ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ នឹង​កើន​ដល់​០៦​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៧​នេះ​

501

(​ភ្នំពេញ​) : មន្ត្រីជាន់ខ្ពស់​នៃ​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បានអោយដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​នៅ​ឆ្នាំ​២០១៧​នេះ​អាច​នឹង​កើន​ឡើងដល់​ប្រមាណ​០៦​ពាន់​លាន​ដុល្លារ​អាមេរិក គ្រា​ដែល​រយៈពេល​០៦​ខែ​នៃ​ឆ្នាំនេះ​មាន​ចំនួន​រហូតដល់​ជិត​០៣​ពាន់​​លាន​ដុល្លារ​អាមេរិក​។​

​មានប្រសាសន៍​ក្នុង​សន្និសីទ​សារ​ព័ត​មាន ស្តីពី​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ២០១៧ លើក​ទី​៣ នា​ព្រឹក ថ្ងៃទី​២៣ ខែធ្នូ​កន្លងទៅ​នៅ​រាជធានី​​ភ្នំពេញ លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល តំណាង​ពាណិជ្ជកម្ម​ថៃ​ប្រចាំ ខេត្តសៀមរាប និង​ជា​មន្ត្រីជាន់ខ្ពស់​នៃ​ស្ថានទូត​ថៃឡង់​ដ៍​បាន​​លើកឡើងថា កាលពី​ឆ្នាំ​២០១៦​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំងពីរ មាន​ចំនួន​សរុប ៥.៦០០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ការនាំចេញ ពី​ថៃ​មកកាន់​កម្ពុ​ជាមាន​ប្រមាណ​ជាង ៤.០០០​លាន​ដុល្លារ ដោយឡែក​ការនាំ​ចេញពី​កម្ពុជា​ទៅ​ថៃ​មាន​ចំនួន ជិត​២.០០០​លាន​ដុល្លារ​អាមេរិក​។

​ទាក់ទង​នឹង​គម្រោង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ២០១៧​ខាងមុខ លោកស្រី​បាន​បញ្ជាក់ថា ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​​ផលិតផល​និង​ស្វែងរក​ថៃ​គូ​ពាណិជ្ជកម្ម​ថ្មីៗ​បន្ថែមទៀត និង​ដើម្បី​ជាការ​ថែ្ល​ង​អំណរគុណ​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ទំនិញ​​ថៃ​ឲ្យ​មានឱកាស​បាន​ទិញ​ទំនិញ​ពី​ម្ចាស់​រោងចក្រ​ដោយ ផ្ទាល់​ក្នុងតម្លៃ​ដែល​អាច​ធានាថា​ធូរ​ថ្លៃ​ជាង​តម្លៃនៅលើទីផ្សារ​យ៉ាងពិត​ប្រា​ដក​។ ​ទន្ទឹមនឹងនេះ លោកស្រី បានបង្ហាញ​សុទិដ្ឋិនិយម​ថា ពិព័រណ៍​នាពេលខាងមុខ​នឹង​នៅតែ​ទទួលបាន​ការគាំទ្រ​ច្រើន​ដដែល​ពី​សំណាក់ ប្រជាជន​កម្ពុជា ដោយសារ​ផលិតផល​ថ្ងៃនោះ​មាន​ដាក់​លក់រាយ ពិសេស​តម្លៃ​សមរម្យ បើទោះបីជា​ពេលនេះ​មាន​វត្តមាន​ជា​ផ្លូវការ​​ផ្សារ​ដ៏​ល្បីឈ្មោះ​(Makro) ពី​ប្រទេស​ថៃ​នៅ​កម្ពុជា និង​ដាក់លក់​ទំនិញ​របស់​ថៃ ពិតមែន​ក្តី ប៉ុន្តែ​ការលក់​នោះ​ជា​ប្រភេទ​លក់ដុំ​។​

​ជាមួយគ្នានេះ លោក យិន សុ​ផា អ្នករៀបចំ​កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ បាន​បញ្ជាក់ថា ពិព័រណ៍ លើក​ទី​៣​នេះ​មាន​ក្រុមហ៊ុន​ចូល​​រួម​និង​ស្តង់​សរុប​ប្រមាណ​២០០ ដែលមាន​នាំយក​ទំនិញ​មក​ដាក់​បង្ហាញ ដូចជា​៖ សម្ភារៈ​អគ្គិសនី​និង​អេឡិចត្រូនិក អាហារ​និង​ភេសជ្ជៈ សុខភាព​និង​ស​ម្ជ​ស្ប និង​វត្ថុ​អនុស្សាវរីយ៍ និង តុបតែង​ផ្ទះ និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​និង​សម្ភារៈ​ផ្ទះបាយ​ជាដើម​។ លោក​បន្ថែមថា កម្មវិធី​នោះ​នឹង​ប្រព្រឹត្ត ទៅ​រយៈពេល​០៤​ថ្ងៃ​ជាប់​គ្នា គិត​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិតនៅ​មជ្ឈមណ្ឌល​ពិព័រណ៍ កោះ​ពេជ្រ រាជធានី​ភ្នំពេញ​៕​ដោយ : ពៅ និមល​/sn

​លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល (​ឆ្វេង​ដៃ​) និង​លោក យិន សុ​ផា (​ស្តាំ​ដៃ​) (​ពៅ និមល​)

​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​ថៃ​នៅ​កម្ពុជា​នាពេល​កន្លងមក​