ធនាគារកណ្តាល​ចិន​បញ្ចេញ​វិធានការ​ជំរុញ​ការផ្តល់​ប្រាក់កំចី​ដល់​បណ្តា​ក្រុមហ៊ុន​ឯកជន​និង​សហគ្រាស​ធុន​តូច​

539
ចែករម្លែក

​ធនាគារកណ្តាល​ចិន​កាលពី​ថ្ងៃ​ពុធ​ទី​១៩​ធ្នូ​បាន​បញ្ចេញ​ឧបករណ៍​គោលនយោបាយ​ដែល​បានកំណត់​ទុក​មួយ​ដើម្បី​ជំរុញ​ការផ្តល់​ប្រាក់កំចី​ដល់​បណ្តា​ក្រុមហ៊ុន​សហគ្រាស​​ធុន​តូច​និង​ឯកជន នៅក្នុង​ការខិតខំ​ចុងក្រោយ​មួយ​ដើម្បី​ទប់​សេដ្ឋកិច្ច​ដែល​កំពុង​រីកចំរើន​យឺត​កុំអោយ​ធ្លាក់ចុះ​លឿន​ចំពេល​បណ្តា​ក្រុមហ៊ុន​សហគ្រាស​ចិន​កំពុង​រង​ផល​ពី​​ការ​វាយ​ពន្ធ​ពិន័យ​របស់​អាមេរិក​។​

​ដើម្បី​បញ្ចៀស​ការធ្លាក់ចុះ​ការរីកចំរើន​យ៉ាងគំហុក រដ្ឋាភិបាលកណ្តាល​ចិន​កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​បាន​បញ្ចេញ​វិធានការ​គោលនយោបាយ​ជា​បន្តបន្ទាប់ រួមមាន​ការ​កាត់​​បន្ថយ​អត្រា​ការប្រាក់​ធនាគារ​ដើម្បី​ជំរុញ​ការខ្ចីប្រាក់ កាត់បន្ថយ​ពន្ធ​និង​ផ្តោតលើ​គំរោង​ហ​រដ្ឋា​រចនាសម្ព័ន្ធ​លឿនៗ​។​

​ធនាគារកណ្តាល​បាន​និយាយ​នៅក្នុង​គេហទំព័រ​របស់ខ្លួន​ថា កំចី​រយៈពេល​វែង​ដែលមាន​គោលដៅ​នេះ នឹង​ផ្តល់​ប្រភព​ទុន​រយៈពេល​វែង​ដោយ​ស្ថិរភាព​សំរាប់​បណ្តា​ស្ថាប័ន​​ហិរញ្ញវត្ថុ​សំរាប់​ផ្តល់​កំចី​បន្តទៅ​ក្រុមហ៊ុន​ឯកជន​និង​សហគ្រាស​ធុន​តូច​។​ធនាគារពាណិជ្ជ​ធំៗ ធនាគារ​ភាគហ៊ុន​រួម​និង​ធនាគារពាណិជ្ជ​ក្នុង​ក្រុង​ធំៗ​បង្ហាញ​ការគាំទ្រ​រឹងមាំ​​របស់គេ​សំរាប់​តំរូវការ​សេដ្ឋកិច្ច​ជាក់ស្តែង​និង​ម៉ាក្រូ​។​ពួកគេ​នឹង​ទ​ទទួលបាន​ឱកាស​ខ្ចីប្រាក់​បែបនេះ​។​

​ប្រធាន​ធនាគារកណ្តាល​ចិន​លោក​យី ហ្កា​ង កាលពី​សប្តាហ៍​មុន​បាន​និយាយថា​លក្ខខណ្ឌ​រូបិយវត្ថុ​ចិន​គួរ​បន្ធូរបន្ថយ​ដើម្បី​គាំទ្រ​សេដ្ឋកិច្ច​ដែល​រីកចំរើន​យឺត តែ​គោ​លន​យោ​​បាយ​មិនអាច​ធូររលុង​ពេក ដោយសារ​ការធ្លាក់​អត្រា​ការប្រាក់​ក្នុងស្រុក​វា​នឹង​ប៉ះពាល់​ប្រាក់​យ័ន​។​

​សូមបញ្ជាក់ថា សេដ្ឋកិច្ច​ចិន​បាន​រីកចំរើន​៦,៥​ភាគរយ​នៅ​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០១៨ ជា​កំណើន​យឺត​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​។​ទិន្នន័យ​កាលពី​សប្តាហ៍​មុន​ក៏​​បានបង្ហាញ​ការធ្លាក់ចុះ​នៃ​ទិន្នផល​រោងចក្រ​កាលពី​ខែវិច្ឆិកា​និង​ការលក់​រាយ ដែល​វា​បង្ហាញ​សញ្ញា​ថា​នៅ​ត្រីមាស​បច្ចុប្បន្ន​កំណើន​អាច​នឹង​ថយចុះ​ទៀត​។​

​ពាក់​ព័​ន្ធឹ​នឹង​សេដ្ឋកិច្ច​ចិន​នេះដែរ អាមេរិក​និង​ចិន​មាន​ផែនការ​ជួបប្រជុំគ្នា​នៅ​ខែមករា​ខាងមុខ​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​មួយ​អំពី​ពាណិជ្ជកម្ម នេះ​បើតាម​រដ្ឋមន្ត្រី​រតនាគា​រ​​អាមេរិក​បាន​និយាយប្រាប់​សារព័ត៌មាន​Bloomberg កាលពី​ថ្ងៃ​១៨​ធ្នូ​។​

​លោក​ស្ទេ​វិ​ន ម្នូ​ជីន ត្រូវបាន​ស្រង់​សម្តី​ដែល​បាន​និយាយថា ភាគី​ទាំង​២​បាន​ទូរស័ព្ទ​និយាយ​គ្នា​ជាច្រើនលើក​នៅ​ប៉ុន្មាន​សប្តាហ៍​មកនេះ និង​មាន​ផែនការ​ជួបគ្នា​ផ្លូវការ​​នៅ​ខែក្រោយ​។​

​ប្រធាន​ហិរញ្ញវត្ថុ​អាមេរិក​រូបនេះ​បាន​និយាយថា ការកាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​អាមេរិក​ជាមួយ​ចិន​នៅតែ​ជា​អាទិភាព​ធំ​មួយ​សំរាប់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​​តែ​បាន​បន្ថែមថា រឿងនេះ​ត្រូវការ​ពេល​និង​ថា​អាមេរិក​ក៏​ផ្តោតលើ​ការផ្លាស់ប្តូរ​រចនា​សម្ព​ន្ធ​នៅក្នុង​សេដ្ឋកិច្ច​ចិន​ដើម្បី​ជួយ​ធ្វើអោយ​ជញ្ជីងពាណិជ្ជកម្ម​មាន​តុល្យភាព​ឡើង​៕
​ដោយៈ​វាសនា​

រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក ស្ទេ​វិ​ន ម្នូ​ជីន បាន​និយាយថា ការកាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​អាមេរិក​ជាមួយ​ចិន​នៅតែ​ជា​អាទិភាព​ធំ​សំរាប់​ប្រធានាធិបតី​ត្រាំ​

#