ធនាគារជាតិ​នៃ​កម្ពុជា បើក​វគ្គ​សុក្រឹតការ​ជំនា​ន់ទី​១៣

743
ចែករម្លែក
លោកជាចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជា

​ដោយៈបញ្ញា​សាស្ត្រ​/​ភ្នំពេញៈមន្ត្រី​បុគ្គលិក ធនាគារជាតិ​នៃ​កម្ពុជា ត្រូវបាន​ជ្រើសរើស​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា «​សុក្រឹតការ​» ជំនា​ន់ទី​១៣ កាលពី​ថ្ងៃទី​២០ មិថុនា ២០១៩ ដើម្បីឲ្យសិក្ខាកាម​បាន​យល់ច្បាស់​អំពី​ក្របខ័ណ្ឌ និង​នីតិវិធី​ការងារ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ពិសេស​អំពី​មុខងារ​ភារកិច្ច​ស្នូល​របស់​ធនាគារកណ្តាល ដើម្បី​សម្រេច​គោលដៅ​គោលនយោបាយ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ឱ្យ​កាន់តែ​រីកចម្រើន និង​ប្រកបដោយ​បរិ​យា​ប័ន្ន​។ វគ្គ​សិក្សា​នេះ រៀបចំឡើង​នៅ​សាល​ធនាគារជាតិ​នៃ​កម្ពុជា ក្រោម​អធិបតីភាព លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ព្រមទាំង​មន្ដ្រី​បុគ្គលិក​ធនាគារ​ជាច្រើនរូប​។​

​ ​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ លោកជាចាន់តូ ទេសាភិបាល បាន​បញ្ជាក់ថា «​វគ្គ​សុក្រឹតការ​ត្រូវបាន​រៀបចំឡើង​ជាប្រចាំ ដោយ​បានធ្វើ​បច្ចុប្បន្ន​កម្ម លើ​កម្មវិធី​បណ្តុះបណ្តាល និង​ការបង្រៀន​កាន់តែ​ល្អប្រសើរ និង​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ ការងារ​ជាក់ស្តែង​ដែល​បាន​វិវឌ្ឍន៍​រីកចម្រើន​ឥតឈប់ឈរ​»​។​លោក​ក៏បាន​កោតសរសើរ អំណរគុណ​ចំពោះ​មន្ត្រី​បុគ្គលិក​ធនាគារជាតិ គ្រប់លំដាប់​ថ្នាក់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​សម្រេចបាន​សមិទ្ធផល​ជាច្រើន ជូន​ធនាគារជាតិ​នៃ​កម្ពុជា​ក៏ដូចជា បានរួម​ចំណែក​អភិវឌ្ឍ​វិស័យ ធនាគារ​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន ទទួលបាន​ការគាំទ្រ និង​ជំនឿ​ទុកចិត្ត​ពី​សាធារណ​ជនជាតិ​-​អន្តរជាតិ ជា​លំដាប់​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​»​។​

​ ​លោក​បញ្ជាក់ថា ការបណ្តុះបណ្តាល​ដែល​ជោគជ័យ​ទាមទារ​ឱ្យ មានការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ទាំង​គ្រូ​ឧទ្ទេសនាម និង​សិក្ខាកាម​ដោយ​គ្រូ​ឧទ្ទេសនាម ដែលជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​មាន​តួនាទី​ផ្តល់​ចំណេះដឹង ទាំង​ទ្រឹស្តី​ការអនុវត្ត​ជាក់ស្តែង និង​បទពិសោធន៍​ការងារ​ដល់​ក្មួយៗ រីឯ​ក្មួយៗ​ជា​សិក្ខាកាម​វិញ មាន​តួនាទី​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ យកចិត្តទុកដាក់​ស្តាប់​បទឧទ្ទេសនាម និង​ត្រូវ​ចេះ​ហ៊ាន​សួរ​បញ្ជាក់​នៅពេលដែល មិនសូវ​យល់​ឬ​ឆ្ងល់​ពី​ចំណុច​ណាមួយ​។

​ ​លោក ជា ចាន់តូ សង្កត់​បន្ថែមថា តួនាទី​ចម្បង​របស់​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ និង​គោលនយោបាយ​អត្រា​ប្តូរប្រាក់ ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ​ដែលជា​មូលដ្ឋាន​នៃ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​បង្ក​បរិ​កាស​អំណោយផល​ដល់​ការវិនិយោគ​។ ដូច្នេះ វគ្គ​សុក្រឹតការ​ជំនា​ន់ទី​១៣​នាពេលនេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​ឱ្យ​ក្មួយៗ​បាន​សិក្សា​ស្វែងយល់​កាន់តែច្បាស់​ពី តួនាទី​របស់​ធនាគារ​កណ្តាល ដើម្បី​ជា​មូលដ្ឋាន​ក្នុង​អនុវត្ត​ការងារ ប្រកបដោយ​ភាពជោគជ័យ​៕សរន