ទំនាក់ទំនង​កម្ពុជា​-​ម៉ាឡេស៊ី​កាន់តែ​ល្អប្រសើរ​តាមរយៈ​វិស័យ​សំខាន់ៗ​បី

700
ចែករម្លែក

​ដោយ​: ពៅ និមល​
​ភ្នំពេញ​:
ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​បានលើកឡើង​ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ម៉ាឡេស៊ី នឹង​កាន់តែ​ល្អ​ប្រសើរឡើង​បន្ថែមទៀត​ដោយ​ផ្អែកលើ​វិស័យ​សំខាន់ៗ​ចំនួន​៣ រួមមាន​៖ វិស័យ​ធនាគារ ទេសចរណ៍ និង​វិស័យ​កសិកម្ម​។​

​លោក លូ ម៉េង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា នៅក្នុង​ឱកាស​ចូលរួម​ពិធី​ស្រាយ​បួស​នៅ​ស្ថានទូត​ម៉ាឡេស៊ី កាលពី​រសៀល​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅនេះ បាន​ប្រាប់​ឲ្យ​ដឹងថា មកដល់ពេលនេះ វិនិយោគិន ក៏ដូចជា​អ្នកវិនិយោគ​របស់​ម៉ាឡេស៊ី​បាន​ចាប់អារម្មណ៍​ច្រើន​លើ​វិស័យ​ទាំងនេះ ដោយឡែក​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ក៏​ដូចគ្នា​ដែរ ក៏​បានមក​វិនិយោគ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា ដែល​ក្នុងនោះ​វិស័យ​ឈានមុខ​គេ​គឺ​វិស័យ​ធនាគារ​។​

​ស្របគ្នា​ខាងលើនេះ លោក អែល​ឌី​ន ហួ​សៃ​នី ប៊ី​ន​ម៉ូត ហា​ស៊ីម (Eldeen Hasaaini Binh Mohd Hashim) ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា ក្នុង​អាណត្តិ​លោក​ជា​ទូត​នៅ​កម្ពុជា លោក​នឹង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិនិយោគ​ម៉ាឡេស៊ី​ដល់​វិនិយោគិន​កម្ពុជា​វិញ ដើម្បី​ឲ្យ​វិនិយោគិន​កម្ពុជា អាចដាក់​ទុនវិនិយោគ​នៅ​ម៉ាឡេស៊ី ហើយ​វិស័យ​ដែល​វិនិយោគិន​ខ្មែរ​អាចដាក់​ទុនវិនិយោគ​នៅ​ម៉ាឡេស៊ី​បាន​នោះ គឺ​វិស័យ​កសិកម្ម​ដូចគ្នា​ដែរ ដែលមាន​បន្លែ​និង​ផ្លែឈើ ពីព្រោះ​បន្លែ​និង​ផ្លែឈើ​ដែល​ដាំ​ដុះ​នៅ​ទីនោះ​ភាគច្រើន​ជា​បន្លែ​និង​ផ្លែឈើ​សរីរាង្គ ដូច្នេះ​វិនិយោគិន​ខ្មែរ​អាច​វិនិយោគ​ដាំ​ដុះ​នៅ​ម៉ាឡេស៊ី ហើយ​នាំមក​កម្ពុជា​វិញ​បាន​ដូចគ្នា​ដែរ ។

​កាលពីពេល​ថ្មីៗ​នេះ ក្នុងជំនួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​ម៉ាឡេស៊ី សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្វើការ​ណែនាំ​ឲ្យ​ធ្វើយ៉ាងណា​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ (​កម្ពុជា​ម៉ាឡេស៊ី​) និង​ជំរុញ​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា នៃ​ប្រទេស​ទាំងពីរ​ផង ដើម្បី​ធ្វើយ៉ាងណា​សម្រួល​ដល់​ការវិនិយោគ​ពាណិជ្ជកម្ម​ទាំងពីរ​។

​សូមបញ្ជាក់​បន្ថែមថា គិត​ចាប់ពី​ឆ្នាំ​១៩៩៤ រហូតដល់​ឆ្នាំ​២០១៨ គម្រោង​វិនិយោគ​របស់​ម៉ាឡេស៊ី​នៅ​កម្ពុជា​សរុប​ចំនួន​១៣៧​គម្រោង ដែលមាន​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​២,៧​ពាន់​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក គិត​មកទល់​បច្ចុប្បន្ន​នេះ ម៉ាឡេស៊ី​មាន​ជើង ហោះហើរ​ត្រង់ រវាង​កម្ពុជា​និង​ម៉ាឡេស៊ី សរុប​មាន​ចំនួន​០៦​ជើង​ក្នុង​មួយថ្ងៃ តាមរយៈ​ក្រុមហ៊ុន Malaysia Airline , AirAsia Airline និង​ក្រុមហ៊ុន​អាកាសចរណ៍ Malindo Air៕ ល​