ទំនាស់​បងប្អូន​រឿង​ដីធ្លី​អូសបន្លាយ​រាប់​ឆ្នាំ រហូត​តុលាការ​កំពូល សម្រេច​ស្ថាពរ​ឱ្យ​បងស្រី​ជា​អ្នកឈ្នះ​

1138
ចែករម្លែក

ដោយ​៖ ឆាយា​នាថ / កណ្ដាល​៖ ទំនាស់​រឿង​ដីធ្លី​របស់​បងប្អូន​បានអូសបន្លាយ​ពេល​រាប់​ឆ្នាំ តែ​ទីបំផុត​តុលាការ​កំពូល​សម្រេច​ជា​ស្ថាពរ​ឱ្យ​ភាគី​បងស្រី​ជា​អ្នកឈ្នះ​ក្តី​។ នេះ​ជាការ​សម្រេច​បិទផ្លូវ​តវ៉ា និង ប្រគល់​ដីធ្លី​ឱ្យ​ម្ចាស់បំណុល​គ្រប់គ្រង​។

​គណៈកម្មការ​ចម្រុះ ដឹកនាំ​ដោយ​លោក​យឹម កេ​ត​ធី អាជ្ញាសាលា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨ ចុះ​អនុវត្ត​សាលដីកា​លេខ​២៤៧ “​ឆ​”​ចុះ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​កោះ​រះ​ក្រោម ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្ដាល ដែលមាន​កូនបំណុល​នៃ​ការអនុវត្ត​ឈ្មោះ ហង់ រ៉េត (​ស្លាប់​) ឈ្មោះ ខាត់ ចំរើន និង ឈ្មោះ សឿរ សោភា​។

​លោក​យឹម កេ​ត​ធី អាជ្ញាសាលា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ថ្លែងថា ខ្លឹមសារ​នៃ​ការអនុវត្ត​គឺ រុះផ្ទះ និង រើ​សម្ភារៈ ផ្សេងៗ​ចេញពី​ដី​ដែលមាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ​H4-0285 ចុះ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​១៩៩២​។

​ការអនុវត្ត​នេះ​ទៀតសោត គឺ ធ្វើ​ដោយ​ការស្ម័គ្រចិត្ត​របស់​កូនបំណុល ដែល​ព្រម​រុះរើ​ដោយ​ខ្លួនឯង តាម​ការសន្យា​នាពេល​កន្លងមក​។

​ជាការ​កត់សម្គាល់ មុនពេល​អនុវត្ត​សាលដីកា​តុលាការ​កំពូល ភាគី​ចាញ់ក្តី​ហាក់​បង្ក​ការលំបាក​ដល់​គណៈកម្មកា​រ​ចម្រុះ​។ ប៉ុន្ដែ​ក្រោយ​មានការ​សម្របសម្រួល​នោះ សាលដីកា​នេះ ត្រូវបាន​អនុវត្ត​បញ្ចប់​ជា​ស្ថាពរ​ដោយ​ពុំមាន​អំពើហិង្សា​ណាមួយ កើតឡើង​ឡើង​៕L​