ធនាគារជាតិ​នៃ​កម្ពុជា​ចេញ​វិធានការ​បន្ថែម​លទ្ធភាព​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ក្នុងការ​ផ្ដល់​កម្ចី​ចំនួន​១.៨០០​លាន​ដុល្លារ

755
ចែករម្លែក

​លោក គិត សុវណ្ណារិទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ទីមួយ នៃ​ធនាគារជាតិ​នៃ​កម្ពុជា (រូបឯកសារ)

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០​នេះ​បានចេញ​សេចក្ដីប្រកាស​ស្ដីពី ប្រាក់​បម្រុង​កាតព្វកិច្ច​នៃ​ប្រាក់​បញ្ញើ និង​ប្រាក់កម្ចី​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដោយបាន​កាត់បន្ថយ អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​មក​ត្រឹម​៧​ភាគរយ ចំពោះ​ប្រាក់រៀល និង​រូបិយប័ណ្ណ​។


​ការសម្រេចបាន​ធ្វើឡើង ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ផ្ដល់​កម្ចី​បន្ថែម​ជូន​អតិថិជន​ចំនួន​១.៨០០​លាន​ដុល្លារ​អាម៉េរិក​មកលើ​សេដ្ឋកិច្ចកម្ពុជា​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។


​លោក គិត សុវណ្ណារិទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ទីមួយ នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់ថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ អាច​បន្ដ​ផ្ដល់​កម្ចី ឬ​ផ្ដល់​កម្ចី​ថ្មី​ដល់​អតិថិជន ដើម្បី​អាច​រក្សាបាន​និរន្ដ​ភាព​អាជីវកម្ម និង​ជួយ​ទ្រទ្រង់​សកម្មភាព​សេដ្ឋកិច្ច ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩​។


​លោក​បាន​បញ្ជាក់ថា បន្ថែម​ពីនេះ​ធនាគារជាតិ​នៃ​កម្ពុជា នឹង​បន្ដ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​ផលវិបាក​ដែល​បង្កឡើង ដោយ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩​។ ធនាគារជាតិ​នៃ​កម្ពុជា បាន​កំពុង​ចាត់វិធានការ​មួយចំនួន ដើម្បី​សម្រាល​បន្ទុក​អ្នក​ខ្ចីប្រាក់​ពី គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ស្ថិតក្រោម​អាណាព្យាបាល ធនាគារជាតិ​នៃ​កម្ពុជា តាមរយៈ​ការលើកទឹកចិត្ត​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​អនុញ្ញាត​ឲ្យ​អ្នក​ខ្ចីប្រាក់​ពន្យារពេល សង​ប្រាក់ ឬ​សង​តែ​ការប្រាក់ តាម​ស្ថានភាព​ជាក់ស្ដែង និង​លទ្ធភាព​របស់​គ្រឹះស្ថាន​៕​សរន​