ទំនាស់​ក្នុង​ហាង​ខារ៉ាអូខេ តាម​វាយ​រហូតដល់​បន្ទប់​ជួល​បែក​មុខមាត់​

645
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ទៅ​ចាប់​ដល់​បន្ទប់ដេក ខណៈ​ធ្វើ​សកម្មភាព​វាយ​ទៅលើ​បុរស​ម្នាក់​ម្នាក់ទៀត​តាំងពី​ក្នុង​ខារ៉ាអូខេ​ប៊ិក​អរ​រ៉ែ​ន មិន​អស់ចិត្ត តាម​មក​វាយ​ដល់​បន្ទប់​ជួល​ម្តងទៀត កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុម​៨ ភូមិ​ភ្នំពេញ​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ជនបង្ករ​ឈ្មោះ រ៉ៃ មករា ហៅ បារាំង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ ចុងភៅ​ហាង​ពន្លឺ​ពេជ្រ ស្នាក់នៅ​ចំណុច​ក្រុម​៨ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​ភូមិ​ចំប៉ី ឃុំ​ប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ម៉ៅ អៀង ហៅ​សិន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ ប៊ិក អូ រ៉ែ​ន ស្នាក់នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កាលពី​ម៉ោង​០៦​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ក្រោយពី​ចប់​ម៉ោង​ការងារ ជនបង្ក​និង​គាត់​ជា​ជនរងគ្រោះ​បាននាំគ្នា​ផឹក​បន្ត​នៅក្នុង​ខារ៉ាអូខេ ប៊ិក​អូ​រ៉ែ​ន​ដែលជា​កន្លែង​គាត់​ធ្វើការ​ដោយមាន​គ្នា​ជាង​១០​នាក់ មាន​ប្រុស​-​ស្រី ពេល​ផឹក​បាន​បន្តិច​ស្រាប់តែ​ជនបង្ក​យក​កែវស្រា មក​គប់​លើ​គាត់​និង​បាន​វាយ​គាត់​ចំ​ក្រោម​ភ្នែក​ផ្នែក​ខាងស្តាំ​បណ្តាល​ឲ្យ បែក​ឈាម​ដោយ​មិនដឹង​មូលហេតុ​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ពេល​វាយ​គាត់​បែក​ឈាម គាត់​មិនបាន​តដៃ​ទេ បាន​ដើរ​ចេញពី​ខារ៉ាអូខេ សំដៅទៅ​បន្ទប់ដេក​ពេល​កំពុង​ដេក​ក្នុង​បន្ទប់​ជួល ស្រាប់តែ​ជនបង្ក​ខាងលើ​ទៅ​ធាក់​ទ្វារ​បន្ទប់ រួច​ធ្វើ​សកម្មភាព​វាយ​គាត់​ម្តងទៀត ព្រមទាំង​បោះពាក្យ​សំដី​ចង់ទៅ​ប្តឹង​ដល់​ណា​ក៏បាន ទើប​គាត់​សម្រេចចិត្ត​មកប្តឹង​សមត្ថកិច្ច ឲ្យ​ទៅ​ចាប់​ដល់​បន្ទប់​ជួល​តែម្តង​។​

​ក្រោយពី​ទទួលបាន​បណ្តឹង​ជនរងគ្រោះ ជនដៃដល់​សមត្ថកិច្ច ឃាត់ខ្លួន​នាំយកទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​៕