ទំនៀមទម្លាប់​កាត់​ប្ញ​សសី​មា​វត្ត​នៅ​កណ្តាលយប់ ឫ​ទៀបភ្លឺ​នៅ​រក្សាបាន​តាម​ភូមិ​ស្រុក​មួយចំនួន​

1957
ចែករម្លែក

(​បន្ទាយមានជ័យ​)៖ ទំនៀម ទម្លាប់​កាត់​ឫស​សីមា​វត្ត នៅ​កណ្តាល យប់ ឬ​ទៀបភ្លឺ​នៅ​រក្សាបាន តាម​ភូមិ ស្រុក មួយចំនួន នៅក្នុង​ខេត្តបន្ទាយមានជ័យ ។ ព្រះសង្ឃ អាចារ្យ គណៈកម្មការ និង ពុទ្ធបរិស័ទ ចាត់ទុក​ទំនៀមទម្លាប់​នោះ ថា មាន​ភាព​បរិសុទ្ធ ស្អាតស្អំ ហើយ​ត្រូវ​តាម​លំនាំ ដើម​ទៀតផង ។
​ ​
​ជាក់ស្តែង នៅ​វត្ត​ប្រាសាទ ចារ​លើ ភូមិ​ចារ​លើ ឃុំ​ទឹកជោរ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​នេះ យើង​ឃើញ​ព្រះសង្ឃ បាន​ប្រជុំ​សូត្រ បាលី ព័ទ្ធសីមា តាំងពី​ម៉ោង​៣ ទៀបភ្លឺ ចូល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ កន្លងមកនេះ ។ ក្នុងអំឡុង​សូត្រ ដែល ស៊ីពេល​ជិត ពីរ​ម៉ោង​នោះ មានតែ​ព្រះ សង្ឃ​សុទ្ធ ហើយ​ហាម​មិនឱ្យ​គ្រហស្ថ ចូលទៅ​ពាក់ព័ន្ធ​ឡើយ ។​
​ ​
​នៅក្នុង និង​ក្រៅ​ព្រះវិហារ កសាង​ថ្មី ដែល​ត្រូវ​សម្ពោធ និង​កាត់ ឫស​សីមា​គេ​បានរៀបចំ​ចង អំបោះឆៅ ជា​ខ្សែ​សីមា ដូច​ព្រះវិហារ​ដទៃ​ដែរ គ្រាន់តែ​ត្រូវ​ចាំបាច់ ចងភ្ជាប់​នឹង​កូនឈើ ប្រឡៅ​មូល និង​ដើម​ឫស្សី​ស្រស់ ។​
​ ​
​លោក​លុច ផ មេឃុំ​ទឹកជោរ ក៏​ដូច អាចារ្យ គណៈកម្មការ និង​ព្រះគ្រូ ចៅអធិការ​វត្ត​បាន​ប្រាប់ រស្មី​កម្ពុជា នៅ វេលា​ទៀបភ្លឺ ថ្ងៃទី​២៦ ខែមេសា ថា ក្នុង​ឃុំ​នេះ មាន​វត្ត​ប្រាំពីរ​ហើយ​មាន ទំនៀមទម្លាប់​កាត់​ឫស​សីមា នៅពេល យប់ ឬ​នៅ​ទៀបភ្លឺ​នេះ ស្ទើរ​ទាំងអស់ ។
​ដោយសារ​មាន​ប្រាសាទបុរាណ​មួយ កសាង​នៅក្នុង​រជ្ជកាល វត្ត​ប្រាសាទ ចា​រលើ​មាន​ទំហំ​ដី ជាង​បី​ហិកតា ។ វត្ត នេះ​បង្កើតឡើង​ពី​ឆ្នាំ​១៨០៨ ដោយ ចៅអធិការ​ព្រះនាម ឡោក​, ព្រះនាម ណាប់ និង​ពុទ្ធបរិស័ទ ។ តម​ក ក្នុង តំណែង​ចៅអធិការ​វត្ត​១២​អង្គ ក៏មាន ការកសាង​បន្ត ជា​ហូ​ហែរ តាំងពី​ព្រះ វិហារ សាលាឆាន់ កុដិ​ពី​ឈើ​ប្រក់​ស្បូវ រហូតដល់​ធ្វើ​ពី​កំបោរ​បាយអ​, បេតុង ប្រក់​ក្បឿង និង​សមិទ្ធិ​ច្រើនឡើងៗ ។​
​ ​
​ដល់​ឆ្នាំ​២០០៩-១០ ព្រះគ្រូ ចៅអធិការ​វត្ត ព្រះនាម ឈ​យ រី​ឆាត​, ព្រះអង្គ​ធិ​ញ ផុង បាន​ផ្តើម កសាង សាលាឆាន់ ។ នៅ​ឆ្នាំ​២០១១ លោកគ្រូ អ៊ុច ប៊ុន​ផាវ លំនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប រូ​ម​នឹង​ពុទ្ធបរិស័ទ សប្បុរសជន បាន​កសាង ព្រះវិហារ​ថ្មី ដែល​ត្រូវ​កាត់ ឫស​សីមា និង​សម្ពោធ​នេះ ទំហំ​២១ ម៉ែត្រ គុណ​១៣​ម៉ែត្រ អស់​ថវិកា​១៣៥. ៥០០​ដុល្លារ​អាមេរិក ។
​ ​
​លោក​លី សារី អភិបាល​ស្តីទី ខេត្តបន្ទាយមានជ័យ ដែល​បាន​ចូលរួម ក្នុង​ពិធី​កាត់​ឫស​សីមា វត្ត​ប្រាសាទ ចារ​លើ បាន​ថ្លែង​អំណរ​ព្រះ​គុណ អរគុណ និង​កោតសរសើរ ដល់​ព្រះគ្រូ ចៅអធិការ ព្រះសង្ឃ គណៈកម្មការ ពុទ្ធបរិស័ទ និង​សប្បុរសជន​ទាំងឡាយ​ដែល​បាន ស្រុះស្រួល រួបរួម និង​មាន សទ្ធា​ជ្រះថ្លា កសាង​ព្រះវិហារ ក៏ដូចជា សមិទ្ធផល​នានា​ក្នុង​វត្ត ។ ជាង​នេះ ទៅ ទៀត គ្រប់គ្នា នៅបាន​ថែរក្សា អភិរក្ស​នូវ ទំនៀមទម្លាប់ កាត់​ឫស​សីមា​ព្រះវិហារ នៅ​វេលាយប់​ទៀបភ្លឺ ដែលជា​ឱកាស នៃ​អាកាសធាតុ​ត្រជាក់ មនោ​រម្យ ស្រឡះ ល្អល្អះ និង​ក្តីសង្ឃឹម​ចូលមកក្នុង​ថ្ងៃ​ថ្មី​ផង ។​
​ ​
​ម្យ៉ាង​ការ​កាត់​ឫស​សីមា​វត្ត ក៏ គ្រប់​រណ្តៅ មានតែ​ក្នុង​ព្រះវិហារ ហើយ​ព្រះសង្ឃ​ទាំងអស់ ជា​អ្នក​កាត់ លើកលែងតែ រណ្តៅ​មួយ ដែល​ទុក​ជូន គ្រហស្ថ ជា​អធិបតី ក្នុង​ពិធី ពោលគឺ ទុក​ជូន​លោក (​លី សារី អភិបាលខេត្ត ស្តី​ទីនេះ​) ៕ ដោយ​: ភ្នំ​ស្វាយ​

​ម៉ោង​៣​ទៀបភ្លឺ​ព្រះសង្ឃ និង​លោក លី សារី​អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ​កា​តើ ប្ញ​សសិ​មា​វត្ត​ប្រាសាទ​ចារ​លើ​ឃុំ​ទឹកជោរ (​រូបៈ​ភ្នំ​ស្វាយ​)​