ធនាគារជាតិ​ព្រមាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មិន​អនុវត្តច្បាប់​

1790
ចែករម្លែក

(​ភ្នំពេញ​)៖ ធនាគារជាតិ​នៃ​កម្ពុជា បានធ្វើ​ការព្រមាន​ផាកពិន័យ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងឡាយណា ដែល​មិន​គោរព​តាមច្បាប់ និង​អនុលោម​តាម​បទបញ្ញត្តិ​ជា​ធរមាន ដែល​បាន​ដាក់ចេញ​ដោយ​ធនាគារជាតិ​។​


​ ​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៨ សីហា​បាន​ឲ្យ​ដឹងថា​អនុលោម​តាម​​ច្បាប់ និង​បទបញ្ញត្តិ​ជា​ធរមាន និង​ក្នុង​គោលដៅ​ពង្រឹង​កិច្ច​គាំពារ​អតិថិជន ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​ដាក់ចេញ​វិធានការណ៍​មួយចំនួន ដូចជា ផាកពិន័យ​ជា​ទឹកប្រាក់​៤០០​លាន​រៀល ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ដែល​មិន​អនុលោម​តាមច្បាប់ និង​បទបញ្ញត្តិ ជាពិសេស​ប្រកាស​ស្តីពី​តម្លាភាព​ក្នុង​ការផ្តល់សេវា​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​។ ធនាគារជាតិ​បាន​បង្កើត​បង្កើត​ទូរស័ព្ទ​Hotline​ចំនួន​បួន​ខ្សែ ដើម្បី​ទទួល​ព័ត៌មាន​ពី​អតិថិជន ដែលមាន​បញ្ហា​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​។​
​ ​
​បន្ត​ពង្រឹង​ការចុះ​ត្រួតពិនិត្យ​ដល់ទី​កន្លែង ចំពោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ស្ថិតក្រោម​អាណាព្យាបាល​របស់​ធនាគា​រ​ជាតិ​នៃ​​កម្ពុជា​។​
​ ​
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ព្រមាន​ថា “​ធនាគារជាតិ​នៃ​កម្ពុជា ក៏​នឹង​ចាត់​វិធានការណ៍​យ៉ាង​តឹងរឹង​ដូច​មានចែង​ក្នុង​ជំពូក​ទី​១៨ ១៩ និង​ទី​២០ នៃ​ច្បាប់​ស្តីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ចំពោះ​គ្រឹះស្ថាន​ធនា​ធារ​និង​ហិរញ្ញវត្ថុ​ណា​ដែល​ប្រព្រឹត្តល្មើស​”​។​
​ ​
​ធនាគារជាតិ​នៃ​កម្ពុជា សូម​រំលឹកថា គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងអស់ គឺជា​គ្រឹះស្ថាន​ឯកជន​រក​ផលចំណេញ ហើយ​គ្រឹះស្ថាន​ទាំងនោះ​មិនមែនជា​របស់​រដ្ឋ​ទេ​។ ដូច្នេះ​រាល់​ការឃោសនា​បោកប្រាស់​ដែលថា​នឹងមាន​​ការលុបបំបាត់​បំណុល​របស់​អតិថិជន​នោះ មិនមែនជា​ការពិត​ទេ ហើយនឹង​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​៕​ដោយ​ច្រាយ ចំណាន​/sn
​ ​