ទំនាក់ទំនង​ជិតស្និទ្ធ​ភ្លាមៗ​រវាង​ជំទាវ​ទី​១​របស់​កូរ៉េ​ទាំង​២ ដណ្តើម​ការចាប់អារម្មណ៍​ខ្លាំង

1286
ចែករម្លែក
  • 187
    Shares

​ក្នុងចំណោម​ទស្សនីយភាព​ជាច្រើន ដែល​ជំនួប​អន្តរ​កូរ៉េ​បានផ្តល់​ជូន​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​មេសា គឺ ការជួបជុំ​លើកដំបូង​របស់​ជំទាវ​ទី​១​របស់​កូរ៉េ​ទាំង​២​មិន​ធ្លាប់មាន​ពីមុនមក ហើយ​ពួកគាត់​បាន​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​ភ្លាមៗ​បាន​យ៉ាង​រហ័ស​។​

​លោកស្រី រី សូល​ជូ ភរិយា​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បានបង្ហាញ​វត្តមាន​ដ៏​ភ្ញាក់ផ្អើល​នៅ​ភូមិ​ប៉ាន់​មុន​ជុម​នៅ​ម៉ោង ៦:១៨ នាទី កាលពី​ថ្ងៃ​សុក្រ​។ លោកស្រី​មិនបាន​រួម​ដំណើរ​ជាមួយ​ស្វាមី​ទេ នៅពេលដែល​លោក​គីម​បានមក​ធ្វើ​កិច្ចចរចា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចែ​អ៊ី​ន នៅថ្ងៃនោះ ហើយ​ការចូលរួម​របស់លោក​ស្រី​នៅ​ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​មិនទាន់បាន​បញ្ជា​ក់ទៀត រហូត​ដល់ពេល​រសៀល​។​

​នៅពេល​លោកស្រី​មកដល់ លោកស្រី រី ត្រូវបាន​ស្វាគមន៍​ដោយ​លោកស្រី គីម ជុង​ស៊ុ​គ ភរិយា​របស់លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចែ​អ៊ី​ន​។​

​នេះ​ជា​លើកដំបូង​ហើយ​ដែល​ជំទាវ​ទី​១​របស់​កូរ៉េខាងជើង​បាន​ជួប​សម​ភាគី​កូរ៉េខាងត្បូង​របស់ខ្លួន​។​

​លោកស្រី​គីម ជុង​ស៊ុ​គ ដែលមាន​អាយុ​បង​លោកស្រី​រី​ដល់​ទៅ ៣០ ឆ្នាំ បាន​ចេញមក​ស្វាគមន៍​យ៉ាង​កក់ក្តៅ ហើយ​បាន​អញ្ជើញ​លោកស្រី​រី​ចូលទៅ​ផ្ទះ​សន្តិភាព កន្លែង​ដែល​កិច្ចប្រជុំ​កំពូល​នេះ​បាន​ប្រព្រឹត្តទៅ តាំងពី​ថ្ងៃ​ព្រឹក​ថ្ងៃ​សុក្រ​។ លោកស្រី​រី​ស្លៀកពាក់​រ៉ូ​ប​ពណ៌​ផ្កាឈូក ខណៈដែល​លោកស្រី​គីម​ស្លៀកពាក់​ឈុត​ពណ៌​ខៀវ​។ បណ្តាញសារព័ត៌មាន​ក្នុងស្រុក​បាន​បកស្រាយ​ពី​ជម្រើស​នៃ​ពណ៌​សម្លៀកបំពាក់​របស់​ពួកគាត់​ថា តំណាងឱ្យ​និ​ទាឃ​រដូវ ដែលជា​រដូវ​តំណាងឱ្យ​ការចាប់ផ្តើម​ថ្មី ក្តីសង្ឃឹម​ថ្មី និង​សន្តិភាព​។​

​លោកស្រី​រី​បាន​និយាយ នៅពេលដែល​ប្រធានាធិបតី​កូរ៉េខាងត្បូង​លើកឡើងថា ភរិយា​របស់គាត់​បាន​ធ្វើឱ្យ​ប្រាកដថា​ផ្ទះ​សន្តិភាព​មើលទៅ​ល្អ​ដាច់​គេ​សម្រាប់​កិច្ចប្រជុំ​កំពូល​នេះ យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​រាង​ខ្មាស់អៀន​បន្តិច​ដែល​ស្ថិតនៅ​ទីនេះ ពីព្រោះ​ខ្ញុំ​មិនបាន​រួមចំណែក​អ្វី​ទេ​”​។​

​ប្រធានបទ​នៃ​និ​ទាឃ​រដូវ​ត្រូវបាន​គេ​ប្រើ​ម្តង​ហើយ​ម្តងទៀត​នៅ​ទូទាំង​អាហារ​ពេល​ល្ងាច​នោះ​។ បង្អែម​មួយ​ឈ្មោះ “​និ​ទាឃ​រដូវ​នៃ​ប្រជាជន​កូរ៉េ​” ត្រូវបាន​បម្រើ​ជូន​ភ្ញៀវ​។ បង្អែម​នោះ​មាន​ទង់ជាតិ​កូរ៉េ​រួបរួម​ពណ៌​ខៀវ នៅលើ​ផ្ទៃ​ខាងក្រោយ​ពណ៌​ស ជាមួយនឹង​ស្វាយ​ទុំ​តុបតែង​ពីលើ​ផងដែរ​។ អំឡុង​អាហារ​ពេល​ល្ងាច កុមារ​កូរ៉េខាងត្បូង​ម្នាក់​បាន​ច្រៀង​បទ “​និ​ទាឃ​រដូវ​នៅ​ស្រុកកំណើត​របស់ខ្ញុំ​” ជា​បទ​ចម្រៀង​ប្រជាប្រិយ​របស់​ជនជាតិ​កូរ៉េ​និពន្ធ​ឡើង​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩២០ មុនពេល​កូរ៉េ​បែង​ចែកជា​២​។​

​ហើយ​ជំទាវ​ទី​១ ទាំង​២​រូប ថ្វីត្បិតតែ​ឃើញ​គ្នា​ជា​លើកដំបូង​ក៏ពិតមែន ក៏ប៉ុន្តែ​ហាក់ដូច​ជាមាន​ទំនាក់ទំនង​ល្អ​ជិតស្និទ្ធ​នឹង​គ្នា​ណាស់ បន្ទាប់ពី​ពិធី​លាង​សាយភោជន៍​។​

​អ្នក​ទាំង​២​ដើរ​កាន់​ដៃ​គ្នា​នៅពេល​ពួកគាត់​ចាក​ចេញពីផ្ទះ​សន្តិភាព​បន្ទាប់ពី​អាហារ​ពេល​ល្ងាច ហើយ​ពួកគាត់​មិន​ព្រម​លែងដៃ​គ្នា​ទេ​រហូតដល់​ពួកគាត់​ដើរ​ទៅដល់​ទីលាន​ខាងក្រៅ​ផ្ទះ កន្លែង​ដែល​ពួកគាត់​ទស្សនាការ​សម្តែង​ពិសេស​មួយ ដែល​អបអរ​ដល់​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​រួមគ្នា​នេះ​។​

​លោកស្រី​រី​និង​លោកស្រី​គីម​ក៏បាន​ឱប​គ្នា​ផងដែរ​មុនពេល​ជំទាវ​ទី​១​របស់​កូរ៉េខាងជើង​និង​ស្វាមី​បាន​ចាក​ចេញទៅ​ទីក្រុង​ព្យុងយ៉ាង​វិញ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​នៅ​ប៉ាន់​មុន​ជុម​។​

​លោកស្រី ផាក ជីន​អ៊ី សាស្ត្រាចារ្យ​មួយរូប​នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា “​វា​ក៏​ជា​រឿង​គួរឱ្យ​រំភើប​ផងដែរ ដែល​ឃើញ​ជំទាវ​ទី​១​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នៅលើ​កញ្ចក់​ទូរទស្សន៍​ផ្សាយ​ផ្ទាល់ ក៏ដូចជា​ការជួបប្រជុំ​រវាង​លោក​ប្រធានាធិបតី មូ​ន និង លោក គីម ជុង​អ៊ុន ជា​លើកដំបូង​។ វា​ក៏​សឹងតែ​ដូចគ្នា​នឹង​ការមើល​ម្តាយ​និង​កូនស្រី​របស់គាត់​រីករាយ​នឹង​ពេលវេលា​របស់​ពួកគាត់​ផងដែរ​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី រី សូល​ជូ និង លោកស្រី គីម ជុង​ស៊ុ​គ បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​គ្នា​ភ្លាមៗ កាលពី​ថ្ងៃ​សុក្រ​អំឡុង​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​ជា​ប្រវត្តិសាស្ត្រ