ធនាគារជាតិ​នៃកម្ពុជារៀបចំ​សិក្ខាសាលា​ភាពជា​អ្នកដឹកនាំ​ជូន​ដល់​មន្ត្រី​

347
ចែករម្លែក
លោកជាចាន់តូទេសាភិបាលធនាគារជាតិថ្លែងបើកសិក្ខាសាលា(រូបថតធនាគារជាតិ)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សិក្ខាសាលា​ភាពជា​អ្នកដឹកនាំ​ស្តីពី “Becoming a Deliberately Developmental Organization by Utilizing Leadership Intelligence” ។​


​សិក្ខាសាលា​នេះ​រៀបចំឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង​មាន លោក​សាស្ត្រាចារ្យ Jim Bagnola ជា​គ្រូ​ឧទ្ទេសនាម ប្រកបដោយ​បទពិសោធន៍​ខ្ពស់​លើ​ការបណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ និង​ការគ្រប់គ្រង​ចិត្តគំនិត​។ សិក្ខាសាលា​នេះ​មាន​គោលបំណង​បង្ហាញ​ពី​ការ​ប្រែក្លាយ​ស្ថាប័ន​មួយ​ប្រកបដោយ​ការអភិវឌ្ឍ​ចេញពី​ការប្តេជ្ញាចិត្ត​ជាមួយ​នឹង​ការប្រើប្រាស់​នូវ​ភាពជា​អ្នកដឹកនាំ​ដ៏​វៃឆ្លាត​ដែល​ក្នុងនោះ​ផ្តោតជាសំខាន់​លើ​ការពង្រីក​ចំណេះដឹង​បន្ថែម​លើ​ភាពជា​អ្នកដឹកនាំ សម្រាប់​ការអភិវឌ្ឍ​ស្ថាប័ន​ប្រកបដោយ​ចីរភាព ជាពិសេស​តាមរយៈ​១-​ការវាយតម្លៃ​បុគ្គលិក​ប្រកបដោយ​សុភ​វិនិច្ឆ័យ​។ ២-​ការ​ប្រែក្លាយ​ដំណោះស្រាយ​ល្អៗ​ដែល​ធ្លាប់​អនុវត្ត​ពីមុន​ឱ្យទៅជា​គោលការណ៍​។ ៣-​ការប្រើប្រាស់​បញ្ញាញាណ​ផ្នែក​ផ្លូវចិត្ត សង្គម សីលធម៌ វប្បធម៌ យេនឌ័រ និង​សហប្រតិបត្តិ​ការល្អ ក្នុង​គោលបំណង​ដើម្បី​ប្រែក្លាយ​ឱ្យទៅជា​អ្នកដឹកនាំ​ល្អ មន្ត្រី​ល្អ និង​ស្ថាប័ន​ល្អ ។

​ជាការ​កត់សម្គាល់​វិស័យ​ធនាគារ​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ពីរ​ទសវត្ស​ចុងក្រោយ​នេះ ទាំង​ផ្នែក​ទំហំ វិសាលភាព​ប្រតិបត្តិការ និង​ផលិតផល​សេវា ។ ការគ្រប់គ្រង​វិស័យ​ធនាគារ​ប្រកបដោយ​ការ អភិវឌ្ឍ​និង​ស្ថិរភាព ត្រូវការ​ធនធានមនុស្ស​ប្រកបដោយ​ជំនាញ និង​ភាពជា​អ្នកដឹកនាំ​ខ្ពស់ ហើយ​ប្រការនេះ កាន់​តែមាន​ភាពចាំបាច់​នាពេល​បច្ចុប្បន្ន​ស្ថិតក្នុង​បរិការណ៍​នៃ​សាកលភាវូបនីយកម្ម និង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា ។​


​គួរ​រំលឹក​ផងដែរ​ថា ធនាគារជាតិ​នៃ​កម្ពុជា ធ្លាប់​បានរៀបចំ​សិក្ខាសាលា​ស្តីពី​ភាពជា​អ្នកដឹកនាំ​នេះ​ចំនួន ២ ដង​រួចមកហើយ ដោយ​លើក​ទី​១ ស្តីពី​សិល្បៈ​នៃ​ការដឹកនាំ និង​ទំនាក់ទំនង​ផ្ទៃក្នុង​និង​ខាងក្រៅ និង​លើក​ទី​២ ស្តីពី​ការ​បង្វឹក​និង​វាយតម្លៃ​សមិទ្ធកម្ម ។
​មន្ត្រី​រៀបចំ​កម្មវិធី​បញ្ជាក់ថា​សិក្ខាសាលា​នេះ មាន​សារសំខាន់​ណាស់​ក្នុងការ​រួមចំណែក​បង្កើន​ប្រសិទ្ធភាព​នៃ​ភាពជា​អ្នកដឹកនាំ​របស់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​៕សរន