ទ្រាំ​បន្ត​លែង​បាន​, ម៉ៅ ស៊ី​ណាត សុខចិត្ត​មេម៉ាយ​ជា​លើក​ទី​២!

970
ចែករម្លែក
  • 331
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: មហាជន​មានការ​ភ្ញាក់​យ៉ាង​ផ្អើល បន្ទាប់ពី​តារាចម្រៀង អ្នកនាង ម៉ៅ ស៊ី​ណាត បានប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​កថា អ្នកនាង និង​ស្វាមី ឈានដល់​ដំណាក់កាល​អស់​និស្ស័យ​នឹង​គ្នា​ហើយ ក្នុងពេលដែល​ការផ្សះផ្សារ​កន្លង មិនមាន​សុពលភាព ខណៈពេល​មុនៗ នាង​និង​ស្វាមី​បង្ហាញ​ភាព​ស្រលាញ់គ្នា​យ៉ាង​ស្អិតរ​មួ​ត​។​

​អ្នកនាង ម៉ៅ ស៊ី​ណាត និយាយថា អ្នកនាង​រែក​ទុក្ខ​ជុំ​ស្វាមី​ធ្វើ​មិន​ឲ្យ​សប្បាយចិត្ត ជា​យូរ​មកហើយ​។ ប៉ុន្តែ​ដោយសារតែ​អ្នកនាង​ខ្មាស់​គេ ហើយ​មិនទាន់​ចង់​ឲ្យ​ខ្ចរខ្ចាយ ទើប​អ្នកនាង​ប្រឹង​លាក់​។ អ្នកនាង​និយាយថា មិនមាន​នារី​ណា​ម្នាក់​ទ្រាំ​លំបាក​ចិញ្ចឹម​កូន​ម្នាក់ឯង ក្នុងពេល​ស្វាមី​ខ្វះ​ការទទួលខុសត្រូវ​នោះទេ ក្នុងពេលដែល​អ្នកនាង​ក៏មាន​រឿង​ពិបាក​អត្ថាធិប្បាយ​ពី​ស្វាមី​របស់ខ្លួន​ច្រើន​ទៀត ដែល​អ្នកនាង​ទម្លាយ​ទៅ​មិន​ខុសពី​ស្ដោះ​លើ​ទ្រូង​ឯង​។ អ្នកនាង​ថា រវាង​ខ្លួន និង​ស្វាមី ផ្ទុះ​រឿងចម្រូងចម្រាស់​ជា​យូរ​មកហើយ ប៉ុន្តែ​មកពី​អ្នកនាង​អាណិត​កូនស្រី ដែលជា​ដំណក់ឈាម​ក្រោយ​រួមរស់​ជាមួយគ្នា ទើប​អ្នកនាង​ចេះតែ​ទ្រាំ​។

​អ្នកនាង​ប្រកាស​លែងលះ​លោក វិសាល ជា​ស្វាមី​ក្រោយ ដោយ​អះអាងថា បើ​អ្នកនាង​មាន​ប្ដី បន្ទុក​រកលុយ​នៅ​ម្នាក់ឯង​ខំ​ច្រៀង​ខំ​ទទួល​ការងារ មិន​ស្គាល់​យប់​ថ្ងៃ ហើយ​ស្វាមី​យកតែ​រួចខ្លួន​ដដែល អ្នកនាង​ត្រូវតែ​សម្រេចចិត្ត​ចែកផ្លូវ ខណៈដែល​អ្នកនាង​ទម្លាយ​ថា ម្នាក់ឯង​ដើរតួ​ជា​ឪពុក​ផង​ម្ដាយ​ផង ជា​អ្នកមើល​កូន​ផង និង​ជា​អ្នករក​លុយ​មក​ផ្គត់ផ្គង់​គ្រួសារ​ផង ស្រាប់តែ​ស្វាមី មើលមិនឃើញ​ពី​ការតស៊ូ​។ អ្នកនាង​ថា ខ្លួន​បន្តជីវិត​ជាមួយ​ស្វាមី​ទី​២ ដោយ​សុខចិត្ត​ទម្លាក់ខ្លួន ដើរ​ច្រៀង​មិន​ស្គាល់​យប់​ព្រលប់ ប៉ុន្តែ​ស្វាមី​សូម្បីតែ​ចិត្ត​បារម្ភ​ក៏​មិនមាន​ដូច​ស្វាមី​ដទៃ ក្នុងពេលដែល​អ្នកនាង​បង្ហើប​ថា លោក​វិសាល ក៏បាន​ធ្វើ​ខុស​ចំពោះ​កូន​ប្រពន្ធ​ម្ដង​ជា​ពីរដង ដែល​អ្នកនាង​មិនអាច​ទ្រាំ​យក​ទៀត​បាន​។

​អ្នកនាង​បានប្រកាសថា សុខចិត្ត​មេម៉ាយ​ជា​លើក​ទី​២ ដើម្បី​បញ្ចប់ជីវិត​មាន​គូ​ដែល​ល្អ​តែ​មើល ប៉ុន្តែ​ការពិត​ពោរពេញ​ដោយ​ទុក្ខវេទនា​ផ្លូវចិត្ត ដែល​ក្នុងពេលខ្លះ​ស្ទើរតែ​ធ្វើ​ឲ្យ​អ្នកនាង​ចង់​ឆ្កួត​ម្ដង​។ អ្នកនាង​ប្រកាសថា ក្រោយ​បែកបាក់​ពី​លោក កា សាវុធ ដែលជា​មេធាវី​សំបូរ​ទ្រព្យ អ្នកនាង​សុខចិត្ត​បន្ទាបខ្លួន​យក​បុរស​សាមញ្ញ មិនមាន​ទ្រព្យសម្បត្តិ ព្រោះតែ​ចង់បាន​សុខ ប៉ុន្តែ​ចុងក្រោយ​កើតទុក្ខ​លើស​ដើម​។

​អ្នកនាង​បន្តថា រវាង​ខ្លួន និង​ស្វាមី អត់​មាន​អេ​តា​ស៊ីវិល​ទេ អ៊ីចឹង​ហើយ​ទើប​ការ​បែក​គ្នា គ្រាន់តែ​ប្ដឹង​អាជ្ញាធរ ឈប់​ឲ្យ​ឈ្មោះ​វិសាល​ចូល​ផ្ទះ ហើយ​ផ្ដាច់​ទាំង​សិទ្ធិមក​ប៉ះពាល់​កូន គឺ​ចប់សព្វគ្រប់​។ ជាមួយនឹង​ការទម្លាយ​ឲ្យ​ដឹង​នេះ ទើប​មហាជន​ដឹងថា ស្ថានភាព​ដែល​អ្នកនាង​បង្ហោះ​កើតទុក្ខ​កន្លងមក គឺជា​រឿង​ប្រេះស្រាំ​ស្វាមី ដែល​អ្នកនាង​ទើបតែ​ទម្លាយ​ពេលនេះ​៕ ល​