ធនាគារជាតិ​នៃ​កម្ពុជា​ប្រកាស​ស្តីពីសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ ​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៨

263

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៤​ខែកក្កដា​ឆ្នាំ​២០១៨​ធនាគារជាតិ​នៃ​កម្ពុជា​បានរៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១​និង​ទិសដៅ​ការងារ​ឆមាស​ទី​២​ឆ្នាំ​២០១៨​របស់ខ្លួន​ក្រោម​អធិបតីភាព​លោក​ជា​ចាន់តូ​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​និង​មានការ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​បុគ្គលិក​សរុប​ចំនួន​១.០០០​រូប​។​

​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​
​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៨

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​ធនាគារជាតិ​នៅវេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ​បានបញ្ជាក់​នៅក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨​​នេះ​សេដ្ឋកិច្ចកម្ពុជា​បាន​បន្ត​រីកចម្រើន​ប្រកបដោយ​ភាពជឿជាក់​ដោយ​រក្សាបាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ​។ អត្រា​អតិផរណា​មាន​កម្រិត​មធ្យម​២,៦%​ហើយ​អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព​ក្នុង​រង្វង់​៤.០៣៧​រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក​។ ស្ថិរភាព​នេះ​បាន​បន្ត​ពង្រឹង​ទំនុកចិត្ត​របស់​ភ្នាក់ងារ​សេដ្ឋកិច្ច​ក្នុងការ​បង្កើន​ការវិនិយោគ ការប្រើប្រាស់ និង​សកម្មភាព​ពាណិជ្ជ​កម្មនា​នា​ស្របតាម​ការកើនឡើង​នៃ​ចំណូល​ដែល​ផ​.​ស​.​ស​.​ក្នុង​មនុស្ស​ម្នាក់ៗ​រំពឹងថា​នឹង​កើនឡើង​ដល់​១.៥៦៣​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨​នេះ​។ ទុនបម្រុង​អន្តរជាតិ​បាន​កើនឡើង​ស្មើនឹង​ប្រមាណ ៦​ខែ​នៃ​ការ​នាំចូល​ទំនិញ​និង​សេវា ដែលជា​កម្រិត​ខ្ពស់​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែលជា​ទូទៅ​មាន​កម្រិត ៣​ខែ​ប៉ុណ្ណោះ​។

​ប្រភព​ដដែល​បញ្ជាក់ថា​កម្រិត​ខ្ពស់​នៃ​ទុនបម្រុង​អន្តរជាតិ​បាន​បង្កើន​ភាព​ធន់​នៃ​សេដ្ឋកិច្ចកម្ពុជា​ចំពោះ​ការប៉ះ​ទង្គិច​​ផ្សេងៗ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។ ទន្ទឹមនេះ ការប្រើប្រាស់​ប្រាក់រៀល​ត្រូវបាន​លើកកម្ពស់​ជា​លំដាប់ ហើយ​បច្ចុប្បន្ន​ប្រាក់រៀល​ក្នុង​ចរាចរណ៍​បាន​កើនឡើង​ប្រមាណ ២២​ភាគរយ ខ្ពស់ជាង​គ្រា​ដូចគ្នា​ឆ្នាំមុន (១៨%) ដោយសារ​កំណើន​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មកលើ​ប្រាក់រៀល​។

​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​
​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៨

​នៅក្នុង​វិស័យ​ធនាគារ​វិស័យនេះ​បាន​បន្ត​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ប្រកប​ដោយ​​បរិ​យា​ប័ន្ន​។ ឥណទាន​ត្រូវបាន​ផ្តល់​ដល់​គ្រប់​វិស័យ​ចម្បងៗ​នៃ​សេដ្ឋកិច្ច ដោយបាន​កើនឡើង​ក្នុង​អត្រា ១៨,៨​ភាគរយ ក្នុង​មួយឆ្នាំ​ដែលជា​កម្រិត​សមស្រប​សម្រាប់​គាំទ្រ​ការរីកចម្រើន​សកម្មភាព​សេដ្ឋកិច្ច​និង​មិន​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​។ កំណើន​ឥណទាន​នេះ​បាន​ពឹងផ្អែក​កាន់តែច្រើន​លើ​កំណើន​ប្រាក់​បញ្ញើ​ក្នុងស្រុក​ដែលមាន​កំណើន ២២%​។​ទន្ទឹមនេះ​ប្រជាជន​ពេញវ័យ​ដែល​បានទទួល​សេវា​ហិរញ្ញវត្ថុ​បាន​កើនឡើង​ដល់​៥៧​ភាគរយ​នៃ​ប្រជាជន​ពេញវ័យ​សរុប ដែល​គាំទ្រ​ជា​ចម្បង​ដោយ​វិស័យ​មីក្រូហិរញ្ញវត្ថុ​និង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។

​ធនាគារជាតិ​បាន​បន្ថែមថា​ទោះយ៉ាងណា​ដើម្បី​បន្ត​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព​ការត្រួតពិនិត្យ​និង​បទ​ប្បញ្ញត្តិ​ក៏​ត្រូវបាន​លើកកម្ពស់​ជា​លំដាប់ ជាពិសេស​លើ​ការពង្រឹង​ភាពរឹងមាំ​នៃ​ដើមទុន សន្ទនីយ​ភាព និង​ការគ្រប់គ្រង​ហានិភ័យ​ជា​ប្រព័ន្ធ​នានា ទន្ទឹមនឹង​ការពង្រឹង​កិច្ចការពារ​អតិថិជន​។ នា​ឆមាស​ទី​១​នេះ គ្រឹះស្ថាន​ឥណទាន​ជនបទ​ប្រមាណ​៥០​ដែល​មិនអាច​គោរព​តាមច្បាប់​និង​បទ​ប្បញ្ញត្តិ​ដែលមាន​ជា​ធរមាន​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ត្រូវបាន​បិទ ដែល​ក្នុងនោះ​មាន​គ្រឹះស្ថាន​មួយចំនួន​បាន​បញ្ឈប់​ដំណើរការ​ដោយ​ខ្លួនឯង និង​គ្រឹះស្ថាន​ផ្សេងទៀត​ត្រូវបាន​បញ្ឈប់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។​លើសពីនេះ​អត្រា​ការប្រាក់​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​​បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​ពី​ប្រមាណ ៣៤​ភាគរយ​ចំពោះ​ឥណទាន​ជា​ប្រាក់រៀល និង ២៩​ភាគរយ ជា​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៦ មក​ត្រឹម ១៧,៨៥​ភាគរយ និង​១៧,១៥​ភាគរយ រៀង​គ្នា​។

​ការធ្លាក់ចុះ​នេះ​បានផ្តល់​ភាពអំណោយ​ផល​ដល់​ប្រជាកសិករ​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុងការ​ទទួលបាន​ឥណទាន​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុង​កម្រៃ​សមស្រប សម្រាប់​លើកស្ទួយ​ជីវភាព​រស់នៅ​និង​កាត់បន្ថយ​ភាពក្រីក្រ​។ ម្យ៉ាងទៀត​ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​សហការ​ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ទប់ស្កាត់​ចរាចរណ៍​និង​ការដោះដូរ cryptocurrency​ដែល​មិនមាន​ការអនុញ្ញាត​និង​ការផ្តល់​កម្ចី​ជាមួយនឹង​អត្រា​ការប្រាក់​ខ្ពស់​របស់​អ្នកផ្តល់​កម្ចី​ខុសច្បាប់ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​កុំឱ្យ​ចាញ់បោក​និង​ខាតបង់​ដោយសារ​ជនខិលខូច​មួយចំនួន​។
​គួរ​រំលេច​ថា​ការរីកចម្រើន​នៃ​វិស័យ​ធនាគារ​ទទួលបាន​ពី​កំណើន​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មកលើ​ប្រព័ន្ធ​ធនាគារ និង​ការរីកចម្រើន​សេដ្ឋកិច្ចកម្ពុជា​យ៉ាង​ឆាប់រហ័ស ជាពិសេស ក្នុង​រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយនេះ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​និង​ទស្សនៈ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​៕​សរន​

​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​
​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១៨