ធនាគារពិភពលោក៖សង្រ្គាមពាណិជ្ជកម្មមួយជាការប្រឈមសំរាប់អាស៊ីអាគ្នេយ៍ដែលផ្តោតលើការនាំចេញ

3191
ចែករម្លែក

ធនាគារពិភពលោកបានព្រមានថា សង្រ្គាមពាណិជ្ជកម្មណាមួយរវាងសហរដ្ឋអាមេរិកនិងចិននឹងធ្វើអោយប៉ះពាល់សេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ ដោយសារតែតំបន់នេះពឹងលើការនាំចេញដើម្បីកំណើន។

បណ្ឌិត ស៊ុតហៀរ សេតធី ប្រធានសេដ្ឋកិច្ចរបស់ធនាគារនេះប្រចាំអាស៊ីខាងកើតនិងប៉ាស៊ីហ្វិក បានប្រាប់អ្នកយកព័ត៌មាននៅក្រុងហ្សាការតាកាលពីថ្ងៃព្រហស្បតិ៍ទី១២មេសាថា ប្រទេសជាច្រើននៅក្នុងតំបន់នឹងរងឥទ្ធិពល«ប៉ះពីមួយទៅមួយ»ដោយសារតែការដំឡើងពន្ធព្រោះវាពាក់ព័ន្ធនឹងបណ្តាញផ្គត់ផ្គង់ដែលចិញ្ចឹមនីហរណចិន។

លោកបានបន្តថា« ជោគជ័យរបស់តំបន់នេះអាស្រ័យលើពាណិជ្ជកម្មបើកចំហ វាផ្អែកលើការអភិវឌ្ឍន៍នៃបណ្តាញតំលៃទាំងនេះ ដែលជាងមួយទសវត្សរ៍កន្លងមកបានផ្តោតលើចិនកាន់តែខ្លាំងឡើង។ទំនិញនៃប្រទេសទាំងនេះ ទោះជាវាត្រូវបានផលិតនិងដំឡើងហើយនាំចេញដូចផលិតផលចិន តែគឺជាលទ្ធផលនៃបណ្តាញតំលៃមួយដែលសន្ធឹងពាសពេញតំបន់ ជាពិសេសនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំៗនៅអាស៊ីអាគ្នេយ៍»។

សូមបញ្ជាក់ថា ប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីរលើលោកបានគំរាមវាយពន្ធលើទំនិញផងគ្នាទៅវិញទៅមក ជាហេតុនាំអោយមានការបារម្ភអំពីការផ្ទុះសង្រ្គាមពាណិជ្ជកម្មមួយ ដោយធ្វើអោយស្រអាប់ទស្សនវិស័យអំពីពាណិជ្ជកម្មនិងកំណើនរបស់ពិភពលោក។

លោកសេតធី បាននិយាយថា ផលពីការយកពន្ធនេះនឹងប៉ះពាល់ធ្ងន់បំផុតលើចិននិងអាមេរិក ហើយកំណើននៅក្នុងប្រទេសអភិវឌ្ឍន៍ រួមមានអាមេរិក អាចនឹងយឺតទៅ។នីហរណហាក់មានបញ្ហារួចបាត់ទៅហើយនៅក្នុងប្រទេសខ្លះដោយការដឹកជញ្ជូនចេញបានធ្លាក់ចុះនៅម៉ាឡេស៊ីនិងហ្វីលីពីនកាលពីខែកុម្ភៈបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕ដោយ៖វាសនា

ការនាំចេញអង្ករនៅវៀតណាម។ពួកអ្នកវិភាគព្រមានថា សង្រ្គាមពាណិជ្ជកម្មមួយរវាងចិននិងអាមេរិក នឹងបង្កផលមិនល្អនៅអាស៊ីអាគ្នេយ៍