ធនាគារជាតិ អនុញ្ញាត​ឲ្យ​តែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៧ ប៉ុណ្ណោះ អាច​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​

1269
ចែករម្លែក


ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាសថា គិត​មក​ត្រឹម​ខែមីនា ឆ្នាំ​២០១៨ ក្រៅពី​គ្រឹះស្ថាន​ធនាគារ​ពាំ​ណិ​ជ្ជ គឺ​មានតែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចំនួន ៧ ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ចុះ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨​។​
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង ៧​នោះ រួមមាន​៖ ១-​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ២-​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វី​សិន​ហ្វា​ន់ ( ខេ​ម​បូ​ឌា ) អិ​ល​ធី​ឌី ៣-​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត ៤-​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភី អិ​ល ស៊ី ៥-​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត ភី អិ​ល ស៊ី ៦-​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ខូ អិ​ល ធី ឌី និង​៧-​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិ​ល អូ​ល អិ​ល ស៊ី ( ខេ​ម​បូ​ឌា ) ភី អិ​ល ស៊ី​។​

​ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​លើកឡើងថា ក្រៅពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង ៧ ខាងលើនេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ ដែល​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ឡើយ ទោះ​ក្រោមរូបភាព​ណាក៏ដោយ​។

​ជាមួយគ្នានេះ ក្នុង​សេចក្តីប្រកាស​ដដែល ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកឡើងថា កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា បានទទួល​ព័ត៌មាន​ថា ជន​មួយចំនួន និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​មួយចំនួន​តូច ដែល​បាន​កម្លា​យ​ខ្លួន​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល បាន និង​កំពុង​អូសទាញ​ប្រជាពលរដ្ឋ​តាមរយៈ​ការប្រមូលប្រាក់​បញ្ញើ​ពី​សាធារណជន ក្រោមរូបភាព “​កិច្ចសន្យា​ខ្ចីប្រាក់​” និង​ការផ្តល់​អត្រា​ការប្រាក់​ខ្ពស់ ព្រមទាំង​ការផ្តល់​ប្រាក់កម្ចី​ល្មើសច្បាប់​៕មន