ទ្រុយ​ដូ របស់​កាណាដា ឈ្នះឆ្នោត​អាណត្តិ​ទី​២ តែ​បាត់បង់​សម្លេង​ភាគច្រើន​

245
ចែករម្លែក

​នាយករដ្ឋមន្ត្រី ចា​ស្ទីន ទ្រុយ​ដូ បាន​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ទី​២​ក្នុង​ការបោះឆ្នោតជាតិ​កាណាដា កាលពី​ថ្ងៃ​ចន្ទ​ទី​២១​តុលា ដោយ​បាត់បង់​សម្លេង​ភាគច្រើន តែ​នៅ​ទទួលលទ្ធផល​​រឹងមាំ​ដែល​នឹក​មិន​ស្មាន​ដល់ ទោះ​ជា​លោក​បាន​ជួប​រឿងអាស្រូវ​ដែល​ធ្វើអោយ​ស្រអាប់​កេរ្តិ៍ឈ្មោះ​លោក​ជា​ជន​សេរីនិយកដ៏​គំរូ​ក្តី​។​

​គណបក្ស​សេរីនិយម​របស់​លោក​ទ្រុយ​ដូ បាន​ទទួល​កៅអី​ភាគច្រើនបំផុត​នៅ​ក្នុង​សភា ដោយ​ផ្តល់អោយ​វា​នូវ​ឱកាស​ល្អ​បំផុត​សំរាប់​បង្កើត​រដ្ឋាភិបាល​មួយ​។​ទោះជា​យ៉ាងណា ការខ្វះ​​សម្លេង​ភាគច្រើន​ធម្មតា​មួយ មានន័យថា​គណបក្ស​សេរីនិយម​នឹង​ត្រូវ​ពឹង​លើ​បក្សប្រឆាំង​ណាមួយ​ដើម្បី​ឆ្លង​ច្បាប់​ណាមួយ​។​

​រ៉ូ​ប៊ែត បុត​វ៉ែល សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​តូ​រ៉ុន​តូ បាន​និយាយថា​«​វា​មិន​ដូច​ឆ្នាំ​២០១៥​ទេ​។​វា​មិន​អាស្រ័យ​លើ​មេដឹកនាំ​ទាំង​ស្រុង​ទេ​។​ទ្រុយ​ដូ ជា​នាយករដ្ឋមន្ត្រី​ដោយសារ​បក្ស​​អាច​រួបរួមគ្នា​ដើម្បី​ឈ្នះ​។​នៅពេល​ទ្រុយ​ដូ ពិតជា​សម​នឹង​ទទួល​ការ​សេ​សើរ​ចំពោះ​អ្វី​ដែល​បានកើត លោក​ក៏​ត្រូវតែ​បង្ហាញ​គុណភាព ដែល​នៅ​មិនទាន់​បាន​បង្ហាញ​»​។​

​ទោះជា​យ៉ាងណា លទ្ធផល​នេះ​បង្ហាញ​ជ័យជម្នះ​សំរាប់​ទ្រុយ​ដូ ដែល​រូបភាព​ស្អាតស្អំ​របស់លោក​ត្រូវ​ប្រឡាក់ប្រឡូស បន្ទាប់​ពី​រូបថត​ចាស់ៗ​បាន​លេចឡើង​កាលពី​ខែ​មុន​។​

​ខណៈ​តួលេខ​ស្តីពី​លទ្ធផល​ឆ្នោត​នៅ​សល់​តិចតួច​ដែល​ត្រូវ​ចេញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​២២​តុលា គណបក្ស​សេរីនិយម​បានទទួល​១៥៧​កៅអី ខ្វះ​១៣​កៅអី​ដើម្បី​ទទួលបាន​សម្លេង​​ភាគច្រើន​ធម្មតា​មួយ​នៅក្នុង​សភា​ដែល​មាន​៣៣៨​កៅអី​។​

មេដឹកនាំ​សេរីនិយម ចា​ស្ទីន ទ្រុយ​ដូ ភរិយា​និង​អ្នកគាំទ្រ​បាន​អបអរ ជ័យជម្នះ​នៅ​ទីស្នាក់ការ​បក្ស​នៅ​ក្រុង​ម៉ុង​ត​រេ​អាល់ កាលពី​ថ្ងៃ​២១​តុលា​

​នៅ​ដើម​ថ្ងៃ​អង្គារ លោក​ទ្រុយ​ដូ បាន​និយាយថា​«​យប់​នេះ ប្រជាជន​កាណាដា ច្រាន​ចោល​ការបែកបាក់​និង​ភាពអវិជ្ជមាន​។​ពួកគេ​ច្រាន​ចោល​ការកាត់បន្ថយ និង​រឹតត្បិត​ចំណាយ​។​​ពួកគេ ជ្រើសរើស​រៀប​វារៈ​ជឿនលឿន​ទៅ​មុខ​មួយ និង​ចំណាត់ការ​មាំទាំ​លើ​ការប្រែប្រួល​អាកាសធាតុ​»​។​

​ការ​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​នេះ កើតឡើង​ខណៈ​ដែល​គូប្រជែង​អភិរក្ស​របស់លោក​គឺ​លោក អ៊ែន​ឌ្រូ សៀ​រ ទើប​បាន​ចាប់ផ្តើម​និយាយ​ទៅកាន់​អ្នកគាំទ្រ​ផ្ទាល់​របស់​ខ្លួន តែ​សុន្ទ​រក​​ថា​របស់​លោកនាយក​រដ្ឋមន្ត្រីប​ង្ហា​ញ​ការផ្សះផ្សារ​ជាង ដោយ​បាន​បាន​បញ្ជាក់ថា «​ចំពោះ​អ្នក​ដែល​មិន​បាន​បោះឆ្នោត​ជូន​លោក ត្រូវ​ដឹង​ថា​យើង​នឹង​ខិតខំ​ធ្វើការ​រាល់ថ្ងៃ​ដើម្បី​អ្នក​ យើង​នឹង​ដឹកនាំ​សំរាប់​គ្រប់គ្នា​»​។​

​ការបោះឆ្នោត​កាណាដា ត្រូវបាន​គេ​មើលឃើញថា​ជា​ការជ្រើសរើស​រវាង បុរស​មាន​មន្ត​ស្នេហ៍​រាង​សង្ហា​រ ទ្រុយ​ដូ និង​លោក​សៀ មេដឹកនាំ​ក្រុង​អភិរក្ស​។​លោក​ទ្រុយ​ដូ​បាន​ដណ្តើម​​អំណាច​ជូន​ពួកសេរីនិយម​វិញ​នៅ​ឆ្នាំ​២០១៥ ក្រោយ​បក្ស​អភិរក្ស​ដឹកនាំ​រដ្ឋាភិបាល​អស់​ពេល​ជិត​១០​ឆ្នាំ​នៅ​កាណាដា​៕​ដោយ​៖​វាសនា​

ក្នុង​សុន្ទរកថា​ទទួលស្គាល់​បរាជ័យ លោក​សៀ​បាន​និយាយថា លទ្ធផល​បង្ហាញ​ថា ទ្រុយ​ដូ កាន់តែ​ខ្សោយ បើ​ធៀប​នឹង​ការបោះឆ្នោត​ឆ្នាំ​២០១៥​