ទំនាយ​មិនល្អ​របស់​ហ្កា​ដា​ហ្វ៊ី​អំពី​អឺរ៉ុប​ក្លាយជា​ការពិត

4353
ចែករម្លែក
  • 450
    Shares

លំហូរនៃជនចំណាកស្រុកពីអាហ្វ្រិកចូលទៅកាន់អឺរ៉ុបទំនងជាកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខ ។អស់ពេលរាប់ទសវត្សរ៍ ប្រទេសលីប៊ីបានបំរើជារបងរារាំងជំនោរជនភៀសខ្លួនសំដៅអឺរ៉ុប។ឥឡូវនៅពេលលីប៊ីធ្លាក់ក្នុងភាពច្របូកច្របល់អន្តរាយ ពួកមេដឹកនាំអឺរ៉ុបមើលឃើញថា សពវរសេនីយឯកម៉ូអាមម៉ា ហ្កាដាហ្វី បាននិយាយត្រឹមត្រូវ។នេះបើតាមអ្នកកាសែតជនជាតិអាល្លឺម៉ងលោកBernhard Schwarzដែលសរសេរអត្ថបទអោយសារព័ត៌មានស្ពុតនិក។

នៅពេលពួកជនអន្តោប្រវេសន៍អាហ្វ្រិកបានសំរុកចូលព្រំដែនអេស្ប៉ាញនិងម៉ារ៉ុកទាំងហិង្សាកាលពីថ្ងៃ២៦កក្កដា Bernhard Schwarzបាននិយាយថា ទំនាយរបស់លោកហ្កាដាហ្វីក្លាយជាការពិត និងលោកបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះជាការបញ្ជូនសារដ៏ខ្លាំងមួយទៅកាន់រដ្ឋាភិបាលក្រុងប៊ែរឡាំង។

ជនចំណាកស្រុកមកពីអនុតំបន់សាហារ៉ា អង្គុយលើរបងដែកមួយដែលខ័ណ្ឌម៉ារ៉ុកនិងអេស្ប៉ាញ

ជនចំណាកស្រុកអាហ្វ្រិកបន្ទាប់ពីទម្លាយរបងព្រំដែនចូលក្នុងប្រទេសអេស្ប៉ាញ

អ្នកកាសែតអាល្លឺម៉ង់រូបនេះបានព្រមានថា” ជំរុញដោយការអស់សង្ឃឹមនិងការអត់ឃ្លាន ពួកគេត្រៀមបូជ្ញាជីវិតរបស់គេ និងជីវិតរបស់ឆ្មាំព្រំដែនដើម្បីធ្វើយ៉ាងណាចូលអឺរ៉ុបអោយបាន។អំពើសាហាវព្រៃផ្សៃរបស់គេលើប៉ូលិសគួរអោយតក់ស្លុតនិងគួរជាការព្រមានសំរាប់រដ្ឋាភិបាលក្រុងព្រុចសែល(អឺរ៉ុប)។តាំងពីមុនមក អឺរ៉ុបមិនបានប្រតិកម្មនឹងឧបទ្ទវហេតុនេះទេ តែបើមិនមានផែនការសកម្មភាពមាំទាំមួយត្រូវបង្ហាញឡើងឆាប់ៗទេ នឹងមានហានិភ័យនៃការផ្ទុះអំពើហិង្សានិងអនាធិបតេយ្យនៅកណ្តាលបេះដូងអឺរ៉ុប”។

កាលពីថ្ងៃ២៦កក្កដា ជនអន្តោប្រវេសន៍អាហ្រ្វិកប្រមាណ៦០០នាក់បានសំរុកឡើងនិងបំផ្លាញរបងដែកកំពស់៧ម៉ែត្រ ដែលខ័ណ្ឌប្រទេសម៉ារ៉ុកនិងអេស្ប៉ាញក្នុងការប៉ុនប៉ងមួយដើម្បីឆ្លងកាត់ព្រំដែនចូលអេស្ប៉ាញ។ពួកគេបានចោលដុំថ្ម ដំបង គ្រាប់បែកសាំង និងលាមកដាក់កម្លាំងសមត្ថកិច្ចព្រំដែន។ការវាយប្រហារនោះបណ្តាលអោយជនចំណាកស្រុក១៣២នាក់និងប៉ូលិស១៥នាក់រងរបួស។

អង្គការអន្តរជាតិសំរាប់ទេសន៍ប្រវេសន៍ បានរាយការណ៍ថា ចាប់តាំងពីដើមឆ្នាំនេះ ជនអាហ្រ្វិក៣.១២៥នាក់បានឆ្លងកាត់ព្រំដែនអេស្ប៉ាញនិងចូលសហភាពអឺរ៉ុប។

អតីតមេដឹកនាំផ្តាច់ការដែលត្រូវបានគេធ្វើឃាត លោកហ្កាដាហ្វ៊ី បាននិយាយពេលអង្គការណាតូចូលឈ្លានពានលីប៊ីនៅឆ្នាំ២០១១ថា” ឥឡូវចូរស្តាប់ ប្រជាជនណាតូ។អ្នកទម្លាក់គ្រាប់លើរបងមួយដែលឈរពាំងផ្លូវការចំណាកស្រុកពីអាហ្រ្វិកចូលអឺរ៉ុប និងផ្លូវរារាំងពួកភេរវករអាល់កៃដា។របងនេះគឺលីប៊ីនេះឯង។អ្នកទម្លាយវាហើយ”។

លីប៊ី ត្រូវបានចាត់ទុកជារដ្ឋបរាជ័យ បន្ទាប់ពីគ្រប់គ្រងដោយរដ្ឋាភិបាល២ ដែលនៅមិនទាន់អាចបង្កើតច្បាប់ទម្លាប់នៅក្នុងប្រទេសនេះបានក្រោយការបាត់បង់ហ្កាដាហ្វី។បើតាមការស្មាន ពួកឧទ្ទាមលីប៊ីមិនបានប្រគល់សព្វាវុធដែលបារាំងនិងអាមេរិកបានប្រគល់អោយពួកគេនោះទេ។ក្រៅពីនេះឃ្លាំងអាវុធរបស់ហ្កាដាហ្វ៊ីក៏ត្រូវបានគេលួចដោយប្រែក្លាយលីប៊ីជាទីផ្សារងងឹតធំបំផុតខាងសព្វាវុធ។

Schwarzបានចង្អុលថា” ស្ថានភាពស្រដៀងគ្នាក៏គេអាចមើលឃើញបន្ទាប់ពីអាមេរិកអន្តរាគមន៍ចូលអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងនៅស៊ីរី មុនពេលរុស្ស៊ីឈានជើងចូលនៅឆ្នាំ២០១៥”។

លោកក៏បានកត់សំគាល់ថា ដំណោះស្រាយរបស់អធិកាបតីអាល្លឺម៉ង់លោកស្រីអង់ហ្គេឡា មឺគែល ចំពោះបញ្ហាជនភៀសខ្លួននេះ ធ្វើអោយនឹងដល់អនុស្សាវរីយ៍នៃភាពអស់សង្ឃឹមរបស់ចក្រភពរ៉ូម៉ាំង នៅមុនពេលវាដួលរលំបន្តិច ។បច្ចុប្បន្ន មានជនបរទេសប្រមាណ១០,៦លាននាក់រស់នៅក្នុងអាល្លឺម៉ង់ ហើយជនភៀសខ្លួនបន្តមកដល់ជាបន្តបន្ទាប់។

បើតាមSchwarz ត្រឹមឆ្នាំ២០៥០ ប្រជាពលរដ្ឋអាហ្វ្រិកនឹងកើនឡើងពីរដងដល់ចំនួន២,៥ពាន់លាន។លំហូរនៃជនភៀសខ្លួនក៏ទំនងជាកើនដោយសារតែការអត់ឃ្លាន ភាពក្រីក្រ អំពើពុករលួយ និងកង្វះការប្រមើលមើលសំរាប់ប្រជាពលរដ្ឋ។ជាង៧៥ភាគរយនៃជនភៀសខ្លួនចូលអឺរ៉ុបតាមសមុទ្រចេញមកពីកំពង់ផែលីប៊ី ដោយដំបូងពួកគេជាអ្នករស់នៅនីហ្សេ អេរីទ្រី សូម៉ាលីនិងឆាត។

យោងតាមSchwarz ស៊ីរីអាចជាគំរូមួយ អំពីការដោះស្រាយបញ្ហាចំណាកស្រុក។ក្រោយអន្តរាគមន៍របស់រុស្ស៊ី រដ្ឋាភិបាលស្របច្បាប់របស់លោកបាសសា អាល់ អាសាតបានស្តារសណ្តាប់ធ្នាប់ឡើងវិញសន្សឹមៗនៅក្នុងប្រទេសដោយបង្កលក្ខណៈងាយស្រួលសំរាប់ការវិលត្រឡប់របស់ជនភៀសខ្លួនស៊ីរីនៅតួកគី លីបង់និងហ្សកដានី។នេះមានន័យថា ស៊ីរីអាចលែងជួបវាសនាដូចលីប៊ី ហើយនឹងកាត់បន្ថយលំហូរជនស៊ីរីចូលក្នុងអឺរ៉ុបទៀត៕ដោយ៖វាសនា

ហ្កាដាហ្វី ធ្លាប់ព្រមានថា លីប៊ីជារបងការពារកុំអោយជនអាហ្រ្វិកហូរចូលអឺរ៉ុប