ធនធាន, ​ធារ, ធន់, ​វិធាន, ​វិវាទ, ​វិទ្ធង្សនា, ​វិភាគ, ​វិបល្លាស, ​វិបុល, ​សន្ដោស

1872
ចែករម្លែក
  • 15
    Shares

ធនធាន ធន់​- បា​. សំ​. ( ន​. ) (​ធន “​ទ្រព្យ​, ស​ម្ប​តិ្ត​”+ ធាន “​ការ​ទ្រទ្រង់​” ទ្រព្យ​របស់​ផ្សេងៗ​ដែល​គង់នៅ : គេ​មាន​ធនធាន​ច្រើន ។

​ធារ សំ​. បា​. ( ន​. ) (​ធារ “​ទ​, សំណុំ​, ដំណើរ​ហូរ​ចុះ​”) ពំនូក​ស្រូវ​, អង្ករ​ឬ​គ្រាប់​អ្វីៗ ដែល​ចាក់​បង្ហូរ​គរ​ទុក : ធារស្រូវ​, ធារទឹក​; ចាក់​ធារ ។ ការ​ទ្រទ្រង់​, ទប់ទល់​, ធន់​ទ្រាំ​, ឋិត​នៅ : មើលទៅ​ប្រហែលជា​មិន​ធារ​ទេ​ដឹង​(​ព​. សា​.) ។

ធន់ ( កិ​. ) ទ្រាំ​, អត់ធ្មត់​; ស៊ូ : ធន់ជំងឺ​, ធន់ក្ដៅ​, ធន់ត្រជាក់​, គាត់​ប្រើ​ឲ្យ​ធ្វើការ​ធ្ងន់​ណាស់ ខ្ញុំ​ធន់​មិន​បានទេ ។

​វិធាន សំ​. បា​. ( ន​. ) វិធី​; បែប​, បែបផែន​; កិរិយា​, អំពើ​;… ។ វិធានការ (–​នៈ​កា​) ការ​មាន​របៀបរៀបរយ​, របៀប​ចាត់ការ ។ វិធី​ឬ​មធ្យោបាយ​សម្រាប់​ការពារ​ប្រុងប្រយ័ត្ន : ចាត់វិធានការ​, ធ្វើតាម​វិធានការ ។

​វិវាទ សំ​. បា​. ( ន​. ) ដំណើរ​ទាស់ទែង​គ្នា​, ដំណើរ​ឈ្លោះប្រកែក​គ្នា : មាន​វិវាទ​, កើត​វិវាទ​នឹង​គ្នា ។ វិវាទកម្ម អំពើ​វិវាទ ។ វិវាទការណ៍ ឬ វិវាទមូល (–​ទៈ –) ហេតុដែល​នាំ​ឲ្យ​កើត​វិវាទ​, ដំណើរ​វិវាទ ។ វិវាទការី (–​កា​រ៉ី​) អ្នក​ហៃ​ឈ្លោះ (​បើ​ស្ត្រី​ជា វិវាទការិនី​) ។ វិវាទបក្ខ ឬ​–​បក្ស (–​ទៈ​បុ័​ក​) ពួក​អ្នក​វិវាទ​, គូវិវាទ ។ វិវាទព័ស្តុ ឬ –​វត្ថុ (–​ទៈ​ព័ស ឬ –​ទៈ​វ័ត​-​ថុ​) រឿង​ឬ​ដំណើរ​វិវាទ ។ វិវាទាធិករណ៍ (​សំ​. បា​. < វិវាទ + អធិករណ​) អធិករណ៍​ដែល​កើត​ព្រោះ​ដំណើរ​ទាស់​មាត់ពាក្យ​គ្នា​; ការ​កើតក្តី​ព្រោះតែ​សម្តី ។​

​វិទ្ធង្សនា វិត​-​ធង់​-​សៈ ន៉ា បា​. ( ន​. ) (​វិ​ទ្ធំ​សន​, វិទ្ធំសនា​) ការ​កម្ចាត់​, ការ​កម្ចាត់​បង់​, ការ​កំចោករោក​, ការ​រម្លំ​រម្លាយ​, ការបំផ្លិចបំផ្លាញ​; អំពើ​បំបះបំបោរ​ដើម្បី​រំលំ​រំលើង​របប​គ្រប់គ្រង​រដ្ឋ : ធ្វើ​វិទ្ធង្សនា​, ប្រើ​កលឧបាយ​ដោយ​វិទ្ធំសនា ។

​វិភាគ សំ​. បា​. ( ន​. ) ការចែក​, ការ​បែង​, ការញែក​ធាតុ​; ចំណែក​, វគ្គ​, សង្កាត់​, ។ ធន​វិភាគ (​ធៈនៈ​–) ការចែក​ទ្រព្យ ។ ធម្ម​វិភាគ ការចែក​ធម៌​ជា​ពួក​ជា​កង​; ចំណែក​ធម៌​, កងធម៌ ។ វចន​វិភាគ ចំណែក​ពាក្យ ។​ល​។

​វិបល្លាស –​បុ័​ល​-​ល៉ា ស បា​.; សំ​. ( ន​. ) (​វិបយ៌ាស​) ការផ្លាស់​ប្រែ​, ដំណើរ​ប្រែប្រួល​, វិបរិត​; ការ​បំប្លែង​; ការ​ក្រឡះ​; ការ​ភ្លាត់​ខុស : វិបល្លាសសញ្ញា​, វិបល្លាសចិត្ត​, វិបល្លាសទិដ្ឋិ វិបរិត​សញ្ញា​, ចិត្ត​, ទិដ្ឋិ (​ហៅ​តាមរបៀប​ថា សញ្ញាវិបល្លាស​, ចិត្ត​វិបល្លាស​, ទិ​ដ្ឋ​វិបល្លាស ព​. ពុ​.) ។ វិបល្លាស​ក្នុង​វេយ្យាករណ៍​បាលី មាន ៧ យ៉ាង​គឺ ១- អក្ខរវិបល្លាស ការ​បំប្លែង​អក្ខរៈ​; ២- លិង្គវិបល្លាស ការ​បំប្លែង​លិង្គ​, ដំណើរ​ប្រែប្រួល​លិង្គ​; ៣- វិភត្តិវិបល្លាស ការ​បំប្លែង​វិភត្តិ​; ៤- វចន​វិបល្លាស ការ​បំប្លែង​វចនៈ​; ៥- បុ​រិ​ស​វិបល្លាស ការ​បំប្លែង​បុ​រិ​សៈ​; ៦- កាល​វិបល្លាស ការ​បំប្លែង​កាល​; ៧- វាចក​វិបល្លាស ការ​បំប្លែង​វាចកៈ​; ដំណើរ​ប្រែប្រួល​វាចកៈ ។

​វិបុល –​ប៉ុលៈ ឬ –​បុល សំ​. បា​. ( គុ​. ) ធំ​, ធំ​ក្រៃលែង​; ទូលាយ​; ច្រើន​, បរិបូរ ។ វិបុលផល ផល​ធំ​, ផល​ច្រើន ។ វិបុលភាព ភាវៈ​ធំ​, ទូលាយ ។ វិបុលរាជ្យ (​សំ​. ស​.) អ្នក​បំពេញ​រាជការ​ផែនដី ។ ឋានន្តរ​សេនាបតី​សម្រាប់ទោ​ក្រសួង​ក្រឡាហោម ក្នុង​កម្ពុជរដ្ឋ​; សម័យ​ឥឡូវ​តាំង​ជាទី​អនុ​រដ្ឋ លេខាធិការ​ក្រសួង​នុះ​ដែរ : អ្នកឧកញ៉ា​វិបុលរាជ្យ​…; ឬ​–​វិបុល​រាជសេនា ។​ល​។

​សន្ដោស សន់​-​ដោ​ស បា​.; សំ​. ( ន​. ) (​ស​ន្តោ​ឞ ឬ សំ​តោ​ឞ​) សេចក្ដីត្រេកអរ​, ពេញចិត្ត ចំពោះ​វត្ថុ​… ជា​របស់ខ្លួន គឺ​បាន​ប៉ុន្មាន​ក៏​ល្មម​ចិត្ត​ត្រឹម​ប៉ុណ្ណោះ មិន​រវះរវាម​, មិន​វាតអាទិ៍ ហួសហេតុ​ឬ​ហួស​ទំនង : មាន​សន្តោស​, ចិញ្ចឹមជីវិត​ដោយ​សន្ដោស ។ ខ្មែរ​ប្រើ​ជា កិ​. ឬ គុ​. ក៏មាន : គួរ​សន្ដោស​ទៅ !; ចិត្ត​សន្ដោស​, ធម៌​សន្ដោស (​ម​. ព​. សន្តុដ្ឋី និង អត់ឱន ក្នុង​ពាក្យ អត់ ១ កិ​. ផង​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​