ធនាគារជាតិនៃកម្ពុជា និង ធនាគារកណ្តាលកូរ៉េ ចុះ អនុស្សរណៈយោគយល់ លើការអភិវឌ្ឍ ទីផ្សារអន្តរធនាគារ

195
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលកូរ៉េ បានចុះកិច្ចព្រមព្រៀង ស្តីពី កម្មវិធីភាពជាដៃគូចំណេះដឹង (BOK-KPP) សម្រាប់ការស្រាវជ្រាវរួមគ្នា លើប្រធានបទ ស្តីពីការអភិវឌ្ឍទីផ្សារអន្តរធនាគារ នៅកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ៍ ទី៩ កក្កដា ២០១៩ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ភ្នំពេញ ក្រោមអធិបតីភាព លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោក ឃី ស៊ុនជាង (Mr Kee Sun Jang) អគ្គនាយករងនៃកម្មវិធីភាពជាដៃគូ នៃចំណេះដឹងនៃធនាគារកូរ៉េ។

លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស បានឲ្យដឹងថា នេះជាឆ្នាំទី៤ហើយ ដែលធនាគារជាតិ និងធនាគារកណ្ដាលកូរ៉េ បានសហការគ្នា ហើយពី១ឆ្នាំទៅ១ឆ្នាំ ធនាគារជាដៃគូរទាំងពីរនេះ បានលើកយកប្រធានបទខុសៗគ្នា លើមកពិភាក្សា។ សម្រាប់ឆ្នាំនេះវិញ ភាគីទាំងពីរ បានលើកយកប្រធានបទ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ ទីផ្សារអន្ដរធនាគារ។

លោកស្រី បានបន្ថែមថា ភាគីទាំងពីរ គឺចុះសិក្សា ដើម្បីស្វែងយល់ថា ធ្វើដូចម្ដេច ដើម្បីអភិវឌ្ឍន៍ទីផ្សារអន្ដរធនាគារ នៅកម្ពុជា ឲ្យមានប្រសិទ្ធភាពជាងមុន និងមាន ដំណើរ ការរលូនជាងមុន។ កន្លងមក ធនាគារជាតិនៃកម្ពុជា បានព្យាយាមអភិវឌ្ឍន៍ ទីផ្សារអន្ដរធនាគារ ប៉ុន្ដែនៅមិនទាន់មានភាពប្រសើរ នៅឡើយទេ ដូច្នេះខាង ធនាគារជាតិ ចង់ស្រាវជ្រាវបន្ថែមទៀត ដើម្បីដឹងថា តើត្រូវធ្វើអ្វីខ្លះទៀត ក្នុងគោល បំណង ធ្វើឲ្យកិច្ចការងារមួយនេះ ដំណើរការទៅបានដោយរលូន។

លោកស្រី បានបញ្ជាក់ថា គោលដៅក្នុងការស្រាវជ្រាវនេះ មានច្រើន រួមមាន ចង់ស្វែង យល់ពីឧបករណ៍ថ្មីៗ ដែលគួរតែមាន, ស្វែងយល់ និងធ្វើយ៉ាងណាឲ្យគ្រឹះ ស្ថានធនាគារ ចូលក្នុងទីផ្សារអន្ដរធនាគារ បានច្រើនជាងមុន។

ចំណែក លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ក៏បានថ្លែងអំណរគុណថាៈ «ក្នុងនាមជាធនាគារជាតិនៃកម្ពុជា ខ្ញុំមានសេចក្តីរីករាយ សូមស្វាគមន៍អ្នកទាំងអស់គ្នា ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង រវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាល នៅក្រោមកម្មវិធីភាពជាដៃគូ នៃចំណេះដឹងនៃធនាគារកូរ៉េ ឆ្នាំ២០១៩ (BOK-KPP) ។ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះធនាគារកណ្តាល ដែលបានផ្តល់ជូនធនាគារជាតិនៃកម្ពុជា នូវឱកាសដ៏ល្អ ដើម្បីចូលរួមក្នុងកម្មវិធី KPP នៅឆ្នាំនេះ។ ខ្ញុំសូមទទួលស្គាល់ ដោយស្មោះថា កម្មវិធីនេះ គឺជាជំហានសំខាន់ ឆ្ពោះទៅមុខ ហើយវានឹងបន្តគាំទ្រ ដល់ការស្រាវជ្រាវរបស់ NBC ស្តីពីការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុ របស់ប្រទេសកម្ពុជា ក៏ដូចជាការអនុវត្ត គោលនយោបាយរូបិយវត្ថុ របស់ធនាគារ ជាតិនៃកម្ពុ ជាប្រកបដោយប្រសិទ្ធភាព។

លោកស្រី បានបន្ថែមថា ប្រធានបទស្រាវជ្រាវរួមគ្នានេះ ស្តីអំពី “ការអភិវឌ្ឍទីផ្សារ អន្តរធនាគារនៅកម្ពុជា” គឺជាពេលវេលាសមស្របណាស់ ចំពោះធនាគារជាតិនៃកម្ពុជា ព្រោះខាងធនាគារ ទើបតែបានលើកទឹកចិត្ត ដល់ចលនានៃការផ្តល់ប្រាក់កម្ចី ជាអន្តរ ធនាគារ។ ចំណែកការស្រាវជ្រាវនេះ មានគោលបំណងវាយតម្លៃ ស្ថានភាព បច្ចុប្បន្ននៃ ទីផ្សារអន្តរធនាគារ នៅកម្ពុជា និងព្យាយាមរកវិធី ដើម្បីអភិវឌ្ឍន៍បន្ថែម ទៀត និងការប្រើប្រាស់សាច់ប្រាក់ អោយងាយស្រួលនៅក្នុងប្រព័ន្ធធនាគារ ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន៕