ទ្រុងមាន់​ចំនួន​២៦​រោង​មានលទ្ធភាព​ផលិត​មាន់​សាច់​ជាង​២៣​ម៉ឺន​ក្បាល​ក្នុង​មួយខែ​

574
ចែករម្លែក
  • 544
    Shares

ដោយ​៖​គង់​ហេង​/​កំពង់ចាម​៖​នៅ​ខេត្តកំពង់ចាម​មាន​ទ្រុងមាន់​ខ្នាត​ឧស្សាហកម្ម​ចំនួន​២៦​រោង​ដែល​រោង​នីមួយៗ​មានតម្លៃ​ពី​ជិត​១០​ម៉ឺន​ទៅជា​ង​១០​ម៉ឺន​ដុល្លារ​និង​មាន​សមត្ថភាព​អាច​ផលិត​មាន់​សាច់​លក់​ចែកចាយ​តាម​បណ្តា​ខេត្ត​ទូទាំងប្រទេស ជា​មធ្យម​ក្នុង​មួយខែ​ប្រមាណ​ជាង​២៣​ម៉ឺន​ក្បាល​។​

​លោក​នង​ម៉េង​ហ៊ាង​ប្រធានការិយាល័យ​បសុសត្វ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១២​កុម្ភ​:​នេះ​ថា​បច្ចុប្បន្ន​យើង​មាន​រោង​ចិញ្ចឹមសត្វ​មាន់​ខ្នាត​ធំ​ចិញ្ចឹម​តាមបែប​ឧស្សាហកម្ម​។​រោង​នេះ​មាន​ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ​គឺ​ក្រុមហ៊ុន​ស៊ី​ភី​និង​ក្រុមហ៊ុន​បេ​តា​ហ្គ្រោ​បានមក​សហការ​វិនិយោគ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ដើមទុន​ច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​លោក​ប្រធានការិយាល័យ​បាន​ឲ្យ​ដឹង​ទៀតថា​ក្នុងនោះ​មាន​រោង​ដែល​អាច​ចិញ្ចឹម​បាន​សត្វ​មាន់បាន​ចំណុះ​ពី​១២.០០០​ដល់​១៦.០០០​ក្បាល​ក្នុង​មួយ​រោង​ចំនួន​២៦​រោង​។​មាន​ច្រើនជាងគេ​ជា​រោង​ខាង​ក្រុមហ៊ុន​ស៊ី​ភី​ចំនួន​២៣​រោង​ដែល​ភាគច្រើន​នៅ​ស្រុក​កំពង់សៀម​និង​ស្រុក​បាធាយ​។​ចំណែក​ក្រុម​បេ​តា​ហ្គ្រោ​មាន​ចំនួន បី​រោង នៅ​ស្រុក​ចម្ការលើ និង​ស្រុក​ព្រៃឈរ​។​

​លោក​ម៉េង​ហ៊ាង​បាន​បន្ថែមថា​ការចិញ្ចឹម​មាន់​ខ្នាត​ឧស្សាហកម្ម​នេះ​គឺ​ខាងយើង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ទាំងពីរ​ដោយ​ភាគី​ម្ចាស់​ស្រុក​ជា​អ្នកចំណាយ​ដី​ដើម្បី​សង់រោង​បំពាក់​សម្ភារ​:​ចិញ្ចឹម​ដែល​សរុប​ជា​ថ្លៃ​រោង​នីមួយៗ​ពី​ជិត​១០​ម៉ឺន​ទៅជា​ង​១០​ម៉ឺន​ដុល្លារ​អាស្រ័យ​តាម​ទំហំ​តូចធំ​នៃ​រោង​។​ខាង​ភាគី​ក្រុមហ៊ុន​ជា​អ្នកចំណាយ​លើ​ការចិញ្ចឹម បច្ចេកទេស និង​ទីផ្សារ​រយ​:​ពេល ៣៥ ទៅ ៤០​ថ្ងៃ​ចាប់​លក់​មួយ​លើក តាម​កិច្ចសន្យា​ព្រមព្រៀង នៃ​ភាគី​ទាំងពីរ​។​

​លោក​បាន​បន្តថា​ក្នុងនោះ​ទាំង​២៦​រោង​មាន​សមត្ថភាព​អាច​ផលិត​មាន់​សាច់​នេះ​បាន​ចំនួន​២៣៦.០០០ ក្បាល​ក្នុង​មួយខែ​។ ដោយ​ក្រុមហ៊ុន​បានធ្វើ​ការលក់​ចែកចាយ​ក្នុង​មួយ​គីឡូក្រាម​ពី ជាង ៥.០០០ ទៅ ៨.០០០ រៀល ទៅកាន់​បណ្តា​ខេត្ត​ដែល​មិនទាន់មាន​រោង​មាន់​ដូចខាងលើ​។​

​លោក​ខូវ​វីរ​:​ម្ចាស់​រោង​ចិញ្ចឹម​មាន់​ម្នាក់​នៅ​ឃុំ​ស្រក​ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹងថា​លោក​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឈ្មោះ​ស៊ី​ភី​សាង​សង់រោង​ចិញ្ចឹម​មាន់​ខ្នាត​ធំ​ចំនួន​ពីរ​រោង​ដែល​អាច​ផ្ទុក​មាន់​ចិញ្ចឹម​ចំនួន ១៥.០០០ ក្បាល​ក្នុង​មួយ​រោង បាន​ជាង​មួយឆ្នាំ​ហើយ​។ ដោយ​ក្នុង​មួយឆ្នាំ​ចាប់​លក់បាន​ចំនួន ប្រាំពីរ លើក គឺ​មួយ​លើក​ផាត់​លើ​ការចំណាយ​ទឹក ភ្លើង និង​កម្មករ នៅសល់​ប្រហែល ៤.០០០ ដុល្លារ​។​

លោក ហាក់ លឹម​ហ៊ាន់ ជា​ម្ចាស់​ទ្រុង​ចិញ្ចឹម​មាន់​ចំណុះ​១២.០០០ ក្បាល​ក្នុង​មួយ​រោង​នៅ​ភូមិ​សូ​ដី ឃុំ​សំរោង ស្រុក​ព្រៃឈរ បាន​ឲ្យ​ដឹង​ដែរ​ថា គ្រួសារ​លោក​បាន​សហកា​រ​ជាមួយ​ក្រុមហ៊ុន បេ​តា​ហ្គ្រោ​បាន​រយ​:​ពេល​ជាង​មួយឆ្នាំ​ដែរ​។

ដោយ​លោក​មាន​សមត្ថកិច្ច​សង់​តែមួយ​រោង​តម្លៃ​ជាង ប្រាំបី​ម៉ឺន ដុល្លារ គឺ​មិន​ទំនើប​ដូច​រោង​មាន់​ខាង​ក្រុមហ៊ុន​ស៊ី​ភី​ទេ​។ តែ​ប្រមូល​ផល​ក្នុង​មួយឆ្នាំ​ចំនួន ប្រាំពីរ លើក​ស្មើគ្នា និង​ដក​បាន​ប្រាក់ចំណេញ​មួយ​លើក​បាន​ជាង ៣.០០០ ដុល្លារ​៕S/​