ទំនៀមទម្លាប់​តុបតែង​ផ្ទះសំបែង​នៃ​ជនជាតិ​ចិន​មុន​បុណ្យចូលឆ្នាំថ្មី​មកដល់​

580
ចែករម្លែក
  • 34
    Shares

ដោយ​: ដេប៉ូ / ភ្នំពេញ​: ជនជាតិ​ចិន​មិន​ថា​នៅ​ប្រទេស​ចិន ឬ​សូម្បីតែ​បងប្អូន​ខ្មែរ​ខ្សែស្រឡាយ​ចិន​រស់នៅ​ប្រទេស​កម្ពុជា​ទេ តែង​ចូលចិត្ត​តុបតែង​ផ្ទះសម្បែង​មុន​បុណ្យចូលឆ្នាំថ្មី​ឈានចូល​មកដល់​។ ការតុបតែង​ផ្ទះ​ក្រៅពី​បង្ហាញ​ពី​ការផ្លាស់ប្តូរ​ឆ្នាំ​ចាស់​ទទួល​អបអរ​ឆ្នាំ​ថ្មី​ហើយ នៅ​បញ្ជាក់​ពី​របស់​សិរី​មង្គល ជួយ​បង្កើន​ជោគ​សំណាង​ដើម្បី​ទទួល​ឆ្នាំ​ថ្មី​មកដល់​ផង​។​

​បើតាម​លោក​បណ្ឌិត ជា មុនី​ឫទ្ធី ប្រធាន​សមាគម​អ្នកស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា ការតុបតែង​រៀបចំផ្ទះ​សម្បែង ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មី មិន​ត្រឹមតែ​ជនជាតិ​ចិន​ទេ គឺ​ជនជាតិ​ដទៃ​ក៏​តែង​អនុវត្ត​វិធី​នេះ​ដូចគ្នា​។​

​លោក​ថា ”​ការតុបតែង​លម្អរ​ផ្ទះសម្បែង​ពិសេស​ជនជាតិ​ចិន ដែល​តែង​មានការ​ដុសលាង​សម្អាតផ្ទះ លាបថ្នាំ​ផ្ទះ​ថ្មី ក៏ដូចជា​បិទ​ក្រដាស​នានា​នោះ ក្រៅពី​ដើម្បី​ទទួល​ឆ្នាំ​ថ្មី​ហើយ ពួកគាត់​នៅមាន​ជំនឿ​នាំមក​នូវ​សេចក្តីសុខ និង​ចម្រុងចម្រើន​ដល់​ក្រុមគ្រួសារ​របស់ខ្លួន​ផង​”​។​

​ទាក់ទិន​ទៅនឹង​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង ជំនឿ​ជនជាតិ​ចិន​នេះដែរ លោក បណ្ឌិត ជា មុនី​ឫទ្ធី បានឱ្យដឹង​បន្ថែមថា ក្រៅពី​ការតុបតែង​ផ្ទះសម្បែង​ចេញ​ជនជាតិ​ចិន ក៏​មិន​ភ្លេច​ទិញ​ចំណីចំណុក​សម្រាប់​ត្រៀម សែន ជីដូន ជីតា ក្នុងការ​នាំមក​ជោគ​សំណាងល្អ​ទៀតផង​។​

​ដោយឡែក​បើតាម​ការស្រាវជ្រាវ​នៃ ឯកសារ ចិន​វិញ​បង្ហាញថា​ជនជាតិ​ចិន​តែង​ចូលចិត្ត​តុបតែង​ក្រដាស​ពណ៌​ក្រហម​នានា​តាម​ផ្ទះសម្បែង​ដែល​គេ​មាន​ជំនឿ​ពី ឥទ្ធិពល និង​ភាពស្រស់ស្អាត​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​។​

​របស់​សំខាន់ៗ​ដែល​គេ​តែង​ប្រើ​យកមក​តុបតែង​ផ្ទះ​ទាំងនេះ​រួមមាន​៖

១)​គោម​ពណ៌​ក្រហម​
​គោម​ពណ៌​ក្រហម​គេ​ជឿជាក់ថា​តែង​ជួយ​បណ្តេញ​រាល់​ឧបទ្រពចង្រៃ​ឱ្យចេញ​ឆ្ងាយ​ពី​ផ្ទះសម្បែង​។​ក្រៅពីនេះ​ជនជាតិ​ចិន​នៅ​ធ្វើ​ការព្យួរ​គោម​ពណ៌​ក្រហម​ក្នុង​រថយន្ត​ដែល​គេ​ជឿជាក់ថា​នៅ​ជួយ​ការពារ​គ្រោះភ័យ​និង​បណ្តេញ​រាល់​អំពើអាក្រក់​ឱ្យ​ចាកចេញ​ឆ្ងាយ​។​

២)​ដើម​ក្រូចខ្វិច​(​ផ្លែ​ពណ៌​ក្រហម​)
​ផ្លែក្រូច​ពណ៌​ក្រហម​មានន័យ​ទៅដល់​មាស​និង​ជោគ​លាភ​។ ក្រៅពីនេះ ដោយសារ​ក្រូច​ពណ៌​ប្រភេទ​នេះ​មាន​ពណ៌​ដូច​មាស ដែល​បញ្ជាក់​ពី​ទ្រព្យសម្បត្តិ ទើប​វា​បាន​ក្លាយជា​របស់​និម្មិត​រូប​ទៅដល់​ការ​មានទ្រព្យ​មានសំណាង និង​ជោគ​លាភ​។ តាម​ជំនឿ​ហើយ​សម្រាប់​ក្រូច​ប្រភេទ​នេះ គេ​អាច​ទិញ​ទាំង​ដើម​មក​តុបតែង​ផ្ទះសម្បែង និង​ទិញ​ផ្លែ​មក​សែនព្រេន​ក៏​នឹង​ទទួលបាន​ផល​ដូចគ្នា​។​

៣)​រូបសំណាក​និម្មិត​រូប​ប្រចាំឆ្នាំ​កំណើត​
​រូបសំណាក​ប្រចាំឆ្នាំ​ក៏​ជា​របស់​សំខាន់​មួយទៀត​ដែល​គេ​តែង​ទិញ​មក​តុបតែង​ផ្ទះសម្បែង​សម្រាប់​សិរី​មង្គល និង​នាំ​ជោគ​លាភ​មកឱ្យ​។ ក្នុងនេះ​ដូចជា​ឆ្នាំកុរ​ជា​និម្មិត​រូប​សត្វ​ជ្រូក គេ​តែង​ទិញ​រូបសំណាក​សត្វ​ជ្រូក​មក​ដាក់​ផ្ទះ ដែល​បញ្ជាក់​ពី​សិរី​មង្គល និង​ភាពសំបូរ​សប្បាយ​ជាដើម​។​

៤)​ផាវ​ពណ៌​ក្រហម​
​ជន​ជាតិចិន​ភាគច្រើន​ចូលចិត្ត​អុជ​ផាវ​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ដើម្បី​បណ្តេញ​ឧ​ប​ទ្រ​ចង្រៃ​ឱ្យ​ចាកចេញ​ឆ្ងាយ​។ ទោះបី​យ៉ាងណាក្តី ដោយសារ​ផាវ នាពេល​បច្ចុប្បន្ន​គេ​បាន​ហាម​ប្រាណ​មិនឱ្យ​អុជ​បង្ក​សំឡេង​ក្តុងក្តាំង​បន្តទៀត​នោះ ទើប​បច្ចុប្បន្ន​គេ​ឃើញ​មាន​ការផលិត​ផាវ​ស​ម្ប​និម្មិត​មក​តាំង​លម្អរ​ផ្ទះ​ជំនួស​វិញ​។ ការតាំង​បង្ហាញ​ផាវ​ស​ម្ប​និម្មិត​ជំនួស​ការដុត​នេះ ក៏​គេ​ជឿជាក់ថា នឹង​ទទួលបាន​នូវ​ជោគ​លាភ និង​ទទួលបាន​ផល​ល្អ​ដូចគ្នា​នឹង​ការអុជ​បំផ្ទុះ​ផាវ​ពិត​ផងដែរ​៕ ល​