ធនាគារកណ្តាល​រុស្ស៊ី​ចាប់ផ្តើម​ផែន​ការដឹក​សាច់ប្រាក់​តា​មរយៈ​ដ្រូ​ន​

1436
ចែករម្លែក

ទេសាភិបាលរង​ទីមួយ​នៃ​ធនាគារកណ្តាល​រុស្ស៊ី​លោក ជី​អូ​ជី លុន​តូ​វ​ស្គី និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២០ មិថុនា​ថា ធនាគារកណ្តាល​រុស្ស៊ី​បាន​គាំទ្រ​គំនិត​ដឹកជញ្ជូន​លុយ​តាមរយៈ​កូន​យន្តហោះ​គ្មាន​អ្នកបើកបរ (UAV) និង ចាប់ផ្តើម​ជជែក​អំពី​បញ្ហា​នេះ​ជាមួយ​ធនាគារ Sberbank​។​

​លោក ជី​អូ​ជី លុន​តូ​វ​ស្គី និយាយ​អំឡុង​ការពិភាក្សា​អំពី​ការដឹកជញ្ជូន​សាច់ប្រាក់​តាមរយៈ​ដ្រូ​ន​នៅ​សន្និសីទ​អន្តរជាតិ​លើក​ទី​បី​អំពី​បញ្ហា​ការអភិវឌ្ឍ​ចរន្ត​លំហូរ​សាច់ប្រាក់​បច្ចុប្បន្ន​យ៉ាង​ដូច្នេះ “​គំនិត​នេះ​គួរឱ្យ​ចាប់អារម្មណ៍​។ យើង​បានចាប់ផ្តើម​សហការ​ជាមួយ​ធនាគារ Sberbank លើ​បញ្ហា​នេះហើយ​”​។​

​លោក​និយាយថា វា​ពិតជា​សំខាន់​ណាស់​ក្នុងការ​ស្វែងយល់ថា​តើ​ប្រព័ន្ធ​ថ្មី​នេះ​អាចធ្វើ​ការ​មាន​ប្រសិទ្ធភាព​ជាង​ប្រព័ន្ធ​ដែលមាន​ស្រាប់​ឬក៏​អត់​។ ទាក់ទិន​នឹង​លទ្ធភាព​ហាមឃាត់​លើ​ការប្រើប្រាស់​ដ្រូ​ន​ដោយ​ធនាគារ​នានា ធនាគារកណ្តាល​មិន​ចាត់ទុក​រឿងនេះ​ចាំបាច់​ទេ​។​

​ធនាគារ Sberbank មាន​ផែនការ​ណែនាំ​យន្តហោះ​ដ្រូ​ន UAV ជាមួយ​សមត្ថភាព​ដឹក​សាច់ប្រាក់​បាន ៥០ គីឡូក្រាម និង យល់ព្រម​គ្នា​លើ​បទបញ្ញត្តិ​ពាក់ព័ន្ធ​នានា ជាមួយ​ទីភ្នាក់ងារ​ដឹកជញ្ជូន​តា​ម​អាកាស​របស់​សហព័ន្ធរុស្ស៊ី​។ នេះ​បើតាម​សម្តី​របស់​អនុប្រធាន​ធនាគារ Sberbank លោក ស្តា​នី​ស្លា​វ គូស​ណេ​ត​សូវ​។​

​លោក​គូស​ណេ​ត​សូវ​និយាយថា “​យើង​មាន​ផែនការ​បង្កើន​សមត្ថភាព​ដឹក​ឱ្យដល់ ៥០ គីឡូក្រាម​នៅត្រឹម​រដូវ​ស្លឹកឈើ​ជ្រុះ​”​។

​យោងតាម​លោក​គូស​ណេ​ត​សូវ ធនាគារ Sberbank ត្រូវការ​ពេល ៣ ទៅ ៦ ខែ ដើម្បី​ណែនាំ​ដ្រូ​ន​ដឹក​លុយ​នេះ​។​

​បញ្ហា​នេះ​គឺ​ត្រូវ​កំណត់​ច្បាប់​ដោយ​ធនាគារកណ្តាល និង ទីភ្នាក់ងារ​ដឹកជញ្ជូន​តាម​អាកាស​របស់​សហព័ន្ធរុស្ស៊ី​៕​