ធនាគារពិភពលោក​ទ​ម្លា​ក់​ការព្យាករណ៍​អំពី​កំណើនសេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ​២០១៩

289
ចែករម្លែក

​ធនាគារពិភពលោក​កំពុង​ទម្លាក់​ការព្យាករណ៍​របស់ខ្លួន​សម្រាប់​កំណើនសេដ្ឋកិច្ច​សកលលោក​នៅ​ឆ្នាំនេះ​ដោយ​លើកឡើង​ពី​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ខ្លាំង​ឡើង សកម្មភាព​ផលិតកម្ម​ចុះខ្សោយ និង​ភាព​តានតឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​បណ្តា​ប្រទេស​ទីផ្សារ​កំពុង​រីកចម្រើន​។​

​នៅក្នុង​របាយការណ៍​មួយ​ដែលមាន​ចំណងជើង​ថា “Darkening Skies” (​ផ្ទៃមេឃ​ងងឹត​) ទីភ្នាក់ងារ​ប្រឆាំង​ភាពក្រីក្រ​នេះ​បានឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ​ទី​៨​មករា​ថា ខ្លួន​រំពឹងថា​សេដ្ឋកិច្ចពិភពលោក​នឹង​កើនឡើង ២,៩ ភាគរយ​ក្នុង​ឆ្នាំ ២០១៩ ពោលគឺ​ធ្លាក់ចុះ​ពី ៣ ភាគរយ​ដែល​បាន​ព្យាករណ៍​កាលពី​ខែមិថុនា​។ វា​នឹង​ជា​ឆ្នាំ​ទី ២ នៃ​កំណើន​លូតលាស់​យឺតយ៉ាវ​។ សេដ្ឋកិច្ច​សកល​បាន​កើនឡើង ៣ ភាគរយ​កាលពី​ឆ្នាំមុន និង ៣,១ ភាគរយ​ក្នុង​ឆ្នាំ ២០១៧​។​

​លោក អាយ​ហាន ខូ​ស (Ayhan Kose) សេដ្ឋវិទូ​ប្រចាំ​ធនាគារពិភពលោក​ដែលជា​អ្នករ៉ាប់រង​លើ​ការព្យាករណ៍​បានឱ្យដឹង​ក្នុង​បទសម្ភាសន៍​មួយ​ថា “​កំណើនសេដ្ឋកិច្ច​សកល​លោក​កំពុង​ធ្លាក់ចុះ ហើយ​ហានិភ័យ​កំពុង​កើនឡើង​។ ក្នុង​ឆ្នាំ ២០១៧ សេដ្ឋកិច្ចពិភពលោក​មា​ន​ការរីកចម្រើន​គ្រប់​វិស័យ​ទាំងអស់ ហើយ​ក្នុង​ឆ្នាំ ២០១៨ ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​នានា​នឹង​ចាប់ផ្តើម​ឈប់​ដំណើរការ​”​។​

​ធនាគារ​នេះ​បាន​រក្សាទុក​ការព្យាករណ៍​របស់ខ្លួន​មិន​ផ្លាស់ប្តូរ​សម្រាប់​សេដ្ឋកិច្ច​អាមេរិក​គឺ ២,៥ ភាគរយ​នៅ​ឆ្នាំនេះ ពោលគឺ​ធ្លាក់ចុះ​ពី ២,៩ ភាគរយ​ក្នុង​ឆ្នាំ ២០១៨​។ ធនាគារ​បាន​ព្យាករណ៍​ថា​កំណើនសេដ្ឋកិច្ច​នឹង​កើនឡើង ១,៦ ភាគរយ​សម្រាប់​ប្រទេស​ចំនួន ១៩ ដែល​ប្រើ​រូបិយ​បណ្ណ​អឺរ៉ូ គឺ​ធ្លាក់ចុះ​ពី ១,៩ ភាគរយ​កាលពី​ឆ្នាំមុន និង​កំណើន ៦,២​ភាគរយ​សម្រាប់​ចិន ដែលជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី ២ លើ​ពិភពលោក ធៀប​នឹង ៦,៥ ភាគរយ​ក្នុង​ឆ្នាំ ២០១៨​។​

​ធនាគារ​នេះ​បាន​បង្កើន​ការរំពឹងទុក​សម្រាប់​សេដ្ឋ​កិច្ច​របស់​ជប៉ុន​ដោយ​ព្យាករណ៍​ថា​កំណើនសេដ្ឋកិច្ច​របស់​ជ​ប៉ុន​នឹង​កើនឡើង ០,៩ ភាគរយ ពោលគឺ​ឡើង​ពី ០,៨ ភាគរយ​ក្នុង​ឆ្នាំ ២០១៨៕ ដោយ៖ កញ្ញាដាលីស

កម្មករ​ចិន​កំពុង​សម្រាក​នៅ​ការដ្ឋាន​សាងសង់​មួយ​នៅ​ប៉េកាំង​កាលពី​ថ្ងៃទី ២៦ មិថុនា ២០១៨