ទ្វារ​កំពុងតែ​បើកចំហ​

426

​ភ្នំពេញៈ​ជាថ្មី​ម្តងទៀត​ប្រមុខ​រាជរដ្ឋាភិបាល​និង​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើការ​ពន្យល់​និង​អំពាវ នាវ​ទៅដល់​មន្ត្រី​ទាំងឡាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​ភយន្តរាយ​ដែល​នឹង​មិនអាច​ចៀសផុត​ហើយនឹង​មក ដល់​នៅពេល​ឆាប់​ខាងមុខនេះ​ប្រសិន​តុលាការ​កំពូល​សម្រេច​រំ​លាយ​ចោល​ដោយសារ​អំពើ​ក្បត់ជាតិ​របស់​មេដឹក នាំ​នៃ​ពួកគេ​។​ទន្ទឹមនេះ​សម្តេច​តេ​ជោ​ក៏បាន​បញ្ជាក់​អំពី​ទ្វារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​តែបើក​ចំហ​សម្រាប់​ទទួល​អ្នកស្ម័គ្រចិត្ត​ចូលរួម​។​ដោយឡែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ពន្យល់ថា ការអំពាវ នាវ​គឺ​មិនមែនជា​ការគំរាមកំហែង បំភិតបំភ័យ​ទេ តែ​ជា​រឿង​ធម្មតា​របស់​គណបក្សនយោបាយ​នៃ​សង្គម​ប្រជាធិបតេយ្យ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ផេ​កនា​ថ្ងៃទី​៧​ខែវិច្ឆិកា​(​រូបថត​ផេ​ក​សម្តេច​តេ​ជោ ហ៊ុន សែន​)​

​ ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៧​បានសរសេរថា​សូម​ស្វាគមន៍​បងប្អូន​គណបក្ស​សង្គ្រោះ​ជាតិ​(​ស៊ី​អិន​អ​ភី​,CNRP)​តាម​ពាក្យបណ្តឹង​របស់​ក្រសួងមហាផ្ទៃ​អំពី​ទោស​ក្បត់ជាតិ​នៃ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​គណបក្ស​នេះ​នឹងត្រូវ​ប្រឈម​នឹង​ការរំលាយ​ដោយ​ច្បាប់​ប្រទេស នៅ​ថ្ងៃ​ប្រកាស​សាលដីការ​ដោយ​តុលាការ​កំពូល ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខនេះ​។​

​សម្តេច​បន្តថា ​តាមផ្លូវ​ច្បាប់ នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​ហើយ​គឺមាន​សមាជិក​នៃ​គណៈកម្មការ​នាយក និង​គណៈអចិន្ត្រៃយ៍​ជាង ១០០​រូប​គឺ​នឹង​គ្មាន​សិទ្ឋិ​ធ្វើ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ​។ ចំពោះ​បងប្អូន​ដែល​កំពុង​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ពិតៗ ដែល​មិន​បានដឹង​និង​ចូល​ដៃជើង​ជាមួយ​មេដឹកនាំ​បក្ស​ក្បត់ជាតិ គឺ​បងប្អូន​មានឱកាស​ចូលរួម​អាជីព​នយោបាយ​បម្រើ​ប្រទេសជាតិ​ជា​បន្ត​ជាមួយ សម្តេច​តេ​ជោ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​។ បងប្អូន​មាន​ពេល​ប្រាំបួន ថ្ងៃ​ទៀត ដើម្បី​ចូលរួម​កសាង​ប្រទេស​ជាមួយ សម្តេច​តេ​ជោ មុន​ការប្រកាស​សាលដីការ​ដោយ​តុលាការ​កំពូល​នៅ​ថ្ងៃទី ១៦ វិច្ឆិកា ២០១៧​ខាងមុខនេះ​”​។​
​ក្នុង​ផេ​ក​ដដែល​បានបញ្ជាក់​ជា​ចុងក្រោយ​ថា “​សូមកុំ​ឲ្យ​ឱកាស​ដ៏​កម្រ​នេះ​កន្លងផុត​ឲ្យ​សោះ​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រីករាយ​ស្វាគមន៍​ទទួល​បងប្អូន​ជានិច្ច​”​។​

​គួររំលឹកថា​នេះ​មិនមែនជា​លើកដំបូង​ទេ​ដែល​សម្តេច​តេ​ជោ​បានបញ្ជាក់​អំពី​ការបើក​រង្វង់​ដៃ​ទទួល​មន្ត្រី​និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​ថ្នាក់​។​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ គឺ​កាលពី​ថ្ងៃទី​៤​ខែវិច្ឆិកា​សម្តេច​បាន​ថ្លែង​សារ​ដោយ​ផ្ទាល់មាត់​ក្នុង​វី​ដេ​ឃ្លី​ប​ដោយ​បញ្ជាក់​អំពី​ទឹកចិត្ត​របស់​សម្តេច​និង​គណបក្ស​ប្រជាជន​កម្ពុជា​។​សារ​នាពេលនោះ​សម្តេច​តេ​ជោ​បាន​អធិប្បាយ​ថា “​ប្រសិន​គណបក្ស​សង្គ្រោះ​ជាតិ​មិនត្រូវ​បាន​រំលាយ​ទេនោះ​តើ​មានការ​ចាំបាច់​ឲ្យ​ខ្ញុំ​ត្រូវ​អំពាវនាវ​ឲ្យ​បងប្អូន​មក​ចូលរួម​បម្រើប្រជាជន​ធ្វើ​អ្វី​? ។ ហេតុនេះហើយ​ទើប​ខ្ញុំ​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សា​ក្រុង ស្រុក ខេត្ត រាជធានី អាច​ចាក​ចេញពី​គណបក្ស​មុន​គណបក្ស​នេះ​ត្រូវបាន​រំលាយ ។ បងប្អូន​សុទ្ធតែ​ចង់​បម្រើប្រជាជន​។ ដូចនេះ​ក្នុងនាម​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី និង ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​សុំ​ធានា​ចំពោះ​តំណែង និង តួនាទី​របស់​បងប្អូន​ដែល​ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សា និង ក្រុមប្រឹក្សា​ក្រុង ស្រុក ខេត្ត …។

​ការអំពាវនាវ​ម្តង​ហើយ​ម្តងទៀត​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន គឺមាន​អ្នកធ្វើ​អធិប្បាយ​លំអៀង​ទៅរក​គណបក្​សប្រឆាំង​បកស្រាយ​ថា នេះ​ជា​សកម្មភាព​គំរាម​គំហែង​បំភិតបំភ័យ​។​ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ពន្យល់​តប​ថា​គឺ​មិនមែន​ដូច្នោះ​ឡើយ​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ជាក់​កាលពី​ថ្ងៃទី​៦​ខែវិច្ឆិកា​តាម​សារ​អេឡិចត្រូនិក​ថា ការឃោសនា​អូសទាញ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​របស់​គណបក្ស គឺជា​រឿង​ធម្មតា​របស់​គណបក្សនយោបាយ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ។ ការឃោសនា​គ្រាន់​ជាការ​ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​ផលចំណេញ អំពើ​ល្អ ក្នុងការ​រស់នៅ​ក្រោម​កា​រដឹក​នាំ​របស់​គណបក្ស​នយោបាយ​។ ចំណែក​ការសម្រេចចិត្ត គឺ​អាស្រ័យ​លើ​សាមី​ពលរដ្ឋ​ម្នាក់ៗ​យល់ឃើញ ដោយផ្ទាល់​ខ្លួន ។ គ្មាន​ហេតុផល​ណា ដែល​ចោទថា​ការឃោសនា​អូសទាញ​ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្សប្រឆាំង​ដែល​កំពុង​ជួប​ហានិភ័យ​ពី​បញ្ហា​គណបក្សប្រឆាំង​នឹងត្រូវ​រំលាយ​ដោយ​តុលាការ​កំពូល​នាពេល​ឆាប់ៗ​ខាងមុខនេះ ។ ការឃោសនា​អូសទាញ មិនមែន​ជាការ​សម្លុត​គំរាមកំហែង ដូច​ពួក​បក្សប្រឆាំង និយាយ​មួលបង្កាច់​នោះទេ ។ ការនិយាយ​មួលបង្កាច់​នេះ​ស្តែង​ឲ្យ​ឃើញថា​បក្សប្រឆាំង​បាន និង កំពុង​ភិតភ័យ​ព្រមទាំង​ស្លន់ស្លោ​បាត់​ម្ចាស់ការ ៕MN/

ដោយៈបូព៌ព្រឹក្ស