ធនាគារកណ្តាល​ថៃ​ព្រួយបារម្ភ​ខ្លាចក្រែង​ការពន្យារពេល​បង្កើត​រដ្ឋាភិបាល​នឹង​ប៉ះពាល់​សេដ្ឋកិច្ច​

273
ចែករម្លែក

​ទេសាភិបាល​ធនាគារ​ថៃ​បានលើកឡើង​ពី​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​សេដ្ឋកិច្ច​បណ្តាលមកពី​ការពន្យារពេល​បង្កើត​រដ្ឋាភិបាលថ្មី​មួយ​ក្រោយ​ការបោះឆ្នោត​សកល​កាលពី​​ខែ​មុន​។​
​ ​ ​ ​
​លោក ថៃ សាន់​ទី​ប្រាប​ភូ​ប បាន​និយាយថា ការវិនិយោគ​នៅ​ក្រោម​ថវិការ​រដ្ឋ​សំរាប់​ឆ្នាំសារពើពន្ធ​២០២០ នឹងរង​ផលប៉ះពាល់​បើ​មិន​មាន​ការបង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​មុន​ខែ​សីហា​​ឬ​កញ្ញា​ទេ​។​លោក​ថា ការពន្យារពេល​ដូច្នេះ បើ​កើតមាន​នឹង​ជះ​ឥទ្ធិពល​លើ​គំរោង​វិនិយោគ​សាធារណៈ​និង​សេដ្ឋកិច្ច​ទាំងមូល​ពីព្រោះ​វា​នឹង​ពន្យារ​ការសំរេចចិត្ត​វិនិយោគ​នៅក្នុង​​វិស័យ​ឯកជន​។​

​បណ្តា​វិនិយោគិន​និង​និង​ការី​ធុរកិច្ច​ក៏​កំពុង​រង់ចាំ​មើល​គោលនយោបាយ​របស់​រដ្ឋាភិបាលថ្មី ជា​ពិសេស​អំពី​គោលនយោបាយ​ថ្លៃឈ្នួល​អប្បរ​មា​ដែល​បណ្តា​បក្ស​នយោបាយ​បាន​សន្យា​​ថា​នឹង​បង្កើន​ក្នុងពេល​ពួកគេ​ធ្វើ​យុទ្ធនាការ​រក​សម្លេង​។​

​លោក​បាន​បន្ថែមថា ការចរចា​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ផ្សេងៗ​ក៏​នៅ​រង់ចាំ​រដ្ឋាភិបាល​ថ្មី​។​ដោយសារ​ភាពមិនប្រាកដ​ប្រជា​នយោបាយ​នឹង​នាំអោយ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ធនាគារ​​បាន​កែប្រែ​បន្ទាប​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ​ពី​៤​មក​៣,៨​ភាគរយ​វិញ​។​

​តែ​លោក​បាន​បញ្ជាក់ថា បើ​រដ្ឋាភិបាល​ថ្មី​នឹង​ត្រូវ​បង្កើតឡើង​ទាន់ពេល​មិន​ហួស​ខែមិថុនា នោះ​កំណើន​សេដ្ឋកិច្ច​នឹង​មិន​ប៉ះពាល់ និង​ការវិនិយោគ​នឹង​បន្ត​នៅ​ឆមាស​ទី​២​នៃ​ឆ្នាំ​។​

​ពួក​អ្នកវិភាគ​ខ្លះ​មាន​ជំនឿ​ថា នយោបាយ​ថៃ​នឹង​ធ្វើដំណើរ​ទៅ​រក​ការជាប់គាំង ខណៈ​ក្រុម​នយោបាយ​ធំ​២ មួយ​គឺ​គណបក្ស​ផា​ឡាំង ប្រចា​រ៉ា​ត ដែល​គាំទ្រ​យោធា​និង​មួយទៀត​គណ​​បក្ស​ភឿ​ថៃ កំពុង​ប្រជែង​គ្នា​រក​ដៃគូ​បង្កើត​រដ្ឋាភិបាល​ចំរុះ​។​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ​មាន​ការចរចា តថ្លៃ​និង​ទាក់ទាញ​អោយ​បំបែក​ខ្លួន​ទៅ​ចុះចូល​ខាង​ណា​មួយ​ដើម្បី​កៀគរ​រក​​សម្លេង​បង្កើត​ក្រុម​ចំរុះ​មួយ​ខណៈ​ក្រុម​ធំ​ទាំងពីរ​ទំនងជា​ទទួល​បាន​កៅអី​សភា​ប្រកៀក​ប្រកិត​គ្នា​នៅក្នុង​សភា​ជាន់​ទាប​។​មាន​ការលើកឡើង​ផងដែរ​អំពី​ការបង្កើត​រដ្ឋាភិបាល​​បង្រួបបង្រួម​ជាតិ​មួយ​ដើម្បី​សង្គ្រោះ​ប្រទេស​ពី​ការជាប់គាំង​នយោបាយ​។​

​ទោះជា​យ៉ាងណា ឧបនាយក​រដ្ឋមន្ត្រី​ថៃ លោកវិ​សានុ គ្រី​ង៉ាម បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​មេសា​ថា គ្មាន​ច្បាប់​ណា​អនុញ្ញាតអោយ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​​ឬ​រដ្ឋាភិបាល​ផ្សះផ្សារ​ជាតិ​ដើម្បី​ទម្លាយ​ភាពទាល់ច្រក​នោះទេ​។​តែ​លោក​ថា យន្តការ​ណាមួយ​អាច​ប្រើ​បាន​អោយតែ​អាច​នាំ​ប្រទេស​ទៅមុខ​។​

​សភា​អាច​បោះឆ្នោត​រើស​នាយក​រដ្ឋមន្ត្រី​ម្នាក់​មក​ពី​បេក្ខជន​ក្នុង​បញ្ជី​ស្នើឡើង​។​បើ​មិន​មាន​បេក្ខជន​ណា​ម្នាក់​ទទួលបាន​សម្លេង​គាំទ្រ​គ្រប់គ្រាន់​ទេ ការបោះឆ្នោត​ព្រឹទ្ធសភា​មួយ​នឹង​​ជួយ​រើស​នរណាម្នាក់​ដែល​មិន​មាន​ឈ្មោះ​នៅក្នុង​បញ្ជី គឺ​បេក្ខជន​ក្រៅ​គណបក្ស​ដើម្បី​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​។​

​បណ្តា​បក្ស​ន​យ​បាយ​ក៏​កំពុង​រង់ចាំ​ការសំរេច​ពី​តុលាការ​ធម្មនុញ្ញ​មួយ​ស្តីពី​ការកំណត់​អាសនៈ​សភា​តាម​បញ្ជី​បក្ស​ក្រោយពី​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត​ស្នើសុំ​អន្ត​រាមន៍​៕​ដោយ​៖​វាសនា​

​ ​