ទំនាក់ទំនង​រវាង​ចិន​និង​រុស្ស៊ី​វិ​វ​ឌ្ឍ​ទៅ​មុខជា​បន្តបន្ទាប់​ក្នុងដំណាក់កាល​ល្អ​បំផុត​នៃ​ប្រវត្តិសាស្ត្រ​

677
ចែករម្លែក

ដោយៈ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​
​លោក​ស៊ី​ជីន​ភីង ប្រធាន​រដ្ឋ​ចិន​បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​រុស្ស៊ី​នា​ថ្ងៃទី ៥ ខែមិថុនា ព្រមទាំង​អញ្ជើញ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ក្រុង​Saint Petersburg លើក​ទី ២៣ ។ ឆ្នាំ​២០១៩​នេះ​ជា​ខួប​ទី​៧០​នៃ​ការបង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​រវាង​ចិន​និង​រុស្ស៊ី ។ ប្រទេស​ទាំងពីរ​ធ្លាប់បាន​ថ្លែង​ជាច្រើនលើក​ថា ទំនាក់ទំនង​ទ្វេភាគី​កំពុងស្ថិត​ក្នុងដំណាក់កាល​ដ៏​ល្អ​បំផុត​នៃ​ប្រវត្តិសាស្ត្រ ។ លោក​ប្រធាន​រដ្ឋ​ចិន ស៊ី​ជីន​ភីង​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​រុស្ស៊ី​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់បំផុត​នេះ នឹង​ជំរុញ​ទំនាក់ទំនង​រវាង​ចិន​និង​រុស្ស៊ី​ឱ្យចេញ​ដំណើរ​ពី​ចំណុច​ចាប់ផ្តើម​ថ្មី​នៃ​យុគសម័យ​ថ្មី​ដែល​ទទួលបាន​ការអភិវឌ្ឍ​កម្រិត​ខ្ពស់​កាន់តែច្រើន ។​


​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​កន្លងមកនេះ ប្រមុខរដ្ឋ​ចិន​និង​រុស្ស៊ី​បាន​ជួបពិភាក្សា​ការងារ​ច្រើនជាង ២០ ដង ហើយ​បាន​បង្កើត​ទំនាក់ទំនង​ការងារ​យ៉ាង​ជិតស្និទ្ធ​និង​មិត្តភាព​យ៉ាង​ជ្រាលជ្រៅ​។​ចំណង​ការទូត​ថ្នាក់​ប្រមុខរដ្ឋ​បាន​ក្លាយជា​ចំណុច​លេចធ្លោ​បំផុត​មួយ​នៃ​ភាពចាស់ទុំ​និង​ស្ថិរភាព​សម្រាប់​ទំនាក់ទំនង​រវាង​ចិន​និង​រុស្ស៊ី​។​កាលពី​ខែមេសា ឆ្នាំនេះ លោក​ប្រធានាធិបតី​ភូ​ទីន​បានមក​ប្រទេស​ចិន​ដើម្បី​ចូលរួម​វេទិកា​កំពូល​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​គំនិត​ផ្តួចផ្តើម​”​ខ្សែក្រវាត់​និង​ផ្លូវ​”​លើក​ទី ២ ។​មិន​ដល់​ពីរ​ខែ​ផង លោក ស៊ី​ជីន​ភីង ប្រធាន​រដ្ឋ​ចិន​បាន​អញ្ជើញ​ទៅ​ប្រទេស​រុស្ស៊ី​ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ក្រុង St. Petersburg ។​តួនាទី​គំរូ​ជា​វិជ្ជមាន​នៃ​ការ​រចនា​ពី​លំដាប់​កំពូល​និង​ការណែនាំ​ជា​យុទ្ធសាស្ត្រ​របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន​និង​រុស្ស៊ី​បាន​ក្លាយជា​គំរូ​មួយ​សម្រាប់​ចំណង​ការទូត​ថ្នាក់​ប្រមុខរដ្ឋ​កម្រិត​ខ្ពស់​ដែល​បង្ហាញ​ពី​លក្ខណៈពិសេស សារសំខាន់​និង​កម្រិត​ខ្ពស់​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​រុស្ស៊ី​។​លោក Sergey Luzyanin ប្រធាន​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​ចុង​បូព៌ា​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​រុស្ស៊ី​បាន​ថែ្ល​ង​កាលពីពេល​ថ្មីៗ​នេះ ថា វត្តមាន​របស់លោក​ប្រធាន​រដ្ឋ​ចិន ស៊ីជី​ង​ភីង ក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ក្រុង St. Petersburg នឹង​លើកកម្ពស់​យ៉ាងច្បាស់​លាស់​នូវ​ឋានៈ​នៃ​វេទិកា​នេះ​។​


​ក្នុង​បរិបទ​ដែល​ស្ថានការណ៍​អន្តរជាតិ​មានការ​ផ្លាស់ប្តូរ​ស្មុគស្មាញ​យ៉ាងធ្ងន់ធ្ងរ​នាពេល​បច្ចុប្បន្ន​នេះ ប្រទេស​ចិន​និង​រុស្ស៊ី​តែងតែ​គោរព​ជានិច្ច​នូវ​ផ្លូវ​អភិវឌ្ឍន៍​របស់​គ្នា​និង​គ្នា​ទៅវិញទៅមក មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ទៅវិញទៅមក គាំទ្រ​គ្នា​យ៉ាងរឹងមាំ​ក្នុង​បញ្ហា​ដែល​យកចិត្តទុកដាក់​សំខាន់ៗ​និង​ពាក់ព័ន្ធ​ផលប្រយោជន៍​ជា​ស្នូល​របស់​គ្នា​ទៅវិញទៅមក នេះ​ជា​មូលហេតុ​សំខាន់​ដែល​ទំនាក់ទំនង​រវាង​ចិន​និង​រុស្ស៊ី​វិ​វ​ឌ្ឍ​ទៅមុខ​ដោយ​នឹងនរ​និង​ជាប់​រហូត​។​ទំនាក់ទំនង​រវាង​ចិន​និង​រុស្ស៊ី​បានក្លាយ​ទៅជា​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​ដែលមាន​កម្រិត​ជឿទុកចិត្ត​គ្នា​ខ្ពស់បំផុត កម្រិត​កិច្ចសហប្រតិបត្តិការ​ខ្ពស់បំផុត​និង​មានតម្លៃ​យុទ្ធសាស្ត្រ​ខ្ពស់បំផុត​។​ពេលបច្ចុប្បន្ន​នេះ ឧត្តមភាព​ក្នុង​ផ្នែក​នយោបាយ​នៃ​ប្រទេស​ទាំងពីរ​កំពុង​ក្លាយទៅជា​សមិទ្ធផល​ជាក់ស្តែង និម្មាបនកម្ម​សហប្រតិបត្តិ​ការដែល​អំណោយផល​ដល់​គ្នា​ទៅវិញទៅមក​ក្នុង​គ្រប់​ទិសដៅ ស្រទាប់​និង​វិស័យ​កំពុង​ត្រូវបាន​បង្កើតឡើង ព្រមទាំង​កំពុង​បង្កើត​នូវ​កម្លាំងចលករ​ខាងក្នុង​យ៉ាងខ្លាំង​ក្លា​ជា​រៀងរាល់ថ្ងៃ​។​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន​និង​រុស្ស៊ី​បាន​ឡើងដល់​ជាង​១​សែន​លាន​ដុល្លារ​អាមេរិក​។ លោក​ភូ​ទីន​ធ្លាប់បាន​ថ្លែងថា ទិន្នន័យ​នេះ​មាន​សារៈសំខាន់​ណាស់ ពាណិជ្ជកម្ម​ទ្វេភាគី​បាន​ឆ្លុះបញ្ចាំង​ពី​សភាពការណ៍​នៃ​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ដែលជា​លទ្ធផល​នៃ​ការបង្កើន​ការជឿទុកចិត្ត​គ្នា​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​


​ក្នុងឱកាស​ខួប​លើក​ទី​៧០​នៃ​ការបង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​រវាង​ចិន​និង​រុស្ស៊ី​ខិតជិត​មកដល់ កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ចិន​និង​រុស្ស៊ី​កំពុង​ស្វាគមន៍ “​ឆ្នាំ​ប្រមូល​ផល​”​មួយទៀត ។ មួយ​សប្តាហ៍​មុន ស្ពាន​ហាយ​វេទី​មួយ​នៅតាម​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​បាន​ត​ភ្ជាប់​គ្នា​ដោយ​ជោគជ័យ ហើយ​ស្ពាន​ផ្លូវដែក​ទីមួយ​ក៏​នឹង​ជិត​បញ្ចប់​ការសាងសង់ ព្រមទាំង​បំពង់​ឧស្ម័ន​ធម្មជាតិ​ខាងកើត​រវាង​ចិន​និង​រុស្ស៊ី​ក៏​នឹងត្រូវ​ត​ភ្ជាប់​និង​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៩​នេះ​ផងដែរ ។ កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំងពីរ​ក្នុង​វិស័យ​ថាមពល ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ កិច្ចការ​ពាណិជ្ជកម្ម​អេឡិចត្រូនិក កសិកម្ម ការអភិវឌ្ឍ​ប៉ូល​ខាងជើង​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ជាដើម​ក៏មាន​ការរីកចម្រើន​ជាច្រើន​ផងដែរ ។ ពេល​ថ្មីៗ​កន្លងទៅនេះ លោក Dmitry Peskov លេខាធិការ​ព័ត៌មាន​របស់​ប្រធានាធិបតី​រុស្ស៊ី​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា និន្នាការ​វិនិយោគ​រប​ស់​ចិន​ទៅលើ​រុស្ស៊ី​មិន​ថយក្រោយ​ទេ គឺមាន​ការកើនឡើង​យ៉ាងខ្លាំង ។ ក្នុង​រយៈពេល​៧០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត ទំនាក់ទំនង​ចិន​និង​រុស្ស៊ី​បាន​ឆ្លងកាត់​បញ្ហា​ប្រឈម​គ្រប់បែប​យ៉ាងដូច​ជាកា​រ​ផ្លាស់ប្តូរ​ប្រវត្តិសាស្ត្រ​និង​ក្នុងស្រុក​រៀងៗ​ខ្លួន​ផងដែរ ។​


ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ក្រោម​ការ​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់ពី​បស្ចិមប្រទេស ប្រទេស​រុស្ស៊ី​បាន​បញ្ចេញ​សំឡេង​ផ្តួចផ្តើម​ឱ្យមាន​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌​ព្រមទាំង​ប្រឆាំងនឹង​ការការពារ​និយម​តាមរយៈ​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ក្រុង Saint Petersburg ជាដើម ។ នៅក្រោម​សភាពការណ៍​ដែល​ឯកតោភាគី​និយម​និង​ការការពារ​និយម​បាន​ងើបឡើង ក៏ដូចជា​ប្រព័ន្ធ​និង​របៀបវារៈ​អន្តរជាតិ​ត្រូវបាន​រង​នូវ​បញ្ហា​ប្រឈម​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ពិភពលោក ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​និង​សកម្មភាព​ជាក់ស្តែង​រប​ស់​ប្រទេស​ចិន​និង​រុស្ស៊ី​ក្នុងការ​រួមសហការ​គ្នា​ដើម្បី​គាំពារ​សន្តិភាព​និង​ស្ថិរភាព​ពិភពលោក ព្រមទាំង​យុត្តិធម៌​និង​សច្ចធម៌​អន្តរជាតិ គ្មានអ្វី​គួរ​ឲ្យ​សង្ស័យ​ទេ ហើយ​បាន​ដើរតួនាទី​ជា​វិជ្ជមាន​ដូច​ម៉ាស៊ីន​លំនឹង​មួយ ។ ដោយ​ឈរលើ​ចំណុច​ចាប់ផ្តើម​នៃ​ប្រវត្តិសាស្ត្រ​ថ្មី កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​រុស្ស៊ី​ច្បាស់​ជា​នឹង​ទទួលបាន​ផ្លែផ្កា​ជាមិនខាន ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពី ក៏ដូចជា​នឹង​នាំមក​នូវ​ក្តី​ស​ង្ឈឹ​ម​ថ្មី​ដល់​ការអភិវឌ្ឍ​លើ​ពិភពលោក ៕សរន

#