ទំនាក់ទំនង​អាម៉េរិក​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​តានតឹង​ជុំវិញ​ការចរចា​ជាមួយ​ពួក​តា​លី​បង់​

322
ចែករម្លែក
  • 9
    Shares

​ជំនួយការ​ជិតស្និទ្ធ​ម្នាក់​របស់លោក​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​អា​ស្រា​ហ្វ ហ្គា​នី (Ashraf Ghani) កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​មីនា​បានធ្វើឱ្យ​ផ្ទុះ​ជម្លោះ​ការទូត​ជាមួយ​សហរដ្ឋអាមេរិក ដោយ​ផ្តល់​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​កិច្ចចរចា​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​ពួក​តា​លី​បង់​។​

​ទីប្រឹក្សា​លោក​ហាំ​ឌូ​ឡាស ម៉ូ​ហ៊ី​ប (Hamdullah Mohib) បាន​និយាយ​សំដៅចំៗ​ទៅលើ​ប្រេសិត​អាម៉េរិក​លោក​ហ្សា​ល់​ម៉ា​យ ខា​លី​ល​ហ្សា​ដ (Zalmay Khalilzad) និង “​មហិច្ឆតា​” ផ្ទាល់ខ្លួន​របស់គាត់​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​លោក​ម៉ូ​ហ៊ី​ប ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងអំឡុង​ទស្សនកិច្ច​មួយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា “​យើង​មិនដឹងថា​មាន​អ្វី​កើតឡើង​នោះទេ​។ យើង​មិនមាន​ប្រភេទ​តម្លាភាព ដែល​យើង​គួរតែមាន​នោះទេ​។ មនុស្ស​ចុងក្រោយ​ដែល​ដឹង​រឿងរ៉ាវ​គឺ​ពួកយើង​”​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក​លោក រ៉ូបឺត ផា​ឡា​ឌី​ណូ (Robert Palladino) បាន​និយាយថា លោក​ម៉ូ​ហ៊ី​ប​ត្រូវបាន​កោះហៅ​ដោយ​អនុរដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​ទទួលបន្ទុក​កិច្ចការ​នយោបាយ​លោក​ដេវីដ ហ៊ែ​ល (David Hale) ដែល​ច្រានចោល​ការអត្ថាធិប្បាយ​មួយ​ធ្វើឡើង​ដោយ​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​រូបនេះ ដែល​បាន​រិះគន់​វិធីសាស្ត្រ​របស់​អាម៉េរិក​ក្នុងការ​ផ្សះផ្សា​។​

​ការចរចា​ដោយផ្ទាល់​រវាង​រដ្ឋាភិបាល​អាម៉េរិក​និង​ពួក​អ្នកចរចា​តា​លី​បង់​បានចាប់ផ្តើម​តាំងពី​រដូវក្តៅ​ឆ្នាំមុន​នៅ​ទីក្រុង​ដូ​ហា របស់​កាតា​។ ការចរចា​ជុំ​ចុងក្រោយ​គេ​បំផុត​បានបញ្ចប់​កាលពី​ថ្ងៃ​អង្គារ​ទី​១២​មីនា​។​

​បន្ទាប់ពី​កិច្ចចរចា​លើក​មុនៗ លោក​ខា​លី​ល​ហ្សា​ដ​បានធ្វើ​ដំណើរ​ទៅកាន់​ក្រុង​កា​ប៊ុល​ដើម្បី​និយាយ​ជាមួយ​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ុន្តែ​លើក​នេះ​មិនបាន​ធ្វើដំណើរ​ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទេ​។ កាលពី​ថ្ងៃ​អង្គារ លោក​បាន​ត្រឡប់​ទៅ​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ​ភ្លាម​តែម្តង​។​

​ការ​ធ្វើដូច្នេះបាន​បង្ក​ឱ្យ​ផ្ទុះ​កំហឹង​នៅក្នុង​រដ្ឋធានី​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​មិន​ចូលរួម​ក្នុង​កិច្ចចរចា​នោះទេ​ព្រោះ​ពួក​បះបោរ​តា​លី​បង់​បាន​បដិសេធ​មិន​ព្រម​អង្គុយ​នៅ​តុ​ចរចា​ជាមួយ​សមាជិក​រដ្ឋាភិបាល​ដែល​ពួកគេ​គិតថា​ជា​របប​អាយ៉ង​របស់​អាម៉េរិក​៕ ដោយ៖ កញ្ញាដាលីស

ប្រេសិត​អាម៉េរិក​ប្រចាំ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​ហ្សា​ល់​ម៉ា​យ ខា​លី​ល​ហ្សា​ដ