ទំនប់​អាង​និង​សំណង់​បង្ហៀរទឹក​រង​ការខូចខាត​ដោយ​ទឹកជំនន់ ត្រូវបាន​ជុស​ជុល​ឡើងវិញ​

1490
ចែករម្លែក

ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: មន្ត្រី​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា ទំនប់​អាង​ស្តុ​ប និង​សំណង់​បង្ហៀរទឹក ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​វិស្វកម្ម​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានធ្វើ​ការជួសជុល​ឡើងវិញ​។​

​លោក ញឺ​ន គួ​ន ប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់​រស្មី​កម្ពុជា​ថា ទំនប់​អាង​ស្តុ​ប​និង​សំណង់​បង្ហៀរទឹក​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​ហូរ​បុក​ផ្តាច់ នា​កាលពី​រដូវវស្សា​ឆ្នាំកន្លងមក ត្រូវបាន​កម្លាំង​មន្ត្រី​នាយកដ្ឋាន​វិស្វកម្ម ក្រសួង​ធន​ធនធានទឹក ធ្វើការ​ជួសជុល​ឡើងវិញ ក្នុងនោះ​មាន​ទំនប់​អាង​ស្តុ​ប​ទឹក​ចំនួន​៤ ធ្វើការ​ជួសជុល​រួចរាល់ និង​សំណង់​បង្ហៀរ​នៃ​ទំនប់​អាងទឹក​ចំនួន​១ ទីតាំង​កំពុងដំណើរការ​សាងសង់​។​

​លោក​បន្តថា ទីតាំង​សំណង់​បង្ហៀរ នៃ​ទំនប់​អាងទឹក​ថ្មី មាន​ទីតាំង​ស្ថិតក្នុង​ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ដោយសារ​គ្រោះទឹកជំនន់​ជា​បន្តបន្ទាប់ បានធ្វើឱ្យ​ទំនប់​អាងទឹក​នេះ ពុំមាន​សមត្ថភាព​ស្តុក​ទឹក​គ្រប់គ្រាន់​សម្រាប់​បម្រើឱ្យ​ការងារ​បង្កបង្កើនផល​របស់​បងប្អូន​ប្រជាកសិករ​ក្នុង​តំបន់​។​

​លោក​បញ្ជាក់ថា ដោយ​ពិនិត្យឃើញ​នូវ​ការលំបាក​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានធ្វើ​ការសាងសង់​សំណង់​បង្ហៀរ​ថ្មី ចំនួន​១​កន្លែង នៅលើ​ទំនប់​អាងទឹក ដែលមាន​ប្រវែង ២៨០​ម៉ែត្រ​។ តាមរយៈ​ការសាងសង់​សំណង់​បង្ហៀរ​ថ្មី​នេះ ទំនប់​អាងទឹក​ថ្មី នឹងមាន​សមត្ថភាព​ស្តុក​ទឹក​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ការងារ​បង្កបង្កើនផល​ស្រូវ​លើ​ផ្ទៃដី​រហូតដល់ ៦.០០០​ហិកតា និង​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។ ក្រៅពី​បង្កើន​សមត្ថភាព​ស្តុក​ទឹក​របស់​អាង សំណង់​បង្ហៀរ​ថ្មី​នេះ ក៏​នឹង​ក្លាយទៅជា​ផ្លូវ​គមនាគមន៍​ត​ភ្ជាប់​ពី​ឃុំ​ត្រពាំង​តាវ ទៅកាន់​ឃុំ​លំ​ទង ស្រុក​អន្លង់វែង ផងដែរ​។​

​លោក​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា បណ្តា​ទំនប់​អាង​ស្តុ​ប​ទឹក ដែល​មន្ត្រី​ក្រុមការងារ​ក្រសួង និង​មន្ត្រី​មន្ទី​ធន់​ធាន​ទឹកបាន​កំពុងដំណើរការ​ជួសជុល​រាល់​នោះ រួមមាន ១/​ទំនប់​អាង​ស្តុ​ប​ទឹក​០៥(​ហៅ​ទំនប់​សូន្យ​ប្រាំ​)​ស្ថិតក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​រង​ការខូចខាត​មាន​ប្រវែង​២០០​ម៉ែត្រ ទី​២/​ទំនប់​អាង​ស្រុប​ទឹក​តា​ម៉ុក ស្ថិតក្នុង​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ប្រវែង​ចំនួន​៦០០​ម៉ែត្រ ទី​៣/​អាង​ស្តុ​ប​ទឹក​ទំនប់​លើ នៅ​ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង និង​ទី​៤/​ប្រឡាយ​មេ ស្ថិតនៅ​ឃុំ​ចុងកាល់​ស្រុក​ចុងកាល់​។ ក្នុងនោះ​បង្កាន់ដៃស្ពាន​ឆ្លងកាត់​ព្រែកជីក​(​បឹង​តា​ម៉ុក​) ដែល​បាន​បាក់​ខូចខាត​ដោយ​ទឹកជំនន់​ដែរនោះ ក៏ត្រូវ​បាន​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ធ្វើការ​ជួសជុល​រួចរាល់​ហើយ​ឡើងវិញ​ហើយ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រ​នៅ​បណ្តា​ស្រុក​ក្រុង​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងនោះ​ប្រព័ន្ធធារាសាស្ត្រ​ធំ​មាន​ចំនួន​៣ និង​ប្រព័ន្ធ​មធ្យម​និង​តូច​មាន​ចំនួន​៧០​ទីតាំង​៕