ដោយបែកចេញពីផ្លូវជាតិលេខ៣៣ ចុះតាមផ្លូវអភិវឌ្ឃន៍ត្រង់ចំណុចខ្លោងទ្វារសាលាស្រុកទឹកឈូ។ នៅលើដងផ្លូវលំប្រវែងប្រាំមួយគីឡូម៉ែត្រ មុននឹងដល់មណ្ឌលកម្សាន្តទំនប់ប្រទាក់ក្រឡា ភ្ញៀវទាំងឡាយអាចគយគន់រាល់សកម្មភាព ជីវភាពរស់នៅរបស់ប្រជាកសិករជាមួយស្រែស្រូវ ចម្ការដំណាំដែលមានពណ៌ខៀវស្រស់បំព្រង។ ទំនប់ប្រទាក់ក្រឡាកកើតឡើងក្នុងសម័យប៉ុលពត ក្រោមការកៀរគរប្រជាពលរដ្ឋ ដោយអំណាចផ្តាច់ការដើម្បីលេចចេញជារូបរាង។ ព្រោះតែស្ថានភាពដល់ដំណាក់កាលទ្រុឌទ្រោមខ្លាំង នាអំឡុងខែកញ្ញា ឆ្នាំ២០០៧ ទំនប់នោះបានបាក់ធ្លាយដោយសារកម្លាំងទឹកបុករុលខ្លាំង។ ក្រោយមក ក្រសួងធនធានទឹកបានស្ថាបនាទំនប់បង្ហៀរទឹកមួយខ្សែ ត្រង់ចំណុចចន្លោះភ្នំ ដើម្បីបង្ការការបាក់ធ្លាយ ដោយសារបរិមាណលើសពីការផ្ទុកទើបធ្វើឱ្យទីនោះ ក្លាយជាកន្លែងលម្ហែកម្សាន្តដ៏ស័ក្តិសមបំផុត៕L ដោយ៖ បូកគោ