ធនាគារជាតិ​នៃ​កម្ពុជា​ព្រមាន​ចាត់វិធានការ​ច្បាប់​លើ​ក្រុមហ៊ុន​កម្ចី​ខុសច្បាប់​មួយចំនួន​

2204
ចែករម្លែក
  • 560
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ធនាគារជាតិ​នៃ​កម្ពុជា បាន​កំពុង​នឹង​ស្នើសុំ​ការសហការ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ក្រុមហ៊ុន ឬ​អ្នកផ្ដល់​កម្ចី​ខុសច្បាប់​គ្រប់​រូបភាព​ទាំងអស់ ដែល​កំពុង​ធ្វើចរាចរ​នៅ​កម្ពុជា​។ ការស្វែងរក​កិច្ចសហការ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ក្រុមហ៊ុន​ឯកជន​មួយចំនួន បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាងសកម្ម តាមរយៈ​បណ្ដាញ​សង្គម ការចែក​នាមប័ណ្ណ និង​ផ្ញើ​សារ​តាម​ទូរស័ព្ទ ដើម្បី​រកស៊ី​ចងការ​ប្រាក់​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ នៃ​កម្ពុជា ស្តីពី​ផលវិបាក​នៃ​ការប្រើប្រាស់​កម្ចី​ខុសច្បាប់ កាលពី​ថ្ងៃទី​២៩ ខែមិថុនា បាន​ឲ្យ​ដឹងថា ធនាគារជាតិ​នៃ​កម្ពុ​ឃា​បានកត់សម្គាល់​ឃើញថា ថ្មីៗ​នេះ ក្រុមហ៊ុន​មួយចំនួន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាងសកម្ម​តាមរយៈ​បណ្តាញ​សង្គម ការចែក​នាមប័ណ្ណ និង​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ជាដើម​។

​ធនាគារជាតិ​នៃ​កម្ពុជា​សូម​ជម្រាបជូន​សាធារណៈជន​ពី​ផល​លំបាក​ធំៗ ដែល​បណ្តាលមកពី​ការប្រើប្រាស់​កម្ចី​ខុសច្បាប់​ដូចខាងក្រោមៈ អតិថិជន​អាច​ប្រឈម​នឹង​បំណុល​វ័ណ្ឌក​ដោយសារ អត្រា​ការប្រាក់​និង កម្រៃ​សេវា​ផ្សេងៗ​ខ្ពស់ជាង​គ្រឹះស្ថាន​ដែល​ស្របច្បាប់ និង​ការធ្វើ​គណនា​ការប្រាក់​ពុំ​ត្រឹម ត្រូវ​តាមច្បាប់​និង​ប​ញ្ញ​តិ​។ អតិថិជន​អាច​ប្រឈម​នឹង​ការប្រឈមមុខ​នឹង​ការគំរាមកំហែង ការគៀបសង្កត់ គ្រោះថ្នាក់ ឬ​រូបភាព​ផ្សេងៗ ដើម្បី​បង្ខំ​ឲ្យ​សង​ប្រាក់​ដើម និង​ការប្រាក់ និង​ប្រាក់​ពិន័យ​ដែល​មិន​សម​ហេតុផល​ទៅ​ក្រុមហ៊ុន​វិញ​។ ទ្រព្យ​ធានា​របស់​អតិថិជន អាច​ត្រូវបាន​ក្រុមហ៊ុន ឬ​អ្នកផ្ដល់​កម្ចី​ខុសច្បាប់​រឹបអូស ដោយ​ពុំ​ឆ្លងកាត់​ការសម្រេច​ពី​តុលាការ​ជាដើម​។​

​ជាមួយ​គននា​នេះ ធនាគារជាតិ នៃ​កម្ពុជា​ស្នើ​សាធារណជន​បង្កើន​ការប្រុងប្រយ័ត្ន ដើម្បី​ជៀសវាង​ការប្រើប្រាស់​សេវាកម្ម​កម្ចី​ពី​ក្រុមហ៊ុន ឬ​អ្នកផ្តល់​កម្ចី​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ទាំងនោះ​។ ទន្ទឹមនេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​កំពុង​នឹង​ស្នើសុំ​ការសហការ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​ក្រុមហ៊ុន ឬ​អ្នកផ្ដល់​កម្ចី​ខុសច្បាប់​គ្រប់​រូបភាព​ទាំងអស់​។​

​យោងតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​មួយចំនួន​ដែល​សង្ស័យ​រកស៊ី​ខុសច្បាប់​នោះ​មានដូចជា ក្រុមហ៊ុន​ឥណទាន​សុចរិត​ភ្នំពេញ ក្រុមហ៊ុន​ឥណទាន​អន្ដរជាតិ ក្រុមហ៊ុន​ឥណទាន​កម្ពុជា ក្រុមហ៊ុន​ឥណទាន​ភ្នំពេញ និង​មាន​ក្រុមហ៊ុន​ឯកជន​មួយចំនួនទៀត​រួម​ដែលមាន​ស្លាក​សញ្ញា​ជា​អក្សរ​បរទេស​នោះ​ផងដែរ​៕ ល​