ទំនិញ​សំខាន់ៗ​នៅ​ទីផ្សារ​ចាប់ផ្តើម​ប្រែប្រួល​តម្លៃ​ហើយ គ្រា​ដែល​បុណ្យ​សែន​ចិន​-​វៀតណាម​ខិតចូល​មកដល់​

215

(​ភ្នំពេញ) : ខណៈដែល​ថ្ងៃ​សែន​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នឹង​ខិតចូល​មកដល់​នា​ថ្ងៃទី​១៥ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៨​ខាងមុខ កាលពី​ថ្ងៃទី​០៧ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៨​កន្លងទៅនេះ អ្នក​យក​ព័ត៌មាន​​រស្មី​កម្ពុជា​បាន​ចុះ​និង​សម្ភាសន៍​ផ្ទាល់​ជាមួយ​អា​ជីករ​លក់ដូរ និង​អ្នកទិញ​ទំនិញ នៅក្នុង​ផ្សារ​ធំថ្មី​អំពី​ត​ម្លៃ​ទំនិញ​សំខាន់ៗ​នៅលើ​ទីផ្សារ​ ដូចជា​៖ ត្រី សាច់ បន្លែ និង​ផ្លែឈើ​ជាដើម​ ហើយឃើញថាតំលៃបានចាប់ផ្តើមប្រែប្រួលខ្លះៗហើយ។

អ្នកស្រី ណាវី ដែលជា​អា​ជីករ​លក់​បន្លែ​គ្រប់មុខ​២០​ឆ្នាំ​មកហើយ បាន​ឲ្យ​ដឹងថា បន្លែ​ដែល​ដាក់លក់ សព្វថ្ងៃនេះ មាន​មួយចំនួន​ឡើងថ្លៃ​បណ្តើរៗ​ហើយ​ប៉ុន្តែ​តម្លៃប្រែប្រួល​នេះ​គឺអាច​ទទួលបាន ទាំង​ការទិញ​និងយកមក​លក់​បន្ត និង​ទាំង​ការទទួលយក​ពី​អ្នក​ទិញយក​ទៅធ្វើ​ម្ហូបអាហារ​ទទួលទាន​។ អ្នកស្រី​ឲ្យ​ដឹង​ទៀតថា បន្លែ​ដែល​ឡើងថ្លៃ​គឺ​ផ្លែ​ការ៉ុត​និង​ឆៃថាវ​តម្លៃ​៣.៥០០​រៀល ឡើងដល់​៤.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម និង​ស្ពៃ បូកគោ​អាច​នឹង​ឡើងដល់​៤.៥០០​រៀល ក្នុង​មួយ​គីឡូម៉ែត្រ ខណៈ​បច្ចុប្បន្ន​តម្លៃ​ត្រឹមតែ​៣.៥០០​រៀល​ប៉ុណ្ណោះ ។​

​ជាមួយគ្នានេះ អា​ជីករ​លក់​សាច់ជ្រូក​អ្នកស្រី​លី​ហៀ​ង បាន​បញ្ជាក់ថា ចំពោះ​តម្លៃ​សាច់ជ្រូក​គឺ​នៅ​រក្សា តម្លៃ​ជា​ដដែល ក្នុងនោះ​សាច់ជ្រូក​សាច់​សុទ្ធ​មួយ​គីឡូក្រាម​ថ្លៃ​១៨.០០០​រៀល សាច់​បី​ជាន់​១៥.០០០​រៀល និង​ឆ្អឹងជំនី​ជ្រូក​ថ្លៃ​០២​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម​។ លោកស្រី​បន្តថា តម្លៃ​សាច់ជ្រូក​នេះ ជា​រៀង​ឆ្នាំនិង​គ្រប់រដូវ​បុណ្យទាន​នានា គឺ​មិនដែល​ឡើងថ្លៃ​នោះទេ ហើយ​ការ​ដាក់លក់​សាច់ជ្រូក​លើ​ទីផ្សារ​គឺ​នាំចូល​ពី​ស្រុក គៀនស្វាយ ខេត្តកណ្តាល​។​

​អា​ជីក​រលក់​ផ្លែឈើ​ឯណោះ​វិញ អ្នកនាង អា​លី បាន​បកស្រាយ​តម្លៃ​ឡើងថ្លៃ​ជា​ហូ​ហែរ​ផ្លែឈើ​ថា ការឡើង​ថ្លៃទំនិញ​មិនមែន​ចេះតែ​ឡើង​ទេ ហើយក៏​មិនមែន​គ្រប់មុខ​ដែរ ដោយសារតែ​ការទទួល​ទិញ​មក លក់​បន្ត​ពី​អ្នក​ចែកចាយ​របស់​ក្នុង​និង​ក្រៅ​ស្រុក​គេ​ជា​អ្នក​ឡើងថ្លៃ ហើយ​ចំពោះ​តម្លៃ​ឡើងវិញ​ប្រមាណ​តែ៥.០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​នៃ​មុខ​ប្រភេទ​ផ្លែឈើ​។ អ្នក​លើកឡើងថា គិត​ត្រឹម​ពេលនេះ​តម្លៃ ជា​មធ្យម​ទៅតាម​ប្រភេទ​ផ្លែឈើ ក្នុងនោះ​ផ្លែ​ប៉ោម​ថ្លៃ​ជាង​០១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម ផ្លែក្រូច​ខ្វិច​ថ្លៃ​ជិត ០២​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម និង​ផ្លែ​មៀន​ខ្មែរ​តម្លៃ​ជាង​០៣​ម៉ឺន​រៀល ក្នុង​មួយ​គីឡូក្រាម​។​
​ ​
ពាក់ព័ន្ធ​នឹង​តម្លៃ​មានការ​ប្រែប្រួល ឬ​ឡើងថ្លៃ​នេះ ពលរដ្ឋ​ម្នាក់​មានឈ្មោះ គ​ន្ធី បាន​យល់ឃើញថា បញ្ហា​នេះ​ក្លាយជា​ទម្លាប់​ទៅហើយ​និង​យូរ​ឆ្នាំ​ទៀតផង ព្រោះថា​ឲ្យ​តែ​រាល់​រដូវ​សែន និង​បុណ្យ​ធំ​នានា តម្រូវការ​គឺមាន​ច្រើន​។ ចំណែក​តម្លៃ​ទំនិញ​ដែល​ឡើងថ្លៃ​នេះ​នៅតែ​អាច​ទទួលយកបាន ប៉ុន្តែ​ក្នុង​ចំនួន​លើស ប្រមាណ​ជា​២.០០០​ពាន់​រៀល ទៅ​៣.០០០​រៀល បើ​លើសពីនេះ​ទៀត​ប្រហែលជា​ពិបាក​នឹង​ទទួលយក ព្រោះ​ការចំណាយ​របស់​អ្នកទិញ​ក្នុងនាម​ជាអ្នក​រកស៊ី​ក្តី ជា​អ្នកធ្វើការ​ក្តី គឺ​សុទ្ធតែ​មានកំណត់​។​

​អ្នកនាង គ​ន្ធី បាន​សំណូមពរ​ផងដែរ​ទៅដល់​អ្នកលក់ដូរ​ទាំង​អស់​ថា បើសិនជា​ការឡើង​ថ្លៃ​គឺ​សុំ​ឲ្យ សមរម្យ មិនមែន​ឡើង​គំហុក​ពេក​នោះ​អ្នកទិញ​ក៏​ពិបាក​ទទួលយក​ដែរ ពីព្រោះ​អ្នកដើរ​ផ្សារ ពិសេស​ស្ត្រី​មេផ្ទះ ដែល​ដើរ​ផ្សារ​រាល់ថ្ងៃ​ក៏​ជ្រាប​ណាស់ដែរ​ពី​តម្លៃ​ទំនិញ ហើយក៏​ស្គាល់​កន្លែង​ណា​លក់​ថ្លៃ និង​កន្លែង​ណា​ដែលលក់​ធូរ​ថ្លៃ​។

​យោងតាម​របាយការណ៍​ស្តីពី​ស្ថានភាព​ទំនិញ​ក្នុង​ផ្សារ​ធំថ្មី​ប្រចាំ​ថ្ងៃទី​៧ ខែ​កុ​ម្ភៈ បាន​បង្ហាញថា តម្លៃ សាច់ជ្រូក​សាច់​សុទ្ធ​ក្នុង​គីឡូក្រាម​ថ្លៃ​២២.០០០​រៀល មាន់​រស់ មាន់​ស្រែ​ថ្លៃ​៣​ម៉ឺន​រៀលក្នុង​មួយ​គីឡូក្រាម ពង​ទា​១០​គ្រាប់​ថ្លៃ​៥.៥០០​រៀល និង​អង្ករ​ផ្លា​ម្លិះ​ខ្មែរ​ថ្លៃ​៣.២០០​រៀល ក្នុង​គីឡូក្រាម​។​ល​៕​ដោយ : ពៅ និមល​/sn

​ទំនិញ​សំខាន់ៗ​ដាក់លក់​នៅ​ផ្សារ​ធំថ្មី រាជធានី​ភ្នំពេញ (​ពៅ និមល​)