ធនាគារជាតិ​ចែករំលែក​ចំណេះដឹង​ដល់​មន្ត្រី​ឲ្យ​ស្គាល់​ច្បាស់​ពី​ខ្លួនឯង​

390
ចែករម្លែក
លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​មានមតិ​ពេល​បើក​សិក្ខាសាលា​(​រូបថត​ក្រុមការងារ​)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​កាលពី​ថ្ងៃ​អង្គារ​ទី​១១​ខែមិថុនា​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​ធំ​អគារ​សែន​សុខ​ធនាគារជាតិ​នៃ​កម្ពុជា​បានរៀបចំ​សិក្ខាសាលា​ស្តីពី​“​តួនាទី​ធនាគារកណ្តាល​ក្នុង​សភាពការណ៍​បច្ចុប្បន្ន​” ក្រោម​អធិបតីភាព​លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​និង​មាន​សិក្ខាកាម​ចូលរួម​ជាង ៤០០​នាក់​។​

សិក្ខាសាលា​មួយ​នេះ មាន​គោលបំណង បណ្តុះបណ្តាល​ផ្ទៃក្នុង​ដល់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា ឱ្យទទួល​បានការ ចែករំលែក​ព័ត៌មាន បច្ចុប្បន្នភាព និង​ចំណេះដឹង​ថ្មីៗ​ពាក់ព័ន្ធ​នឹង​ធនាគារកណ្តាល ជាពិសេស​យល់ច្បាស់​ពី​បេសកកម្ម​និង​ទិសដៅ​ការងារ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ប្រកបដោយ​សង្គតិភាព ក្នុង​បរិការណ៍​នៃ​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​និម្មាបនកម្ម​ហិរញ្ញវត្ថុ និង​សមាហរណកម្ម​ទៅក្នុង​តំបន់​និង​ពិភពលោក​។​

​គណៈអធិបតី​នៃ​អង្គ​សិក្ខា​សាលា

​ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏មាន​ការចូលរួម​ធ្វើ​បទ​អន្តរាគមន៍​ពី​លោក ស៊ុ ស​ន្និ​សិទ្ធ ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា​ស្តីពី​“​ការធ្វើកំណែទម្រង់​ក្របខ័ណ្ឌ​និង​យន្តការ​នៃ​ការត្រួតពិនិត្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដោយ​ផ្អែកលើ​ហានិភ័យ​និង​ទស្សនវិស័យ​នាពេល​អនាគត​” និង​បទ​អន្តរាគមន៍​របស់ លោក ឃូ វុ​ឍ្ឍី អគ្គនាយករង​បច្ចេកទេស ស្តីពី “​មុខងារ និង​តួនាទី​របស់​ធនាគារកណ្តាល​នៃ​បណ្តា​ប្រទេស ជុំវិញ​សកលលោក ជាពិសេស​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​ក្នុង​តំបន់​អឺរ៉ូ​”​។​

​នាពេល​កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា​តែងតែ​ខិតខំ​បំពេញ​មុខងារ ភារកិច្ច​ចម្បងៗ​ដូចជា​អាជ្ញាធរ​ដឹកនាំ​គោលនយោបាយ​រូបិយវត្ថុ អាជ្ញាធរ​និង អាណាព្យាបាល​ត្រួតពិនិត្យ​លើ​ប្រព័ន្ធ​ធនាគារ អាជ្ញាធរ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ជាពិសេស​ភារកិច្ច​ស្នូល​ក្នុង​ការរក្សា​ស្ថិរភាព​ថ្លៃ​។ ក្រៅពី តួនាទី​ចម្បងៗ​ទាំងនេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​យកចិត្តទុកដាក់​បន្ថែម​លើ​មុខងារ​-​ភារកិច្ច​ដូចជា គោលនយោបាយ​ទំនាក់ទំនង​ជាមួយ​សាធារណៈ​ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត​លើកកម្ពស់​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ដើម្បី​ស្របតាម​ការវិវត្ត​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​និង​ការប្រែប្រួល​នៃ សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ពិភពលោក​។ លើសពីនេះ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ពង្រឹង ក្របខ័ណ្ឌ​នៃ​ការត្រួតពិនិត្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ពិសេស​ផ្តោតទៅលើ ការត្រួតពិនិត្យ​ដោយ​ផ្អែកលើ​ហានិភ័យ​និង​ទស្សនវិស័យ​អនាគត ដើម្បីឱ្យ​ស្របតាម​ឧ​ត្ត​មា​នុ​វត្ត​អន្តរជាតិ គោលការណ៍​គ្រឹះ​ទីក្រុង​បា​សែ​ល​ស្តីពី ការត្រួតពិនិត្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ សំដៅ​ធានា​ឱ្យបាន នូ វ ប្រព័ន្ធ​ធនាគារ​មួយ​ដែលមាន​សុខភាព​ល្អ និង​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​

​ក្នុងឱកាស​នៃ​ការជួបជុំ​ក្នុង​សិក្ខាសាលា​នេះ ក៏មាន​រៀបចំ​កម្មវិធី​ពិសា​នំ​បញ្ចុក​សាមគ្គី បន្ទាប់ពី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ពិសា​នំ​បញ្ចុក​សាមគ្គី​ជាតិ ដើម្បី​បញ្ជាក់​អំពី​សាមគ្គីភាព និង​ឯកភាព​ជាតិ ព្រមទាំង​លើកស្ទួយ​ផលិតផល​ខ្មែរ និង​វប្បធម៌​ខ្មែរ​៕សរន