ទ្វីបអង់តាក់ទិក​បាត់បង់​ទឹកកក​រាប់លាន​លាន​តោន ចាប់តាំងពី​ឆ្នាំ ១៩៩២

1725
ចែករម្លែក

​ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្ដរជាតិ​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ចេញផ្សាយ​នៅក្នុង​ទស្សនាវដ្ដី Nature កាលពី​ថ្ងៃ​ពុធ​ទី​១៣​មិថុនា​ថា ទ្វីបអង់តាក់ទិក​បាន​បាត់បង់​ទឹកកក​ប្រហែល ២,៧ លាន​លាន​តោន ដែលជា​បរិមាណ​មួយ​ឆ្លើយតប​ទៅនឹង​ការកើនឡើង​កម្រិត​ទឹកសមុទ្រ​។​

​របាយការណ៍​នេះ​បានឱ្យដឹងថា “​ផ្ទាំង​ទឹកកក​អង់តាក់ទិក​បាន​បាត់បង់​ទឹកកក ២.៧២០ ពាន់​លាន​តោន​ក្នុង​ឆ្នាំ ១៩៩២ និង ២០១៧ ដែល​ឆ្លើយតប​ទៅនឹង​ការកើនឡើង​កម្រិត​ទឹកសមុទ្រ​ជា​មធ្យម ៧,៦ មិល្លីម៉ែត្រ​”​។​

​អ្នកវិទ្យាសាស្ត្រ​ចំនួន ៩០ នាក់​បាន​រកឃើញថា ក្នុង​រយៈពេល ៥ ឆ្នាំ​គិត​ចាប់ពី​ឆ្នាំ ២០១២ ទ្វីបអង់តាក់ទិក​បាន​បាត់បង់​ទឹកកក​ចំនួន ២១៩ ពាន់​លាន​តោន​ក្នុង​មួយឆ្នាំ​។​

​របាយការណ៍​នេះ​បានឱ្យដឹងថា បរិមាណ​ទឹកកក​បាត់បង់​គឺ​ស្ទើរតែ​៣​ដង​ច្រើនជាង​អំឡុងពេល​នៃ​ឆ្នាំ ២០០២-២០០៧​។​

​អំឡុង​រយៈពេល​តែមួយគត់​ដែល​បរិមាណ​ទឹកកក​បាត់បង់​បាន​ធ្លាក់ចុះ​គឺ​នៅ​ចន្លោះ​ឆ្នាំ ១៩៩៧ និង ២០០២ នៅពេល​ទ្វីបអង់តាក់ទិក​បាត់បង់​ទឹកកក​ចំនួន ៣៨ ពាន់​លាន​តោន​ក្នុង​មួយឆ្នាំ បើ​ប្រៀបធៀប​ទៅនឹង ៤៩ ពាន់​លាន​តោន​ក្នុង​មួយឆ្នាំ​សម្រាប់​អំឡុង​រយៈពេល ៥ ឆ្នាំមុន​នោះ​។​

​របាយការណ៍​បាន​និយាយថា ការបាត់បង់​ទឹកកក​ខ្លាំង​បំផុត​កើតឡើង​នៅ​អំឡុង​ឆ្នាំ ២០០៧-២០១២ នៅពេល​ទ្វីបអង់តាក់ទិក​បាត់បង់​ទឹកកក​ចំនួន ១៦០ ពាន់​លាន​តោន​ក្នុង​មួយឆ្នាំៗ​។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ទទួលស្គាល់ថា លទ្ធផល​សោកសៅ​ទាំងនេះ​គឺ​លើសពី​ការរំពឹងទុក​របស់​ពួកគេ​ឆ្ងាយ​ណាស់​។​

​លោកស្រី អ៊ី​សា​បេឡា វ៉េ​លី​កូ​ណា មកពី​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា និង​ជា​អ្នកនិពន្ធ​ម្នាក់​នៃ​របាយការណ៍​ខាងលើ បាន​និយាយថា “​ខ្ញុំ​គិតថា យើង​គួរតែ​បារម្ភ​។ អ្វីៗ​កើតឡើង​លឿន​ជាង​ការរំពឹងទុក​របស់​យើង​ទៅទៀត​”៕ ដោយ៖ កញ្ញាដាលីស

ទ្វីបអង់តាក់ទិក​បាត់បង់​ទឹកកក ២,៧ លាន​លាន​តោន ចាប់តាំងពី​ឆ្នាំ ១៩៩២