ទំហំ​សេដ្ឋកិច្ច​របស់​ខេត្ត​កែប​មាន​កម្រិត​០,២០​ភាគរយ​នៃ​សេដ្ឋកិច្ចជាតិ​ទាំងមូល​

155
ចែករម្លែក

ដោយ​: បូកគោ / កែប​: ផ្អែកលើ​ការតាមដាន និង​គណនា​លម្អិត​ដោយ​មន្ត្រី​ជំនាញ អំពី​ផលិតផល​ក្នុងស្រុក​បញ្ជាក់​ឱ្យឃើញថា​ខេត្ត​កែប មាន​ទំហំ​សេដ្ឋកិច្ច​ប្រមាណ​០,២០​ភាគរយ នៃ​សេដ្ឋកិច្ចជាតិ​ទាំងមូល​។​

​ថ្លែង​បញ្ជាក់​ក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​បឋម​អំពី​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​សាលប្រជុំ​សាលាខេត្ត​កែប​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ លោ​ករិន វីរៈ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងផែនការ​បាន​មានប្រសាសន៍ថា យោងតាម​ការ​គណនារ​បស់​អ្នក​ប​ច្ចក​ទេស​បង្ហាញឱ្យឃើញថា ខេត្ត​កែប​មាន​ទំហំ​សេដ្ឋកិច្ច​សរុប​ប្រមាណ​២០៥.៥២៦,៨០​លាន​រៀល ប្រហាក់ប្រហែល​៥០,៧​លាន​ដុល្លារ​អាមេរិក ពោលគឺ​ស្មើនឹង​០,២០​ភាគរយ​នៃ​សេដ្ឋកិច្ចជាតិ​ទាំងមូល​។ ក្នុង​ឆ្នាំ​២០១៨ សេដ្ឋកិច្ច​ខេត្ត​កែប​មានការ​កើនឡើង​ប្រមាណ​៥,៦​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៧​។ លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា​ក្នុង​ឆ្នាំ​២០១៨​ចំណូល​មធ្យម​នៅ​ទូទាំង​ខេត្ត​កែប​សម្រាប់​មនុស្ស​ម្នាក់ៗ​ប្រមាណ​១.២១៧​ដុល្លារ ខណៈដែល​ឆ្នាំ​២០១៧ បានត្រឹមតែ​១.១២៩,២០​ដុល្លារ​ប៉ុណ្ណោះ​។

ក្រើនរំលឹក​ក្នុង​ឱក​ស​នេះ លោ​ករិន វីរៈ បាន​មាន​ប្រដា​សន៍​ថា​ទោះបី​ទំហំ​សេដ្ឋកិច្ច​ខេត្ត​កែប​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​ក៏ដោយ ថ្នាក់ដឹកនាំ​ខេត្ត​ត្រូវតែ​បន្ត​យកចិត្តទុកដាក់​លើ​វិស័យ​មួយចំនួន រួមមាន សេវាកម្ម កសិកម្ម និង​ឧស្សាហកម្ម​ជាដើម​។ វិស័យ​ទាំងនេះ នឹង​ជំរុញ​សេដ្ឋកិច្ច​ខេត្ត​កែប​ឱ្យមាន​ការរីកចម្រើន​ខ្លាំងក្លា​ឡើង​បន្ថែមទៀត​។ ជាក់ស្តែង ឆ្នាំ​២០១៨​កន្លងទៅនេះ ផ្នែក​សេវាកម្ម​មាន​ចំនួន​៥៤​ភាគរយ កសិកម្ម​២៩,៧​ភាគរយ និង​ឧស្សាហកម្ម​មាន​១៦,៣​ភាគរយ​ក្នុងការ​រួមចំណែក​ជំរុញ​សេដ្ឋកិច្ច​ខេត្ត​ឱ្យ​រីកចម្រើន​។​

​លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប​បាន​មានប្រសាសន៍ថា​ទាំង​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាលខេត្ត​កែប និង​មន្ទីរ​អង្គភាព​ជំនាញ ក៏ដូចជា​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​បាន​ខិតខំ​យកចិត្តទុកដាក់ ក្នុង​កិច្ច​អភិវឌ្ឍ​ខេត្ត​ឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។

​ជាក់ស្ដែង​អត្រា​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប​បាន​ថយចុះ​ពី​អត្រា​១៤,៣៧​ភាគរយ​នា​ឆ្នាំ​២០១៥ មក​នៅត្រឹម​៤,៤៣​ភាគរយ​ក្នុង​ឆ្នាំ​២០១៩​។ នេះ​ជា​មោទនភាព​មួយ​សម្រាប់​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​ខេត្ត​កែប​ទាំងមូល​៕ ល​