ធនាគារជាតិ​នៃ​កម្ពុជា ដាក់​គោលនយោបាយ​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ឲ្យ​ប្រតិបត្តិ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​

353

(​ភ្នំពេញ​)៖​ធនាគារជាតិ​នៃ​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ​មួយចំនួន ដើម្បី​ពង្រីក​ក្នុងការ​លើកកម្ពស់ គោរព​បទបញ្ញត្តិ ក្រមសីលធម៌​វិជ្ជាជីវៈ ដល់​បណ្តា​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់ និង​បង្ហាញ​ការយល់ស្រប​គាំទ្រ​រួមគ្នា​និង​ព្យាយាម​អនុវត្ត​ឱ្យ​​ខាន​តែ​បាន​នូវ​អ្វីដែល​ទាក់ទង​និង​គោលនយោបាយ​។ នេះ​ជាការ​លើកឡើង​របស់ លោកស្រី នាវ ច័ន្ទ​ថា​ណា​ទេសាភិបាលរង​ធនាគារ​​ជាតិ​នៃ​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​២ ខែតុលា ២០១៧ នៅ​សណ្ឋាគា ឡឺ​រ៉ូយ៉ាល់ ក្នុង​កម្មវិធី​កិច្ចប្រជុំតុមូល​ស្តីពី​តួនាទី​នឹង​គោលនយោបាយ​​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។

​លោក រ័ត្ន យូ​ម៉េង អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា​មានប្រសាសន៍​ឱ្យដឹង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​តួនាទី​និង​គោ​លន​​យោ​បាយ​របស់​ធនាគារជាតិ កាលពី​ថ្ងៃទី ២ តុលា ម្សិលមិញ​ថា​ថា “​ខ្ញុំ​គិតថា​គោលនយោបាយ​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ឱ្យប្រើ​ប្រាស់​កន្លង​មកនេះ​គឺ ខាង​ខ្ញុំ​ជា​ធនាគារ​មានការ​គាំទ្រ ហើយ​ព្យាយាម​អនុវត្ត​ឱ្យបាន​ទៅតាម​អ្វីដែល​ធនាគារជាតិ ដូចជា​ការអនុវត្ត គោរព​តាម​គោលនយោបាយ​ទាក់ទង​ការ​តម្រូវឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ត្រូវមាន​ឥណទាន ជា​ប្រាក់រៀល​យ៉ាងតិច ១០%​នៃ​សំពៀត​ឥណទាន​សរុប​របស់​ធ​នាគារ​និង​ហិរញ្ញវត្ថុ នៅ​ឆ្នាំ​២០១៩”​។​

​លោក​បន្តថា “​យើង​នឹង​ប្រឹងប្រែង​ធ្វើ​ទៅតាម​ការចង់បានរ​បស់​ធនាគារជាតិ​។​តែ​ដោយឡែក​សម្រាប់​គ្រឹះស្ថាន ធនាគារ​និង​ហិរញ្ញវត្ថុ ដែល​មិនមាន​ប្រភព​ទុន​លុយ​រៀល​មាំទាំ វា​ជាការ​លំបាក​សម្រាប់​គាត់ ក្នុងការ​ស្វែងរក​លុយ​រៀល​ឱ្យបាន​ច្រើន​ដើម្បី​គោរព​តាម​គោលនយោបាយ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​”​។​

លោកស្រី នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា បាន​សង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍​វិស័យ​ធនាគារ​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការកើនឡើង​នៃ​ទំហំ និង​វិសាលភាព​នៃ​ប្រតិបត្តិការ និង​សេវា​ហិរញ្ញវត្ថុ កាន់តែ​សម្បូរបែប​។​

​លោកស្រី​បន្ដទៀតថា “​ជាក់ស្ដែង​ចាប់ពី​ឆ្នាំ​២០០៥ ទៅ​ឆ្នាំ​២០១៧ ចំនួន​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​កើន​ពី​១៩​ទៅដល់​៥៤ និង​ពី​៣៨​ទៅ​៧៤​រៀង​គ្នា បណ្ដាញ​សាខា​កើន​ពី​៤៧៨​ទៅ​២,១៣៣ កើនឡើង​៤.៥​ដង ទ្រព្យសកម្ម​កើន​ពី​៥.៨​ទ្រី​លាន​រៀល ទៅ​១២៨,៦​ទ្រី​លាន​រៀល កើនឡើង​២២​ដង​, ភាព​ស៊ីជម្រៅ​ផ្នែក​ហិរញ្ញវត្ថុ កើន​ពី​១៩,៥​ភាគរយ ដល់​៧៧​ភាគរយ កើនឡើង​៣,៩​ដង​»​។​

​លោកស្រី​បញ្ជាក់ទៀតថា ដោយសារតែ​ការរីកចម្រើន​នេះ មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការអភិវឌ្ឍ​វិស័យ​ធនាគារ​កម្ពុជា ជាពិសេស​ការរួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ម្យ៉ាងទៀត​ភ្នាក់ងារ​វាយតម្លៃ Moody’s កាលពី​ខែសីហា​នេះ បាន​គូ​បញ្ជាក់ថា នា​រយៈពេល​កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា បានរួម​ចំណែក​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច និង​អត្រា​ប្ដូរប្រាក់ ដែល​គាំទ្រ​ដល់​លំហូរ​ចូល នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ជាដើម​៕ ដោយ​-​បញ្ញា​សាស្ត្រ​ ​/sn


​លោកស្រី នាវ ច័ន្ទ​ថា​ណា ថ្លែង​សុន្ទរកថា នៅក្នុង​កិច្ចប្រជុំតុមូល ស្តីពី​តួនាទី​និង​គោលនយោបាយ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​