ធនាគារពិភពលោកៈ​កំណើនសេដ្ឋកិច្ច​នៅ​ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​នៅមាន​ភាពរឹងមាំតែ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ហានិភ័យ

3270
ចែករម្លែក
  • 21
    Shares
ធនាគារពិភពលោក ព្យា​ករ​ថា​កម្ពុជា នឹង​បន្ត រក្សា​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៨​នេះ​(​រូប សុផល​)

ដោយៈ​សុផល​/​ភ្នំពេញៈ​របាយការណ៍​ចុងក្រោយ​របស់​ធនាគារពិភពលោក​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ច​នៅ​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​បន្ត​រក្សា​ភាពរឹងមាំ​ដដែល ហើយ​កំណើន​នេះ​នឹងមាន​ដល់​ទៅ ៦,៣​ភាគរយ ក្នុង​ឆ្នាំ​២០១៨​។​

ការរំពឹងទុក​ថា​សេដ្ឋកិច្ច​សាកលលោក​នឹង​បន្ត​ងើបឡើង​ទូលំទូលាយ​ហើយ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​នឹង​នៅតែ​រក្សាបាន​ភាពរស់រវើក ដែលជា​មូលដ្ឋាន​នាំឱ្យ​មានការ​ប្រមើល​អនាគត​នៃ​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​វិជ្ជមាន​បែបនេះ​។ យ៉ាងណាក៏ដោយ ហានិភ័យ​កំពុង​កើតឡើង​ថ្មីៗ​ចំពោះ​ស្ថិរភាព និង​កំណើន​ប្រកបដោយ​ចីរភាព តម្រូវឱ្យមាន​ការយក​ចិត្ត​ទុកដាក់​ឱ្យបាន​ដិតដល់​។

​របាយការណ៍​ដែលមាន​ចំណងជើង​ថា​“​បង្កើន​សក្តានុពល​”(Enhancing Potential)​ជាការ​ចេញផ្សាយ​ខែមេសា ឆ្នាំ​២០១៨ នៃ បច្ចុប្បន្នភាព​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក របស់​ធនាគារពិភពលោក​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​១២​ខែមេសា ឆ្នាំ​២០១៨​បាន​គូសបញ្ជាក់ថា បើទោះជា​មានការ​រំពឹង​ទុក​ល្អ​ក៏ដោយ​អ្នកធ្វើ​គោលនយោបាយ​នៅក្នុង​តំបន់​យក​ល្អ​គួរតែ​ទទួលស្គាល់​ហើយ​រក​វិធី​លៃលក​ដោះស្រាយ​ជាមួយ​បញ្ហា​ប្រឈម​នានា​ដែល​កំពុងតែ​លេចឡើង​។​ការយកចិត្តទុកដាក់​ចំពោះ​ហានិភ័យ​រយៈពេល​ខ្លី​ទាក់ទិន​ជាមួយ​កំណើន​ការប្រាក់​លឿន ហួស​ពី​ការ​ស្មាន​នៅក្នុង​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​និង​លទ្ធភាព​នៃ​ការ​កើន​ភាព​តានតឹង​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​តម្រូវឱ្យមាន​ការ​រឹតត្បិត​ផ្នែក​គោលនយោបាយ​រូបិយវត្ថុ​និង​ការត្រៀម​បម្រុង​ទ្រនាប់​សារពើពន្ធ​ឱ្យ​ធំ​ជាង​បច្ចុប្បន្ន​។ ការជំរុញ​បង្កើន​ផ្នែក​វិនិយោគសាធារណៈ​និង​ឯកជន​ផ្នែក​កំណើន​ផលិតកម្ម​និង​ផ្នែក​មូលធន​មនុស្ស​គឺជា​គន្លឹះ​សម្រាប់​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង​។

​លោកស្រី វិច​តូ​រៀ ក្វា​ក្វា អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិកមាន​ប្រសា​ស​ន៍​ថា​«​កំណើន​ដែល​រីកចម្រើន​ខ្លាំង​នេះ​បាន​ជួយ​ឱ្យ​តំបន់​នេះ​ទទួលបាន​ផលចំណេញ​ធំធេង​ក្នុងការ​កាត់បន្ថយ​ភាព​ក្រីក្រ​តោកយ៉ាក​។ ដើម្បី​រក្សា​ភាពជោគជ័យ​នេះហើយ​បង្កើន​ការរំពឹងទុក​ល្អ​សម្រាប់​មនុស្ស​មួយ​ភាគ​ធំ​ក្នុង​ចំណោម​ប្រជាជន​ដែល​មិនទាន់មាន​សន្តិភាព​ផ្នែក​សេដ្ឋកិច្ច​នៅឡើយ​គេ​ចាំបាច់​ត្រូវតែ​រក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ក្នុង​រយៈពេល​វែងឆ្ងាយ​មួយ​»​។

​លោកស្រី​មានបន្ថែម​ទៀតថា​«​អ្នកធ្វើ​គោលនយោបាយ​ចាំបាច់​ត្រូវផ្តោត​ស្មារតី​លើ​ការដោះស្រាយ​ហានិភ័យ​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​ហើយ​ទន្ទឹមពេល​គ្នា​នោះដែរ​ចាត់​វិធាន​-​ការបង្កើន​សក្តានុពល​កំណើន​សម្រាប់​រយៈពេល​យូរ​»​។​

​ក្រោយពី​មាន​កំណើន​លឿន​ហួស​ពី​ការរំពឹងទុក​នៅក្នុង​ឆ្នាំ​២០១៧​កន្លងមក សេដ្ឋកិច្ច​ប្រទេស​ចិន​ត្រូវបាន​រំពឹង​ទុក​ថា​នឹង​ថយ​ល្បឿន​បន្តិច​មកវិញ​មក​នៅត្រឹម ៦,៥​ភាគរយ ក្នុង​ឆ្នាំ​២០១៨ ដោយសារតែ​សេដ្ឋកិច្ច​នេះ​បន្ត​បង្វែរ​ទិស​របស់ខ្លួន​ពី​ការធ្វើ​វិនិយោគ​ឆ្ពោះទៅរក​ផ្នែក​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​វិញ តាមរយៈ​គោល​​នយោបាយ​ដែល​ផ្តោត​កាន់តែច្រើន​ទៅលើ​ការបន្ថយ​ការពង្រីក​ឥណទាន ហើយ​ងាក​មក​បង្កើន​គុណភាព​របស់​កំណើន​វិញ​។​

​ក្រៅពី​ប្រទេស​ចិន​កំណើន​ក្នុងប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​នៅ​ថេរ​ត្រឹម​៥,៤​ភាគរយ ក្នុង​ឆ្នាំ​២០១៨ ដែលជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ការបន្ត​មាន​តម្រូវការ​ខ្លាំង​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ កំណើន​ក្នុងប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ថៃ ត្រូវបាន​គេ​រំពឹងទុក​ថា​នឹងមាន​ភាពរឹង​មាំ​ក្នុង​ឆ្នាំ​២០១៨​ដោយសារ​តែមាន​ទស្សនវិស័យ​ល្អ​ជាង​មុន​សម្រាប់​ការវិនិយោគ និង​តម្រូវការ​ប្រើប្រាស់​ជា​ឯកជន​។ នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​កំណើនសេដ្ឋកិច្ច​ក៏​ទំនងជា​រក្សាបាន​លំនឹង​ដែរ​ក្នុង​ឆ្នាំ​២០១៨​នេះ​។​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​វៀតណាម​កំណើន​ត្រូវបាន​រំពឹងទុក​ថា​នឹង​ថមថយ​ថាមពល​បន្តិច​មកវិញ​ដោយសារ​ការ​វិនិយោគ​សាធារណៈ​នៅមាន​ទំហំ​មធ្យម​ដដែល​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ហើយ​នៅក្នុង​ប្រទេស​វៀតណាម​ឯណោះ​វិញ ផលិតកម្ម​កសិកម្ម​ក៏​រក្សា​លំនឹង​នៅ​ដដែល​ដែរ ក្រោយពី​បាន​ងើបឡើង​នៅក្នុង​ឆ្នាំ​២០១៧​។

​ទស្សនវិស័យ​អំពី​កំណើន​សម្រាប់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​តូច​ជាង មាន​សភាព​ល្អ​នៅឡើយ​ទេ មួយផ្នែក​ដោយសារ​ទំនិញ​នៅមាន​តម្លៃ​ខ្ពស់​គ្រាន់បើ​។ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា សេដ្ឋកិច្ច​ត្រូវបាន​ព្យាករ​ទុក​ថា​នឹង​កើន​នៅក្នុង​ឆ្នាំ​២០១៨ បើទោះជា​ការរំពឹងទុក​ផ្នែក​វិនិយោគ​អាច​ចុះ​យ៉ាប់យ៉ឺន​ក៏ដោយ​ចំពោះមុខ​សភាពការណ៍​ដែល​កំពុង​កើតឡើង​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​។​សិ្ថ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​ដែល​បន្ត​មាន​ជាការ​សបញ្ជាក់​អំពី​កំណើនសេដ្ឋកិច្ច​ខ្ពស់​របស់​ប្រទេស​ម៉ុង​ហ្គោ​លី​។ ប្រទេស ប៉ា​ពួរ ញូ​វ​ហ្គី​ណេ អាច​ទទួល​ការ​ងើបឡើង​ផ្នែក​សេដ្ឋកិច្ច​ជា​ដុំកំភួន ដោយសារ​ថ្លៃទំនិញ​ឡើង​ខ្ពស់ជាង​មុន ប៉ុន្តែ​ការរញ្ជួយ​ដី​កាលពីពេល​ថ្មីៗ​នេះ​អាចមាន​ផលប៉ះពាល់​លើ​ទស្សន​វិស័យនេះ​ទៅវិញ​ដែរ​។ នៅក្នុង​ប្រទេស​កម្ពុជា កំណើន​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ងើបឡើង​បន្តិច ទន្ទឹមនឹងនោះ​ប្រទេស​ឡាវ​ទំនងជា​នឹងមាន​កំណើនថេរ​។​

​ចក្ខុវិស័យ​អំពី​កំណើនសេដ្ឋកិច្ច​សម្រាប់​ប​ណ្តា​ប្រទេស​ក្នុង​កោះ​ប៉ា​ស៊ី​ហ្វ៊ិ​កមាន​ទិដ្ឋភាព​លាយឡំ​គ្នា​។ កំណើន​នៅ​ក្នុង​ប្រទេស ហ្វ៊ី​ជី និង​កោះ​សូ​ឡូ​ម៉ុ​ន ត្រូវបាន​គេ​រំពឹងថា​នឹង​ថមថយ​បន្តិច​មកវិញ​។​កំណើត​សេដ្ឋកិច្ច​នៅតាម​ប្រទេស​កោះ​តូចៗ​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹងមាន​កម្រិត​មធ្យម ប៉ុន្តែ​មាន​លក្ខណៈ​ផុយស្រួយ ដោយសារតែ​ភាព​ងាយ​រងគ្រោះ​ពី​គ្រោះ​ធម្មជាតិ និង​ការពឹងផ្អែក​របស់ខ្លួន​ទៅលើ​ការ​នាំចូល​ទំនិញ​ពី​ខាងក្រៅ​។

​លោក​ស៊ុ​ឌៀ សេត​ទី ប្រធាន​សេដ្ឋកិច្ចវិទូ​របស់​ធនា​គារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក​មាន​ប្រសាសន៍ថា​«​ជាមួយនឹង​ការ​ប្រមើល​ជា​លក្ខណៈ​វិជ្ជមាន​សម្រាប់​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ នៅមាន​បញ្ហា​ប្រឈម​ច្រើន​សម្រាប់​អ្នកធ្វើ​គោលនយោបាយ ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​»​។​លោក​និយាយទៀតថា​៖ «​ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​នឹង​តម្រូវឱ្យ​ចាត់វិធានការ​បន្ថយ​ផល​ប៉ះទង្គិច​ក្នុង​ល្បឿន​លឿន​មួយ ដោយ​​សារ​គោលនយោបាយ​រឹតបន្តឹង​រូបិយវត្ថុ​នៅក្នុង​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន ហើយ​ជាមួយគ្នា​នេះ​ដែរ គេ​ត្រូវ​បង្កើន​ទស្សនវិស័យ​សម្រាប់​កំណើន​ក្នុងរ​រយៈពេល​វែងឆ្ងាយ​ចំពោះមុខ​សភាពការណ៍​ដែល​ខ្វះ​ភាព​ប្រាកដប្រជា​ផ្នែក​គោលនយោបាយ ជាពិសេស​ជុំវិញ​ការធ្វើ​ពាណិជ្ជកម្ម​ពិភពលោក​»​។

ធនាគារពិភពលោក ព្យា​ការណ៍​ថា​កម្ពុជា នឹង​បន្ត រក្សា​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៨​នេះ​(​រូប សុផល​)

​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក បានឱ្យដឹង​ទៀតថា​ដើម្បី​ដោះស្រាយ​ជាមួយ​ហានិភ័យ​ចំពោះ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច បណ្តា​ប្រទេស​ក្នុង​តំបន់​ចាំបាច់​ត្រូវ​ពិចារណា​រឹតត្បិត​គោលនយោបាយ​រូបិយវត្ថុ ហើយ​ពង្រឹង​ថែមទៀត​នូវ​ការប្រយ័ត្នប្រយែង​ផ្នែក​បទបញ្ញត្តិ​ម៉ាក្រូសេដ្ឋកិច្ច​។​ប្រការនេះ​សំខាន់​ជាពិសេស​នៅក្នុង​បណ្តា​ប្រទេស​ដែល​បំណុល​មាន​កម្រិត​ខ្ពស់ ឬ​កំណើន​ឥណទាន​ខ្លាំងពេក​ដែល​ធ្វើឱ្យ​វិស័យ​ហិរញ្ញវត្ថុ​កាន់តែ​ងាយ​មាន​ភាព​រងគ្រោះ​នៅពេលដែល​ការប្រាក់​ត្រូវបាន​ដំឡើង​នៅក្នុង​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​។​

​ដើម្បី​ឈានទៅ​រក្សាបាន​ទស្សនវិស័យ​កំណើន​ជា​មធ្យម​នៅ​ទូទាំង​តំបន់​បាន​បណ្តា​ប្រទេស​ក្នុង​តំបន់​ចាំបាច់​ត្រូវ​រក​វិធី​លើកកម្ពស់​សក្តានុពល​កំ​ណើ​ន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង​។ ទាំងនេះ​ដោយ​រួមបញ្ចូល​ទាំង​វិធាន​ការ​ចម្រុះ​មួយ​ដែលមាន​គោលដៅ​៖​បង្កើន​ចំណាយ​លើ​ផ្នែក​សាធារណៈ​និង​ការផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ ធ្វើ​សមាហរណកម្ម​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ស៊ីជម្រៅ​និង​បង្កើន​ការសម្របសម្រួល​ពាណិជ្ជកម្ម​អនុវត្ត​កំណែទម្រង់​ដើម្បី​ពង្រីក​សមត្ថ​ភាព​ប្រកួតប្រជែង និង កសាង​មូលធន​មនុស្ស​។​

​ក្នុង​សភាពការណ៍​ដែល​ការគំរាមកំហែង​នៅតែ​បន្ត​មាន​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​សាកល ប្រទេស​កំពុងអភិវឌ្ឍន៍​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក អាចឆ្លើយតប​ទៅនឹង​សភាពការណ៍​បែបនេះ​បាន ដោយ​ធ្វើឱ្យ​សមាហរណកម្ម​និង​ការសម្របសម្រួល​ផ្នែក​ពាណិជ្ជកម្ម​របស់ខ្លួន​កាន់តែ​ស៊ីជម្រៅ តាមរយៈ​យន្តការ ដូចជា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (ASEAN Economic Community) កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​និង​វឌ្ឍនភាព​សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វ៊ិ​ក (Comprehensive and Progressive Agreement for Trans-Pacific Partnership)​និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​(Belt&Road Initiative)​ជាដើម​។​កាលណា​សម្រេច​បានល្អ​គំនិត​ផ្តួចផ្តើម​ទាំងនេះ​នឹង​កាន់​តែមាន​សារសំខាន់​ថែមទៀត​នៅពេលដែល​បណ្តា​ប្រទេស​ព្យាយាម​បន្ស៊ាំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផ្អែកលើ​ឧស្សាហកម្ម​របស់ខ្លួន ទៅនឹង​ភាព​ប្រឈម​កំពុង​កើតឡើង​ពី​ការប្រើ​បច្ចេកវិទ្យា​និង​ស្វ័យប្រវត្ត​កម្ម​ដើម្បី​កាត់​ចំណាយ​លើ​ពលកម្ម ហើយ​នៅក្នុង​បរិបទ​មួយ​ដែល​បន្ទាត់​ខណ្ឌ​រវាង​ផ្នែក​ផលិតកម្ម​និង​សេវាកម្ម កាន់​តែមាន​ភាពស្រពិចស្រពិល​ជាង​មុន​។
​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ក៏​សំខាន់​ដែរ​សម្រាប់​បណ្តា​ប្រទេស​ក្នុង​តំបន់ នៅពេលដែល​ពួកគេ​ស្វះស្វែង​សម្រួល​ខ្លួន​ទៅតាម​ការប្រែប្រួល​ក្នុងពេល​បច្ចុប្បន្ន​នៅក្នុង​ផ្នែក​ផលិតកម្ម ក្រោម​ឥទ្ធិពល​នៃ​ការវិវត្ត​របស់​បច្ចេក​វិទ្យា​។ ទិដ្ឋភាព​ជាច្រើន​របស់​បរិយាកាស​ផ្នែក​ធុរកិច្ច​ទំនងជា​នឹង​កាន់​តែមាន​សារៈសំខាន់​ជាង​តម្លៃ​ពលកម្ម សម្រាប់​ការកំណត់​ជោគវាសនា​របស់​បណ្តា​ប្រទេស​ដែល​ផ្អែកលើ​វិស័យ​ផលិតកម្ម​។​ដរាបណា​បច្ចេកវិទ្យា​នៅតែ​បន្ត​វិ​វត្ត​ទៅមុខ ចំណេះដឹង​អំពី​លេខ ការចេះ​អាន​និង​សរសេរ និង​ការ​ស្គាល់​បច្ចេកវិទ្យា​ឌីជីថល ជា​ធាតុ​សំខាន់​ចាំបាច់​ជា​សារវន្ត​សម្រាប់​កំណើនសេដ្ឋកិច្ច​។​

​បង្កើន​ប្រសិទ្ធភាព​របស់​សាលារៀន​គឺជា​អាទិភាព​មួយ​នៅក្នុង​ប្រទេស​ជាច្រើន​ក្នុង​តំបន់ ដែលមាន​សិស្ស​ភាគ​ច្រើន​ទៅ​សាលា​មែន​ប៉ុន្តែ​ក៏មាន​ច្រើន​នាក់​ក្នុងចំណោម​នោះ​ដែល​មិន​រៀនសូត្រ​ចេះ​ដែរ​។ ជំហាន​សំខាន់​ដំបូង​គេ​គឺ​រៀបចំ​ស្ថាប័ន​ឱ្យ​ស៊ីចង្វាក់​គ្នា ហើយ​បង្កើត​ប្រព័ន្ធ​រដ្ឋបាល​មាន​សមត្ថភាព​ពេញលេញ​មួយ​ដើម្បី​ធានាឱ្យមាន​លក្ខខណ្ឌ​ជា​មូលដ្ឋាន​សម្រាប់​ការរៀនសូត្រ​ចេះ​។ បន្ថែម​លើ​នេះ ប្រព័ន្ធ​អប់រំ​គួរតែ​ផ្តោតលើ​៖ ការធានា​ឱ្យមាន​សមធ​ម៌​ក្នុងការ​ចាយវាយ​លើក​ការអប់រំ​កម្រិត​បឋមសិក្សា ការត្រៀម​លក្ខណៈ​សិស្ស​សម្រាប់​ការរៀនសូត្រ​ចាប់ផ្តើម​ពី​កម្រិត​ម​ត្តេ​យ្យ បង្កើន​ការសម្រិតសម្រាំង​ក្នុងការ​ជ្រើសរើស​និង​បៀវត្សរ៍​សម្រាប់​អ្នក​ដែល​ចង់​ក្លាយ​ខ្លួន​​ជា​គ្រូបង្រៀន​អាជីព និង​ប្រើប្រាស់​ការវាយតម្លៃ​ជា​លក្ខណៈ​ប្រព័ន្ធ​ដើម្បី​ផ្តល់ព័ត៌មាន​បំពេញតម្រូវការ​នៃ​ការ​រៀបចំ​កម្មវិធី​បង្រៀន​។

​ដើម្បី​ធានា​ឱ្យបាន​ថា​ពលរដ្ឋ​ដែល​ខ្វះ​សន្តិសុខ​ផ្នែក​សេដ្ឋកិច្ច​មិនត្រូវ​បាន​គេ​រំលង​ចោល​ឱ្យនៅ​ខាងក្រោយ​ទេ គន្លឹះ​​​សំខាន់​គឺ​ត្រូវ​ពង្រឹង​ការ​គាំពារ​ផ្នែក​សង្គម​និង​កម្មវិធី​ធានារ៉ាប់រង​និង​បង្កើន​ភាព​រឹងប៉ឹង​ស្វិតស្វាញ​របស់​ពលរដ្ឋ​ចំពោះមុខ​សភាពការណ៍​វិបត្តិ​សេដ្ឋកិច្ច​នានា​។​ភាព​រឹងប៉ឹង​ស្វិតស្វាញ​ផ្នែក​សេដ្ឋកិច្ច​មាន​សារៈសំខាន់​ជាពិសេស​សម្រាប់​បណ្តា​ប្រទេស​នៅ​កោះ​ប៉ា​ស៊ី​ហ្វ៊ិ​ក​ដែល​អាចជួយ​ឱ្យមាន​ភាពរឹងមាំ​បាន​តាមរយៈ​ការបង្កើន​មូលនិធិ​អធិបតេយ្យ​បម្រុង​របស់​រដ្ឋ និង​ការបង្កើន​លទ្ធភាព​ទទួល​បាន​សេវា​អន្តោប្រវេសន៍​បណ្តោះអាសន្ន​៕មន